iPhone អេក្រង់បត់អាចនឹងមានវត្តមាននៅឆ្នាំក្រោយ ដោយផលិតឡើងពីទីតាញ៉ូម និងអាលុយមីញ៉ូម
09-10-2025 10:43
(បរទេស)៖ ខណៈដែលទីផ្សារស្មាតហ្វូនអេក្រង់បត់កំពុងតែផ្ទុះខ្លាំងដោយមានក្រុមហ៊ុនផលិតស្មាតហ្វូនធំៗជាច្រើនបាននិងកំពុងតែប្រជែងទីផ្សារគ្នានោះ គេសង្កេតឃើញថា Apple ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់កំពូលបែរជានៅស្ងៀមមិនចាប់អារម្មណ៍នឹងស្មាតហ្វូនអេក្រង់បត់នេះទាល់តែសោះ។

មានមតិជាច្រើនបានលើកឡើងផ្សេងគ្នាអំពីភាពស្ងប់ស្ងាត់របស់ Apple ដោយអ្នកខ្លះបាននិយាយថា Apple មិនចង់ឈានជើងចូលទីផ្សារមួយនេះ អ្នកខ្លះទៀតថា Apple សំងំផលិត iPhone អេក្រង់បត់ដែលអស្ចារ្យ ចេញយឺតប៉ុន្តែពោរពេញដោយគុណភាព។ ដោយឡែកថ្មីៗនេះ មានព័ត៌មានជាច្រើនបានទម្លាយមកថា នៅឆ្នាំក្រោយនេះ Apple នឹងប្រកាសចេញទូរស័ព្ទ iPhone បត់បានដំបូងរបស់ខ្លួន ដែលយើងហៅថា «iPhone Fold» ជាឈ្មោះ ងាយស្រួលហៅ និងចងចាំ។
យោងតាមកំណត់សម្គាល់ថ្មីរបស់អ្នកវិនិយោគ Jeff Pu ដែលជាប្រភពព័ត៌មាន Apple ដ៏ល្បីល្បាញមួយរូប បានឱ្យដឹងថា iPhone Fold នឹងប្រើការរួមបញ្ចូលគ្នារវាងទីតាញ៉ូម (titanium) និង អាលុយមីញ៉ូម (aluminum) នៅក្នុងតួរបស់វា (frame)។
នេះជារឿងគួរឲ្យចាប់អារម្មណ៍ព្រោះថា iPhone ម៉ូដែល Pro ធ្លាប់បានប្តូរពីដែកអ៊ីណុក (stainless steel) ទៅជាទីតាញ៉ូមកាលពីមួយរយៈមុន ហើយបន្ទាប់មក ឆ្នាំនេះក្នុងម៉ូដែល iPhone 17 Pro និង Pro Max ក៏បានប្តូរទៅប្រើអាលុយមីញ៉ូមវិញ។
ពាក្យចចាមអារ៉ាមមុននេះដោយលោក Ming-Chi Kuo ដែលជាអ្នកវិភាគម្នាក់ទៀតមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយខ្សែសង្វាក់ផ្គត់ផ្គង់របស់ Apple នៅអាស៊ី បានអះអាងថា តួរបស់ iPhone Fold នឹងត្រូវបានផលិតឡើងទាំងស្រុងពីទីតាញ៉ូម ខណៈដែលមួយចំនួនទៀតនឹងប្រើទាំងទីតាញ៉ូម និងអាលុយមីញ៉ូម។ តើអ្នកទាំងពីរនេះ អាចយល់ខុសគ្នា ឬ Apple បានផ្លាស់ប្តូរការសម្រេចចិត្តរបស់ខ្លួននៅពេលនោះ?
iPhone Fold ត្រូវបានគេរំពឹងថានឹងមានអេក្រង់ខាងក្រៅទំហំ 5.5 អ៊ីញ និងអេក្រង់បត់ទំហំ 7.8 អ៊ីញ។ គេសង្ស័យថា វានឹងអត់មានមុខងារ Face ID ទេ ហើយនឹងប្រើ Touch ID វិញ។ ប្រព័ន្ធប្រតិបត្តិការ iOS 27 ដែលនឹងចេញនៅឆ្នាំក្រោយ ត្រូវបានគេនិយាយថានឹងផ្តោតសំខាន់លើការបន្ថែមលក្ខណៈពិសេសថ្មីៗសម្រាប់តែទម្រង់ពិសេស (ប្លែកពី iPhone ផ្សេងទៀត) របស់ iPhone Fold៕