* Binance ប្រឈមការដកប្រាក់ ៣,៦៤ ពាន់លានដុល្លារ ក្រោយរងការលួចទ្រព្យសកម្មដ៏ធំ
* កម្ពុជា ឈ្នះមេដាយ ៤៦គ្រឿងពីជើងឯកហែលទឹកពាក់ជើងទាអាស៊ីអាគ្នេយ៍ ជាលទ្ធផលដ៏ភ្ញាក់ផ្អើល និងមោទនភាព
* យល់ដឹងផ្នែកច្បាប់៖ បទលួចរត់
* ក្រសួងពាណិជ្ជកម្ម ជូនដំណឹងពីថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ សម្រាប់ការអនុវត្តចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦
* Foxconn គ្រោងចាប់ដៃជាមួយ OpenAI ខណៈប្រធានក្រុមហ៊ុនជឿថា វិស័យ AI មិនមែនជា AI bubble ទេ

Honda ជួបវិបត្តិធំ! វៀតណាមបង្ខំឱ្យប្ដូរទៅម៉ូតូអគ្គិសនីលឿនពេក ធ្វើឱ្យការលក់ម៉ូតូសាំងធ្លាក់ចុះ

09-10-2025 10:16

(បរទេស)៖ ក្រុមហ៊ុន Honda ដែលជាក្រុមហ៊ុនត្រួតត្រាទីផ្សារម៉ូតូដ៏ធំបំផុតនៅវៀតណាម កំពុងប្រឈមនឹងការរង្គោះរង្គើខ្លាំង បន្ទាប់ពីរដ្ឋាភិបាលទីក្រុងហាណូយចេញសេចក្តីណែនាំបង្ខំឱ្យមានការផ្លាស់ប្តូរយ៉ាងលឿនទៅរកការប្រើប្រាស់ យានយន្តអគ្គិសនី (EV) ដើម្បីដោះស្រាយបញ្ហាខ្យល់ពុល។ វិធានការថ្មីនេះរួមមានការ ហាមឃាត់ មិនឱ្យម៉ូតូប្រើប្រេងឥន្ធនៈធ្វើចរាចរណ៍នៅកណ្តាលទីក្រុងហាណូយនាពេលឆាប់ៗនេះ ហើយនឹងពង្រីកវិសាលភាពនៃការហាមឃាត់កាន់តែធំនៅឆ្នាំ ២០២៨។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥។

ការសម្រេចចិត្តយ៉ាងគំហុករបស់រដ្ឋាភិបាលនេះ បានធ្វើឱ្យក្រុមហ៊ុន Honda និងក្រុមហ៊ុនផលិតម៉ូតូផ្សេងទៀត បានសម្តែងការមិនពេញចិត្ត និងបានចេញលិខិតតវ៉ាដោយអះអាងថា ការផ្លាស់ប្តូរនេះលឿនពេក។ ជាលទ្ធផល ត្រឹមតែមួយខែបន្ទាប់ពីការប្រកាសហាមឃាត់នេះ ការលក់ម៉ូតូរបស់ Honda ក្នុងខែសីហាបាន ធ្លាក់ចុះជិត ២២% បើធៀបនឹងខែកក្កដា។ គោលនយោបាយថ្មីនេះមិនត្រឹមតែគាំទ្រដល់ក្រុមហ៊ុនក្នុងស្រុក VinFast ប៉ុណ្ណោះទេ ថែមទាំងបានផ្លាស់ប្តូរផ្នត់គំនិតអ្នកប្រើប្រាស់ទៀតផង។

យោងតាមការស្ទង់មតិបានរកឃើញថា អ្នករស់នៅទីក្រុងធំៗប្រមាណ ៥៤% បានបង្ហាញបំណងចង់ជ្រើសរើសម៉ូតូអគ្គិសនីសម្រាប់ការទិញលើកក្រោយ ដោយលើកហេតុផលថា ដោយសារតែការជំរុញរបស់រដ្ឋាភិបាល។

គួរជម្រាបថា បើទោះបីជា Honda បានត្រួតត្រាទីផ្សារវៀតណាមជាង ៨០% នៃការលក់ម៉ូតូសរុបកាលពីឆ្នាំមុនក៏ដោយ ក៏អ្នកជំនាញទីផ្សារពីក្រុមហ៊ុន Asia Plus បានលើកឡើងថា ការគាំទ្រគោលនយោបាយយ៉ាងឆាប់រហ័សនេះ អាចជំរុញឱ្យទីផ្សារផ្លាស់ប្តូរកាន់តែលឿនជាងអ្វីដែលក្រុមហ៊ុនផលិតម៉ូតូប្រពៃណីបានប៉ាន់ស្មានទុក។ ដូច្នេះហើយ Honda ត្រូវតែបង្កើនការផលិត និងលក់ម៉ូតូអគ្គិសនីរបស់ខ្លួនឱ្យបានលឿន ដើម្បីរក្សាជំហររបស់ខ្លួននៅក្នុងទីផ្សារម៉ូតូដ៏ធំរបស់វៀតណាម។ បើមិនដូច្នោះទេ ក្រុមហ៊ុនអាចនឹងបាត់បង់ចំណែកទីផ្សារយ៉ាងធំទៅឱ្យក្រុមហ៊ុនដែលឆ្លើយតបលឿនទៅនឹងចក្ខុវិស័យរបស់រដ្ឋាភិបាលវៀតណាមស្តីពីយានយន្តអគ្គិសនី៕