លោកបណ្ឌិត ថោង ខុន កោតសរសើរការត្រៀមខ្លួនបានយ៉ាងល្អរបស់អត្តពលិកកម្ពុជា ក្នុងការចូលរួមប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៥ នៅបារ៉ែន ចុងខែនេះ
10-10-2025 13:54
(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការត្រៀមលក្ខណៈបានយ៉ាងល្អរបស់កីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជា ដែលត្រៀមចូលរួមការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ នៅប្រទេសបារ៉ែន ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២២-៣១ ខែតុលា ឆ្នាំ២០២៥ នេះ។

ការកោតសរសើរនេះ បន្ទាប់ពីលោក បានអញ្ជើញជួបសំណេះសំណាល និងពិនិត្យការហ្វឹកហាត់របស់ក្រុមជម្រើសជាតិយុវជនថ្នាល ទាំង ១៤ប្រភេទកីឡា និងការសម្ដែងសាកល្បងរបស់ក្រុមសិល្បៈ មុនចេញដំណើរទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កម្រិតទ្វីបខាងលើ នៅថ្ងៃទី៩-១០ ខែតុលានេះ ក្នុងនោះមានកីឡាហែលទឹក អត្តពលកម្ម បាល់ទាត់លើតុ បាល់បោះ ៣x៣ តេក្វាន់ដូ WT វាយកូនឃ្លីលើតុ គុនខ្មែរ វាយសី បញ្ចស៊ីឡាត់ លើកទម្ងន់ យូដូ ចំបាប់ ជឺជីតស៊ូ និងកីឡាយុទ្ធគុនចម្រុះ។
លោកទេសរដ្ឋមន្ដ្រី បានមានប្រសាសន៍ថា «ឆ្លងកាត់តាមការត្រួតពិនិត្យចុងក្រោយ រយៈពេល ២ថ្ងៃមកនេះ ខ្ញុំមានការសប្បាយរីករាយ ដោយឃើញថា ទី១-ក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលមានការគ្រប់គ្រងបានកាន់តែល្អប្រសើរ ពិសេសអ្វីដែលខ្ញុំចង់ដឹង គឺការស្នាក់នៅ និងការហូបចុក របស់កីឡាករ-កីឡាការិនី ឃើញថា របបហូបចុក មានភាពល្អប្រសើរ ស្អាត អនាម័យ និងធានានូវកាឡូរីគ្រប់គ្រាន់ ជួយដល់កីឡាករ-កីឡាការិនី ហើយកន្លែងស្នាក់នៅក៏ល្អដែរ។
ទី២-កីឡាករ-កីឡាការិនីវ័យក្មេងរបស់យើង មានទឹកចិត្ត និងឆន្ទៈល្អណាស់ គឺថានៅប្រមូលផ្ដុំប្រកបដោយវិន័យ សេចក្ដីថ្លៃថ្នូ ហើយត្រៀមខ្លួនជានិច្ច សម្រាប់ការប្រកួត។ ខ្ញុំគិតថា ធម្មតាកីឡា មិនមែនគ្រាន់តែដើម្បីឈ្នះទេ ឈ្នះអ្នកណាក៏ចង់ឈ្នះដែរ តែសំខាន់គឺការចូលរួម ។ សម្រាប់បេសកកម្មទៅបារ៉ែន លើកនេះ ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលយើង ក្រោមការសម្របសម្រួលរបស់ក្រសួងអប់រំ យុវជន និងកីឡា និងការសម្របសម្រួលរបស់ម្ចាស់ផ្ទះ គឺយើងបញ្ជូនទៅ ១៤ប្រភេទកីឡា ដែលមានអត្តពលិក និងគ្រូបង្វឹកចំនួន ៧៣នាក់ រួមទាំងប្រតិភូ និងក្រុមសិល្បៈសរុបចំនួន ១៥៧នាក់»។
តាមរយៈនេះ បានធ្វើឲ្យលោកទេសរដ្ឋមន្ដ្រី មានសេចក្ដីរីករាយ និងបានចាតទុកជាមោទនភាពមួយ សម្រាប់ភាពរីកចម្រើនប្លែក នៃវិស័យកីឡាកម្ពុជា ក្រោយព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ។ លោកបន្ដថា «ខ្ញុំពិតជាមានសេចក្ដីរីករាយ ហើយខ្ញុំគិតថា ក្រោយព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ វិស័យកីឡាយើង មានការរីកចម្រើនប្លែក គួរជាទីមោទនៈ ។ នេះដោយសារកាខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ NOCC និងសហព័ន្ធកីឡាជាតិ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលសម្ដេចបានយកចិត្តទុកដាក់លើគ្រប់វិស័យ ក្នុងកិច្ចការអភិវឌ្ឍប្រទេសជាតិ ក្នុងនោះវិស័យកីឡា ក៏ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ។
បន្ថែមលើនេះ លោកបណ្ឌិត ថោង ខុន បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ សម្រាប់បេសកកម្មលើកនេះ នឹងប្រព្រឹត្តទៅដោយរលូន បន្ទាប់ពីអត្តពលិកវ័យក្មេងកម្ពុជា បានយល់ដឹងកាន់តែច្រើន អំពីការត្រៀមលក្ខណៈចូលរួមប្រកួតអន្ដរជាតិ ពាក់ព័ន្ធនឹងការចូលរួមប្រកបដោយសីលធម៌ ប្រសិទ្ធភាព ពិសេសការប្រកួតដោយយុត្តិធម៌ ឬ Fair-Play ។ Fair-Play នេះសំខាន់ណាស់ ព្រោះក្នុងចលនាអូឡាំពិក កីឡាសម្រាប់កសាងពិភពលោកមួយដ៏ល្អ ។ ហេតុនេះ កីឡាត្រូវតែខិតខំធ្វើយ៉ាងម៉េច រកឲ្យបាននូវឧត្តមភាព សាមគ្គីភាព និងមិត្តភាព ហើយព្រឹត្តិការណ៍កីឡា គឺជាវេទិកាដែលនាំមក និងស្វែងរកនូវសាមគ្គីភាព មិត្តភាព ក្នុងប្រទេសនីមួយៗ ទាំងក្នុងតំបន់ និងភពលោក។
ចុងក្រោយលោកបានគូសរំឮកថា បេសកកម្មលើនេះ កាន់តែពិសេសសម្រាប់កម្ពុជា ដែលមិនត្រឹមចូលរួមប្រកួតផ្នែកកីឡានោះទេ តែកម្ពុជាក៏នឹងបញ្ជូនក្រុមសិល្បៈពិសេសមួយក្រុម ដើម្បីត្រៀមសម្ដែងនូវទស្សនីយភាពក្នុងពិធីបិទការប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ដើម្បីអបអរសាទរពិធីទទួលទង់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៤ ដែលកម្ពុជា នឹងធ្វើម្ចាស់ផ្ទះ នាឆ្នាំ២០២៩ ហើយក្រោមការអនុញ្ញាតរបស់រាជរដ្ឋាភិបាល កម្ពុជាក៏បានត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ ៤ឆ្នាំម្ដងនេះផងដែរ៕