ទីបំផុត! Apple និង Meta ជិត​បញ្ចប់​បញ្ហា​ច្បាប់​ដ៏​ធំ​នៅ EU ព្រមទាំង​រួច​ផុត​ពី​ការ​ពិន័យ​ដ៏​ច្រើន​សន្ធឹកសន្ធាប់

10-10-2025 11:25

(បរទេស)៖ ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​របស់​អាមេរិក គឺ Apple និង Meta Platforms កំពុង​ឈាន​ដល់​កិច្ចព្រមព្រៀង​សម្រុះសម្រួល​ក្នុង​សំណុំរឿង​ប្រឆាំង​នឹង​ការ​ប្រកួតប្រជែង​ជាមួយ គណៈកម្មការ​អឺរ៉ុប (EC) ដែល​នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន​ទាំងពីរ​នេះ​ជៀសវាង​ការ​ពិន័យ​បន្ថែម​ដ៏​ច្រើន​សន្ធឹកសន្ធាប់។ នេះ​បើ​យោង​តាម​ការ​ចុះផ្សាយ​របស់ Financial Times ដោយ​ដកស្រង់​សម្ដី​មន្ត្រី​អឺរ៉ុប​ដែល​បាន​ដឹង​ពី​កិច្ចពិភាក្សា និងត្រូវបានចេញផ្សាយបន្តដោយ GSMArena។

យ៉ាងណាមិញ ព័ត៌មាន​នេះ​មិនទាន់​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវការ​នោះទេ ប៉ុន្តែ​មន្ត្រី​អឺរ៉ុប​ទាំងនោះ​បាន​បង្ហាញ​ពី «ក្ដី​សង្ឃឹម​កាន់តែ​ខ្លាំង» ក្នុង​ការ​ស្វែងរក «ដំណោះស្រាយ​ដែល​អាច​អនុវត្ត​បាន»។ សម្រាប់ Meta បញ្ហា​ចម្បង​គឺ​ទាក់ទង​នឹង​ម៉ូដែល «Pay or Consent» (បង់​ប្រាក់ ឬ​យល់ព្រម) ដែល​តម្រូវ​ឲ្យ​អ្នកប្រើប្រាស់​នៅអឺរ៉ុប (EU) ត្រូវតែ​យល់ព្រម​លើ​ការ​តាមដាន​ទិន្នន័យ​ដើម្បី​ទទួល​បាន​សេវា​ឥត​គិតថ្លៃ ឬ​បង់​ថ្លៃ​ជាវ​ប្រចាំខែ​ដើម្បី​បញ្ឈប់​ការ​តាមដាន។ Meta ធ្លាប់​ត្រូវ​បាន​ពិន័យប្រមាណ ២០០ លាន​អឺរ៉ូ រួច​មក​ហើយ​លើ​ករណី​នេះ ខណៈ​បញ្ហា​ដែល​នៅ​សេសសល់​គឺ​ការ​ធានា​ឲ្យ​អ្នកប្រើប្រាស់​អាច​ស្វែងរក​ជម្រើស​ផ្សេងៗ​បាន​យ៉ាង​ងាយស្រួល។

ចំណែកឯ Apple វិញ ក្រុមហ៊ុន​បាន​ធ្វើការ​កែប្រែ​គោលនយោបាយ App Store ដែល​រំលោភ​ច្បាប់​មួយចំនួន​រួច​ហើយ​កាលពី​ខែ​មិថុនា។ បច្ចុប្បន្ន EC កំពុង​បន្ត​ពិភាក្សា​ជាមួយ Apple អំពី​លក្ខខណ្ឌ​កិច្ចសន្យា​ថ្មី​ជាមួយ​អ្នក​អភិវឌ្ឍន៍។ ប្រភព​ដែល​ដឹង​ពី​កិច្ចពិភាក្សា​ទាំងនេះ​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា ករណី​នេះនឹង​ត្រូវ​ដោះស្រាយក្នុងពេលឆាប់ៗខាងមុខ។ ប្រសិនបើ​ការ​សម្រុះសម្រួល​នេះ​ទទួល​បាន​ជោគជ័យ ក្រុមហ៊ុន​បច្ចេកវិទ្យា​ទាំងពីរ​នឹង​ជៀសវាង​ការ​បង់​ពិន័យ​ប្រចាំថ្ងៃ ដែល​អាច​កើនឡើង​ដល់​ទៅ ៥% នៃ​ប្រាក់ចំណូល​ជា​មធ្យម​សរុប​ទូទាំង​ពិភពលោក របស់​ពួកគេ៕