Kane របួសកជើង អវត្តមានពេលអង់គ្លេស ប៉ះវ៉េលរាត្រីនេះ ក្នុងមិត្តភាពអន្តរជាតិ
09-10-2025 13:50
(ឡុងដ៍)៖ តារាជើងស៊ុត Harry Kane នឹងខកខានប្រកួតពេលតោកំណាចអង់គ្លេស ពើបប្រទះក្រុមជម្រើសជាតិវ៉េល នៃជំនួបមិត្តភាពអន្តរជាតិនាថ្ងៃព្រហស្បតិ៍នេះ ដោយសារបញ្ហារបួសកជើងតិចតួច។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ប្រធានក្រុមវ័យ ៣២ឆ្នាំរូបនេះ បានខកខានហ្វឹកហាត់ជុំគ្នា ដោយសារតែមានរបួសកាលពីអំឡុងជួយក្លឹប Bayern Munich បំបាក់ Eintracht Frankfurt ៣-០ ក្នុងលីគអាល្លឺម៉ង់ Bundesliga កាលពីរាត្រីថ្ងៃសៅរ៍សប្តាហ៍មុន ស្របពេលតោកំណាចសង្ឃឹមថា ម្ចាស់កំណត់ត្រាគ្រាប់បាល់ច្រើនជាងគេ Kane នឹងជាសះស្បើយទាន់ពេល នៃជំនួបទល់នឹងឡាត់វី ជម្រុះ World Cup 2026 នៅរាត្រីថ្ងៃអង្គារ។
គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់ លោក Thomas Tuchel បាននិយាយក្នុងសន្និសីទថា «Harry នឹងអវត្តមានពីការប្រកួតនេះ។ គាត់បានរងរបួសក្នុងប្រកួតចុងក្រោយ ដែលមានអារម្មណ៍ឈឺនៅពេលប៉ះបាល់។ ពួកយើងបានផ្តល់ឱកាសឱ្យគាត់សម្រាក និងអត់ធ្មត់ ដើម្បីជាសះស្បើយទាន់ពេលនៃជំនួបនឹងឡាត់វី»។
ជាមួយគ្នានោះដែរ លោក Tuchel ក៏នឹងជ្រើសរើសម្នាក់ ក្នុងចំណោម ៣នាក់រួមមាន Jordan Henderson, John Stones ឬក៏ Declan Rice ដើម្បីធ្វើប្រធានក្រុមនៅកីឡដ្ឋានជាតិ Wembley ជំនួស Kane វិញ។
អង់គ្លេស អតីតម្ចាស់ជើងឯក World Cup 1966 និងបានឈានដល់វគ្គពាក់កណ្តាលកាលឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ីនោះ នឹងត្រូវប្រឈមមុខជាមួយវ៉េលជាលើកដំបូង គិតចាប់តាំងពីពួកគេបានយកឈ្នះ ៣-០ នៅ World Cup 2022។
Kane ដែលមានស្ថិតិ ២៦.៤% នៃការរកបានគ្រាប់បាល់ទាំងអស់របស់អង់គ្លេស គិតចាប់តាំងពីបង្ហាញខ្លួនលើកដំបូងកាលឆ្នាំ២០១៥ រកបាន ៧៤គ្រាប់ច្រើនជាងគេ ពីការចូលលេងសរុប ១០៩ប្រកួត៕