Samsung អេក្រង់បត់ ៣តង់ Galaxy Z TriFold នឹងប្រើថ្មរហូតដល់ ៣ដុំ ត្រៀមចេញក្នុងខែតុលានេះ

10-10-2025 10:29

(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung កំពុង​ត្រៀម​ប្រកាស​ចេញ​ស្មាតហ្វូន​អេក្រង់បត់​ ៣ តង់ (Tri-fold) ដំបូង​របស់ខ្លួន​នៅ​ឆ្នាំនេះ ដែល​ត្រូវ​បាន​​ដាក់​ឈ្មោះ​បណ្ដោះអាសន្ន​ថា Galaxy Z TriFold។ យោង​តាម​ឯកសារ​ប៉ាតង់​ដែល​ចេញផ្សាយ​ដោយ KIPRIS ថ្មីៗ​នេះ បាន​ទម្លាយ​ឲ្យ​ដឹង​ថា ស្មាតហ្វូន​ជំនាន់​ថ្មី​នេះ​នឹង​បំពាក់​មក​ជាមួយ កោសិកា​ថ្ម​ចំនួន ៣ ដុំ ទៅ​តាម​ផ្នែក​បត់​ទាំង ៣ របស់​វា។ នេះ​បើ​តាម​ការ​ចេញផ្សាយ​របស់ GSMArena នៅ​ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៥។

តាម​រយៈ​គំនូរ​ព្រាង​ក្នុង​ឯកសារ​ប៉ាតង់ ថ្ម​តូច​បំផុត (T1) ត្រូវ​បាន​ដាក់​នៅ​ផ្នែក​កាមេរ៉ា​ក្រោយ ចំណែក​ថ្ម​ធំ​លំដាប់​ទី​ពីរ (T3) ស្ថិត​នៅ​ផ្នែក​អេក្រង់​ខាងក្រៅ (cover display) និង​ថ្ម​ធំ​ជាងគេ (T2) ស្ថិត​នៅ​ផ្នែក​កណ្ដាល​ដែល​ជា​ផ្នែក​ខ្ទប់​នៅពេល​បត់។ ថ្វីត្បិតតែ​ឯកសារ​នេះ​មិន​បញ្ជាក់​ពី​ទំហំ​ថ្ម​សរុប​ក្តី អ្នកជំនាញ​រំពឹង​ថា​សមត្ថភាព​ថ្ម​សរុប​នឹង​ប្រសើរ​ជាង Galaxy Z Fold7 ដែល​មាន​ត្រឹមតែ 4,400 mAh (មីលីអំពែម៉ោង) និង​ល្បឿន​សាក​ ២៥ វ៉ាត់ (25W) ប៉ុណ្ណោះ។

គួរជម្រាបថា ដំបូងឡើយ Galaxy Z TriFold ត្រូវ​បាន​គេ​លេចលឺ​ថា នឹង​លក់​ផ្តាច់មុខ​នៅ​កូរ៉េខាងត្បូង និង​ចិន តែ​ព័ត៌មាន​ថ្មីៗ​បង្ហាញ​ថា វា​ក៏​អាច​នឹង​មាន​វត្តមាន​នៅ​សហរដ្ឋអាមេរិក​ផង​ដែរ។ សម្រាប់​កាលបរិច្ឆេទ​ប្រកាស​ចេញ ត្រូវ​បាន​គេ​អះអាង​ថា អាច​នឹង​ធ្វើឡើង​នៅ ចុងខែតុលា នេះ​តែម្ដង។ ជាមួយគ្នា​នេះ ក្រុមហ៊ុន Samsung ក៏​នឹង​ប្រកាស​ចេញ កាស​បញ្ញាសិប្បនិម្មិត Android XR (Project Moohan) ដំបូង​របស់​ខ្លួន​នៅ​ខែ​នេះ​ផង​ដែរ ដោយ​ការ​ចុះឈ្មោះ​ជាមុន​នៅ​កូរ៉េខាងត្បូង ត្រូវ​បាន​កំណត់​ពី​ថ្ងៃទី ១៥ ដល់ ២១ ខែ​តុលា មុន​នឹង​ប្រកាស​ចេញ​ផ្លូវការ​នៅ​ថ្ងៃទី ២២ ខែ​តុលា៕