ក្រុមហ៊ុនស៊ុយអែត «Einride» បើកដំណើរការរថយន្តដឹកទំនិញអគ្គិសនីបើកបរដោយខ្លួនឯង ជាលើកដំបូងនៅអឺរ៉ុប
09-10-2025 11:03
(បរទេស)៖ ក្រុមហ៊ុន Einride របស់ប្រទេសស៊ុយអែត បានប្រកាសថា ខ្លួនបានដាក់ឲ្យដំណើរការជាសាធារណៈនូវរថយន្តដឹកទំនិញអគ្គិសនីបើកបរដោយខ្លួនឯង (គ្មានអ្នកបើកបរ) ជាលើកដំបូងនៅអឺរ៉ុប ពោលគឺរថយន្តប្រភេទនេះកំពុងចរាចរណ៍លើផ្លូវសាធារណៈក្នុងប្រទេសបែលហ្ស៊ិក។ កន្លែងប្រើប្រាស់គឺនៅច្រកសមុទ្រ Antwerp‑Bruges ដែលជាទីតាំងចែកចាយនិងដឹកជញ្ជូនដ៏សំខាន់មួយនៅអឺរ៉ុប។

រថយន្តនេះគឺជាម៉ូដែល Level 4 Autonomous មានន័យថា វាអាចបើកបរបានដោយឯករាជ្យក្នុងលក្ខខណ្ឌជាក់លាក់ ដោយមិនចាំបាច់មានអ្នកបើកបរជាមនុស្សនៅមើលការខុសត្រូវ។ វាត្រូវបានត្រួតពិនិត្យពីចម្ងាយ តាមរយៈ «Control Tower»។ រថយន្តនេះមានប្រព័ន្ធសម្ងាត់កម្រិតខ្ពស់ ដូចជា LiDAR, Radar និងកាមេរ៉ា ដើម្បីផ្តល់ទិដ្ឋភាពជុំវិញ 360ដឺក្រេ ខណៈការសាកល្បងនេះធ្វើឡើងក្រោមការអនុញ្ញាតជាផ្លូវការពីអាជ្ញាធរនៃប្រទេសបែលហ្ស៊ិករួចរាល់ហើយ។
ទោះបីជានេះជាជំហានដ៏សំខាន់មួយ ក៏ការបើកដំណើរការនេះនៅតែស្ថិតក្រោមការត្រួតពិនិត្យ និងសាកល្បង ដោយមិនទាន់ក្លាយជាសេវាដឹកជញ្ជូនពេញលេញនៅទូទាំងប្រទេសឡើយ។ ផ្លូវសាធារណៈដែលរថយន្តធ្វើដំណើរក៏ស្ថិតនៅក្នុងតំបន់កំពង់ផែ ដែលមានការគ្រប់គ្រងប្រសើរជាងផ្លូវជនបទ ឬទីក្រុងធំៗ។ ម្ចាស់គម្រោងអះអាងថា រថយន្តនេះនឹងជួយកាត់បន្ថយការប្រើប្រាស់សាំង, បន្ថយការបញ្ចេញឧស្ម័ន និងកាត់បន្ថយកម្លាំងមនុស្ស៕