សមាគមធុរកិច្ចជប៉ុននៅកម្ពុជា បង្កើនកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មខុសច្បាប់ឱ្យកាន់តែរឹងមាំ
10-10-2025 15:33
(ភ្នំពេញ)៖ សមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) នៅថ្ងៃទី៩ ខែតុលា ឆ្នាំ ២០២៥នេះ បានរៀបចំសិក្ខាសាលាដ៏ធំមួយស្ដីពី ការប្រយុទ្ធប្រឆាំងនឹងពាណិជ្ជកម្មខុសច្បាប់ (Anti-Illicit Trade - AIT Workshop) ដើម្បីទប់ស្កាត់ពាណិជ្ជកម្មខុសច្បាប់ និងពង្រឹងភាពរឹងមាំសម្រាប់សេដ្ឋកិច្ចកម្ពុជា នៅសណ្ឋាគារ Hyatt Regency ភ្នំពេញ។

សិក្ខាសាលានេះ បានប្រមូលផ្ដុំអង្គភាពអនុវត្តច្បាប់សំខាន់ៗរបស់កម្ពុជា និងក្រុមហ៊ុនជប៉ុនឈានមុខនៅកម្ពុជា មានគោលបំណងដើម្បីពង្រឹងការអនុវត្តច្បាប់ប្រឆាំងនឹងទំនិញក្លែងក្លាយ ការនាំចូលផលិតផលដោយគ្មានការអនុញ្ញាតត្រឹមត្រូវតាមច្បាប់ និងសកម្មភាពពាណិជ្ជកម្មខុសច្បាប់ផ្សេងទៀត។
ព្រឹត្តិការណ៍ពេញមួយថ្ងៃនេះ ផ្តួចផ្តើមរៀបចំឡើងដោយសមាគមធុរកិច្ចជប៉ុននៅកម្ពុជា (JBAC) បានប្រមូលផ្ដុំតំណាងមកពី អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE), អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា អង្គការ JETRO អង្គការ JICA រួមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនជាសមាជិក JBAC ដូចជា៖ JTI, Toyota, Panasonic និង Daikin។
ក្នុងសិក្ខាសាលានេះ បានរួមបញ្ចូលការចែករំលែកចំណេះដឹងពីអ្នកជំនាញអន្តរជាតិ និងការធ្វើបទបង្ហាញផ្អែកលើករណីសិក្សាជាក់ស្តែងពី វិស័យឯកជនដល់មន្ត្រីអនុវត្តច្បាប់នូវជំនាញស៊ើបអង្កេតជាក់ស្តែង ដល់មន្ត្រីអនុវត្តច្បាប់ ដើម្បីឱ្យពួកគេមានលទ្ធភាពគ្រប់គ្រាន់ប្រយុទ្ធប្រឆាំង នឹងផលិតផលក្លែងក្លាយ និងផលិតផល ដែលចរាចរដោយខុសច្បាប់ក្នុងទីផ្សារកម្ពុជាកាន់តែមានប្រសិទ្ធភាព ដែលចំនេះដឹងទាំងនេះជាគ្រឹះដ៏សំខាន់។
ប្រធានសមាគម JBAC លោក Koji Fukuhara ក៏បានថ្លែងអំណរគុណចំពោះអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) និងអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) ចំពោះកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការកែលម្អវិស័យវិនិយោគនៅកម្ពុជា ជាពិសេសយកចិត្តទុកដាក់ខ្ពស់លើវិនិយោគិនជប៉ុន។ មិនតែប៉ុណ្ណោះ លោកក៏បានអំពាវនាវឱ្យបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងសហគ្រាសជប៉ុន និងរាជរដ្ឋាភិបាលកម្ពុជាជាបន្តទៀត។
លោក Fukuhara បានលើកឡើងយ៉ាងដូច្នេះថា៖ «អំពើពាណិជ្ជកម្មខុសច្បាប់ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការរបស់អាជីវកម្ម ដែលគោរពច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដល់បូរណភាពសេដ្ឋកិច្ច និងស្ថិរភាពរយៈពេលវែងរបស់កម្ពុជាផងដែរ។ កិច្ចពិភាក្សា ជាគ្រឹះដ៏រឹងមាំមួយក្នុងការពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជនរបស់យើង ឱ្យកាន់តែស៊ីជម្រៅ និងជំរុញឱ្យមានការសម្រេចនូវគោលដៅសេដ្ឋកិច្ចរួមគ្នា»។
គួរបញ្ជាក់ផងដែរថា សិក្ខាសាលានេះ គឺជាព្រឹត្តិការណ៍បន្តពីសិក្ខាសាលាចែករំលែកចំណេះដឹងដ៏ជោគជ័យមួយកាលពីដើមឆ្នាំ រវាងការិយាល័យគយ និងពន្ធដារជប៉ុន និង អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ដែលក្នុងពេលនោះ មន្ត្រីកម្ពុជាបានទទួលការបណ្តុះបណ្តាលបច្ចេកទេស អំពីការរកឃើញទំនិញក្លែងក្លាយពីអ្នកជំនាញជប៉ុន និងក្រុមហ៊ុនពហុជាតិនានា។
តាមរយៈការជំរុញឱ្យមានការអនុវត្តច្បាប់ និងកិច្ចសហការរវាងវិស័យរដ្ឋ និងឯកជន បង្ហាញឱ្យឃើញថា សមាគម JBAC កំពុងរួមចំណែកបង្កើតបរិយាកាសអាជីវកម្មដែលមានភាពស្របច្បាប់ ដើម្បីទាក់ទាញការវិនិយោគស្របច្បាប់ឱ្យកាន់តែច្រើន ព្រមទាំងការពារអ្នកប្រើប្រាស់ពីគ្រោះថ្នាក់នៃផលិតផលខុសច្បាប់ថែមទៀត៕