អេហ្ស៊ីប ជាក្រុមទី៣ ចេញពីទ្វីបអាហ្រ្វិក ដណ្តើមបានកៅអីទៅលេង World Cup 2026

09-10-2025 09:21

(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអេហ្ស៊ីប បានរួមដំណើរជាមួយម៉ារ៉ុក និងទុយនេស៊ី ដើម្បីលេងតំណាងទ្វីបអាហ្រ្វិក (CAF) នៅព្រឹត្តិការណ៍ World Cup នាឆ្នាំក្រោយនេះនៅប្រទេសអាមេរិក មិចស៊ិក និងកាណាដា។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

នេះក៏ជាលើកទី៤ ផងដែរសម្រាប់ពួកគេ បានដែលឆ្លងចូលជុំចុងក្រោយ នៃកម្មវិធី ៤ឆ្នាំម្តង នាឆ្នាំ១៩៣៤ ១៩៩០ និងចុងក្រោយឆ្នាំ២០១៨ ដោយបានអវត្តមាននៅប្រទេសកាតាកាលឆ្នាំ២០២២ ដែលអាហ្សង់ទីនជាជើងឯក។

អេហ្ស៊ីប ដោយមានខ្សែប្រយុទ្ធស្នូល Mohamed Salah ដែលកំពុងប្រកបអាជីពបាល់ទាត់ក្នុងក្លឹប Liverpool នោះ បានបំបាក់ម្ចាស់ផ្ទះ Djibouti ដោយលទ្ធផល ៣-០ នៅពីមុខអ្នកទស្សនាផ្ទាល់ក្នុងកីឡដ្ឋានតែ ១,២០០នាក់ប៉ុណ្ណោះ ដើម្បីឈរទីកំពូលប្រចាំពូល A ដ្បិតនៅសល់ ១ប្រកួតទៀតក៏ដោយ។

ក្នុងជំនួបនោះដែរ ប្រធានក្រុម Salah ធ្វើបាន ២គ្រាប់ម្នាក់ឯង និងកើនបាន ៩គ្រាប់ច្រើនជាងគេផងដែរនៃវគ្គជម្រុះ World Cup 2026 ជំនាន់ទី២៣ ប្រចាំតំបន់អាហ្វ្រិក តាមពីក្រោយដោយកីឡាករ Denis Bouanga របស់កាបុង។

គួរជម្រាបផងថា សម្រាប់ World Cup ក្រោមទម្រង់ថ្មីដែលកើនដល់ ៤៨ក្រុម (ប្រទេស) សហព័ន្ធ FIFA បានផ្តល់ ៩កៅអីកន្លះចំពោះអាហ្រ្វិក ខណៈតំបន់នេះទើបទទួលបានសិទ្ធិធ្វើម្ចាស់ផ្ទះកម្មវិធីនេះតែ ១លើកប៉ុណ្ណោះកាលឆ្នាំ២០១០ នៅក្នុងប្រទេសអាហ្រ្វិកខាងត្បូង ពេលអេស្ប៉ាញជាម្ចាស់ជើងឯក៕