ម្ចាស់ក្លឹប Man Utd ចេញមកបញ្ជាក់ច្បាស់ៗថា Amorim ត្រូវការរយៈពេល ៣ឆ្នាំ ដើម្បីដឹកនាំ

09-10-2025 10:19

(មេនឆេស្ទើ)៖ មហាសេដ្ឋីអង់គ្លេស Sir Jim Ratcliffe ដែលជាម្ចាស់ក្លឹបបាល់ទាត់ Manchester United បាននិយាយថា អ្នកចាត់ការទូទៅបច្ចុប្បន្ន លោក Ruben Amorim ត្រូវការរយៈពេល ៣ឆ្នាំ ដើម្បីបញ្ជាក់ថា លោកពិតជាគ្រូបង្វឹកដ៏អស្ចារ្យម្ចាក់។

Amorim នឹងគម្រប់ខួប ១ឆ្នាំ ដែលបានធ្វើការនៅកីឡដ្ឋាន Old Trafford នាអំឡុងខែវិច្ឆិកាខាងមុខ គិតចាប់តាំងពីគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះចូលមកដឹកនាំ Man Utd ចំពេលក្លឹបនេះ កំពុងស្ថិតក្នុងភាពត្រដាបត្រដួស។

រូបលោកបានចូលដឹកនាំបិសាចក្រហមតពីលោក Erik ten Hag ដោយបាននាំ United បញ្ចប់ក្នុងចំណាត់ថ្នាក់លេខរៀងទី១៥ នៅ Premier League ក្នុងចំណោម ២០ក្លឹប ដែលជារដូវកាលដ៏អន់បំផុតសម្រាប់ពួកគេ គិតចាប់តាំងពីរដូវកាល ១៩៧៣-៧៤ ដែលត្រូវបានកាត់ចេញពីលីគអង់គ្លេសមួយនេះ។

ទាក់ទិននឹងបញ្ហានេះ លោក Ratcliffe បានថ្លែងក្នុងកិច្ចសម្ភាសន៍ The Business podcast ថា «បច្ចុប្បន្ន យើងមិនអាចនិយាយបានថា គាត់ជាគ្រូល្អនៅឡើយទេ។ Amorim ត្រូវការរយៈពេលបន្ថែមទៀត ដើម្បីដោះស្រាយរឿងជាច្រើន។ គាត់មិនទាន់មានរដូវកាលដ៏ល្អបំផុតនៅឡើយទេ។ យ៉ាងហោចណាស់ក៏រយៈពេល ៣ឆ្នាំដែរ ដើម្បីសម្របខ្លួន ក៏ដូចជាបង្ហាញពីសក្តានុពលរបស់គាត់ ថាជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់»

លោកទទូចថា សូមបន្តការអត់ធ្មត់ និងបានឆ្លើយសំណួរថា តើលោក Amorim អាចនឹងត្រូវបានដកតំណែងទេ លោក Ratcliffe ថា «រឿងនោះ នឹងមិនអាចកើតឡើងទេ»