ធនាគារ «វីង» និងក្រសួងកសិកម្ម សហការផ្តល់ហិរញ្ញប្បទានអាកាសធាតុឆ្លាតវៃ សម្រាប់វិស័យកសិកម្ម

09-10-2025 10:59

(ភ្នំពេញ)៖ ឥឡូវនេះសហគមន៍ ក៏ដូចជាធុរជនកសិកម្ម អាចស្នើកម្ចីពីធនាគារ វីង រហូតដល់ ២០០.០០០ ដុល្លារអាមេរិក ដោយមិនចាំបាច់មានទ្រព្យធានា ថែមទាំងមិនគិតកម្រៃសេវាអនុម័តកម្ចីទៀតផង។ ធនាគារ វីង បានសហការជាមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដាក់ចេញនូវគំនិតផ្តួចផ្តើមហិរញ្ញប្បទានថ្មីមួយ ដើម្បីជួយដល់សហគមន៍កសិកម្មនៅក្នុងប្រទេសកម្ពុជា ឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការវិនិយោគលើបច្ចេកវិទ្យាឆ្លាតវៃធន់នឹងអាកាសធាតុ។

ពិធីចុះហត្ថលេខានេះបានប្រព្រឹត្តិទៅក្រោមវត្តមានលោកបណ្ឌិត មាស ពិសិដ្ឋ នាយកគម្រោង និងជារដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក Frew Behabtu តំណាង IFAD និងជានាយក IFAD ប្រចាំប្រទេសកម្ពុជា, លោកបណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង ព្រមទាំងវត្តមានដៃគូសហការ និងភ្ញៀវកិត្តិយសជាច្រើនទៀត។
កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ មានគោលបំណងពង្រឹងភាពធន់របស់កសិករ សហគមន៍កសិកម្ម និងអាជីវកម្មកសិកម្ម ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ព្រមទាំងបង្កើនផលិតភាព ហើយធានាបាននូវនិរន្តរភាពយូរអង្វែងសម្រាប់វិស័យកសិកម្មដែលជាខឿនទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ។

លោកបណ្ឌិត Dmytro Kolechko អគ្គនាយកធនាគារ វីង បានលើកឡើងថា «ដោយសារតែការប្រែប្រួលអាកាសធាតុជាបញ្ហាប្រឈមសកលដ៏ធំមួយនាពេលបច្ចុប្បន្ននេះ យើងត្រូវតែផ្តល់នូវលទ្ធភាព និងបច្ចេកវិទ្យាដល់សហគមន៍របស់យើង ដើម្បីឱ្យពួកគាត់អាចរីកចម្រើនប្រកបដោយនិរន្តរភាព លើកកម្ពស់ជីវភាពរស់នៅ ក៏ដូចជាកសាងនូវភាពធន់យូរអង្វែងនៅក្នុងសហគមន៍របស់យើង»។

តាមរយៈកិច្ចសហការនេះ សហគមន៍ និងអាជីវកម្មកសិកម្មដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់អាចស្នើកម្ចីពីធនាគារ វីង រហូតដល់ ២០០.០០០ ដុល្លារអាមេរិក ដើម្បីទិញនូវឧបករណ៍ដែលចាំបាច់ដូចជា៖ ប្រព័ន្ធធារាសាស្រ្តឆ្លាតវៃ, ផ្ទះសំណាញ់, ប្រព័ន្ធគ្រប់គ្រងទឹកដែលមានប្រសិទ្ធភាព, ការប្រើប្រាស់ថាមពលកកើតឡើងវិញ និងការប្រើប្រាស់បច្ចេកទេសកសិកម្មទំនើបជាដើម។ ការបំពាក់បច្ចេកវិទ្យាប្រកបដោយភាពច្នៃប្រឌិតទាំងនេះ នឹងជួយឱ្យកសិករសម្របខ្លួនទៅនឹងលក្ខខណ្ឌអាកាសធាតុ បង្កើនទិន្នផលដំណាំ និងធានាបាននូវប្រាក់ចំណូលកាន់តែមានស្ថិរភាពទៀតផង។

ក្នុងន័យលើកកម្ពស់និរន្តរភាពហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ធនាគារ វីង នឹងផ្ដល់កម្ចីចំនួន ៣លានដុល្លារអាមេរិកដើម្បីគាំទ្រគំនិតផ្តួចផ្តើមនេះ ដោយផ្តល់ជូននូវអត្រាការប្រាក់សមរម្យត្រឹមតែ ៨,៥% ក្នុងមួយឆ្នាំ ជាមួយនឹងលក្ខខណ្ឌសងត្រលប់រយៈពេលរហូតដល់ ៤២ខែ ហើយមិនចាំបាច់មានទ្រព្យធានា និងមិនគិតកម្រៃសេវាអនុម័តកម្ចីទៀតផង ដែលគម្រោងហិរញ្ញប្បទាននេះ នឹងត្រូវអនុវត្តមុនគេក្នុងខេត្តចំនួន៥ រួមមាន ខេត្តបាត់ដំបង, កំពង់ឆ្នាំង, កំពង់ធំ, ខេត្តព្រៃវែង និងខេត្តតាកែវ។
កិច្ចសហការនេះគឺជាសមិទ្ធផលដ៏សំខាន់មួយទៀត ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តវែងឆ្ងាយរបស់ធនាគារ វីង ចំពោះហិរញ្ញប្បទានអាកាសធាតុឆ្លាតវៃ
ដោយធានាថាសហគមន៍កសិកម្មនៅកម្ពុជា មានលទ្ធភាពទទួលបានដំណោះស្រាយហិរញ្ញវត្ថុដែលសមស្របអាចអនុវត្តបាន និងប្រកបដោយនិរន្តរភាព។ តាមរយៈការផ្តល់លទ្ធភាពដល់សហគមន៍កសិករឱ្យប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃធន់នឹងអាកាសធាតុ គំនិតផ្តួចផ្តើមនេះមានគោលបំណងមិនត្រឹមតែលើកកម្ពស់ជីវភាពរស់នៅរបស់កសិករប៉ុណ្ណោះទេ តែក៏ជាការយកចិត្តទុកដាក់ចំពោះបរិស្ថាន ព្រមទាំងពង្រឹងកំណើនសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំទៀតផង។

សារសំខាន់នៃកិច្ចខិតខំប្រឹងប្រែងបែបនេះ ត្រូវបានរំលេចនៅក្នុងការសិក្សាស្រាវជ្រាវរួមគ្នាមួយ ដែលបានចេញផ្សាយក្នុងខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ដោយគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ សម្រាប់តំបន់អាស៊ី និងប៉ាស៊ីហ្វិក (ESCAP) និងនិយ័តករមូលបត្រកម្ពុជា (SERC)។ ការសិក្សានេះបានបង្ហាញថា ប្រជាជនកម្ពុជាជាង ២,៥ លាននាក់ បានរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ខណៈដែលគ្រោះទឹកជំនន់នៅក្នុងឆ្នាំ ២០២២ បានបណ្តាលឱ្យ ៥.០០០ គ្រួសារនៅទូទាំង ១៤ ខេត្ត ត្រូវបានជម្លៀសចេញពីទីលំនៅ។ ជាងនេះទៅទៀត នៅចន្លោះឆ្នាំ២០១០ ដល់២០២៣ ការបំភាយឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជាបានកើនឡើងជិត ៥០ ភាគរយ ដោយវិស័យកសិកម្មនៅតែជាអ្នករួមចំណែកធំបំផុត បន្ទាប់មកគឺវិស័យដឹកជញ្ជូន និងការផលិតថាមពល។

កិច្ចសហការរវាងធនាគារ វីង ជាមួយក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ គឺស្របគ្នាទៅនឹងផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា ដំណាក់កាលទី៣ ដោយបានដាក់ចេញគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ៥៥ ភាគរយ នៅត្រឹមឆ្នាំ២០៣៥។ ដើម្បីសម្រេចផែនការនេះ គឺតម្រូវឱ្យមានការវិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ៣២,២ ពាន់លានដុល្លារអាមេរិកចាប់ពីឆ្នាំ ២០២៦ ដល់ឆ្នាំ២០៣៥ ដែលនេះបានគូសបញ្ជាក់អំពីសារសំខាន់នៃគំនិតផ្តួចផ្តើមនេះ ក្នុងការផ្តល់ហិរញ្ញប្បទានសម្រាប់ភាពធន់នឹងអាកាសធាតុ ក៏ដូចជាកសាងអនាគតបៃតងដ៏ត្រចះត្រចង់។ កសិករ ក៏ដូចជាម្ចាស់អាជីវកម្មកសិកម្មដែលត្រូវការកម្ចីនៃកម្មវិធីនេះ សូមទាក់ទងទៅអង្គភាពគាំទ្រគម្រោងនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឬអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយ ឬទាក់ទងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការធនាគារ វីង WingBankKH៕