សាលាអន្តរជាតិ ផារ៉ាហ្គន ផ្ដល់អាហារូបករណ៍និងរង្វាន់លើកទឹកចិត្ត សរុបជាទឹកប្រាក់ជាង ១៥៦០០០$ ជូនដល់សិស្សឆ្នើម
10-10-2025 16:47
(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត ប្រធានកិត្តិយសក្រុមហ៊ុន ផារ៉ាហ្គន អេឌ្យូខេសិន ឯ.ក នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់រង្វាន់និងអាហារូបករណ៍ជូនដល់សិស្សឆ្នើមនៃសាលាអន្តរជាតិ ផារ៉ាហ្គន ប្រចាំឆ្នាំសិក្សា២០២៤-២០២៥ សរុបជាទឹកប្រាក់ចំនួន១៥៦១១០$ នៅសាលាអន្តរជាតិ ផារ៉ាហ្គន។

ថ្លែងក្នុងឱកាសនេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា៖ «ប្រាក់រង្វាន់លើកទឹកចិត្តនាឱកាសនេះ ជាការវិនិយោគលើអនាគតប្រទេសកម្ពុជា ព្រមទាំងឆ្លុះបញ្ចាំងឱ្យឃើញពីការជឿជាក់លើសក្ដានុពលរបស់ក្មួយៗសិស្សានុសិស្ស ការយកចិត្តទុកដាក់របស់លោកគ្រូ អ្នកគ្រូ និងការប្ដេជ្ញាប្រឹងប្រែងរបស់ក្រុមហ៊ុន ផារ៉ាហ្គន អេឌ្យូខេសិន ឯ.ក ក្នុងការបណ្ដុះបណ្ដាលយុវជនជំនាន់ក្រោយឱ្យក្លាយជាអ្នកដឹកនាំដែលមានគុណតម្លៃ សេចក្ដីថ្លៃថ្នូរ និងការទទួលស្គាល់ជាអន្តរជាតិ។» គួរបញ្ជាក់ផងដែរថា សាលាអន្តរជាតិ ផារ៉ាហ្គន បាននាំយកនូវប្រព័ន្ធអប់រំដែលជំរុញដល់ការអភិវឌ្ឍបានយ៉ាងពេញលេញនិងលើគ្រប់វិស័យ។
ពិធីប្រគល់រង្វាន់និងអាហារូបករណ៍នេះ បានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីអបអរសាទរនិងទទួលស្គាល់សមិទ្ធផលពីការប្រឡងថ្នាក់ជាតិ និងអន្តរជាតិសំខាន់ៗ។ សម្រាប់ឆ្នាំនេះដែររួមមាន ៖
*សិស្សនិទ្ទេស A ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំនួន១០នាក់ ដោយម្នាក់ៗទទួលបានរង្វាន់លើកទឹកចិត្តជាទឹកប្រាក់ចំនួន ៥០០$។
*សិស្សប្រឡងបានលំដាប់ពិន្ទុ A* ពីការប្រឡងខេមប្រ៊ីជ A Level ចំនួន១នាក់ ដោយទទួលបានទឹកប្រាក់ចំនួន ២០០០$។
*សិស្សប្រឡងបានលំដាប់ពិន្ទុ A ពីការប្រឡងខេមប្រ៊ីជ AS Level ចំនួន៥នាក់ ដោយម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ២០០០$។
*សិស្សប្រឡងបានលំដាប់ពិន្ទុ A* និង/ឬ A ពីការប្រឡងខេមប្រ៊ីជ IGCSE ចំនួន៣នាក់ ដោយម្នាក់ៗទទួលបានទឹកប្រាក់ចំនួន ២០០០$។
*និងសិស្សប្រឡងជាប់សិស្សពូកែទូទាំងប្រទេស ចំនួន៣នាក់ ដែលទទួលបាន អាហារូបករណ៍ពីសាលាអន្តរជាតិផារ៉ាហ្គន នៅពេលនេះ ដោយក្នុងមួយនាក់ៗ ទទួលបានទឹកប្រាក់ចំនួន ៤៤៣៧០$។
បន្ថែមពីនេះ ប្អូនៗដែលទទួលបានលទ្ធផលល្អពីការប្រឡងខេមប្រ៊ីជកម្រិតបឋមសិក្សាក៏ នឹងទទួលបានបណ្ណបញ្ចុះតម្លៃ សម្រាប់ការចុះឈ្មោះចូលរៀន ក្នុងក្លឹបក្រៅម៉ោងសិក្សានៅសាលាអន្តរជាតិផារ៉ាហ្គនផងដែរ ដែលមានតម្លៃស្មើនឹងទឹកប្រាក់សរុបចំនួន ៥៤១០$។
សរុបមក ក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន ឯ.ក ផ្ដល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តស្មើនឹងទឹកប្រាក់ចំនួន ១៦១៥២០$ ពោលជាចំនួនមួយដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់វិនិយោគលើសមិទ្ធផលនៃការសិក្សារបស់សិស្ស ក្នុងនាមជាគ្រឹះស្ថានអប់រំឯកជនឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។
លោកបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់បន្ថែមថា រង្វាន់ទាំងនេះគឺដើម្បីលើកទឹកចិត្ត សមិទ្ធផលជោគជ័យពីការសិក្សា ក៏ដូចជាបណ្ដុះស្មារតីឱ្យសិស្សានុសិស្សបន្តធ្វើខ្លួនជាសិស្សល្អ កូនល្អ និងពលរដ្ឋល្អ ជាពិសេសតាមរយៈការណែនាំនិងគាំទ្ររបស់មាតាបិតា អាណាព្យាបាល លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំសាលា។
ជាថ្មីម្ដងទៀត លោកប្រធានកិត្តិយ បានថ្លែងអំណរគុណនិងជំរុញដល់គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល និងបុគ្គលិកគ្រប់ជាន់ថ្នាក់ ត្រូវបន្តចូលរួមសហការនិងសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីភាពជោគជ័យនិងការអភិវឌ្ឍលូតលាស់របស់សិស្សគ្រប់ៗរូប សំដៅរួមគ្នាកសាងអនាគតប្រទេសកម្ពុជាឱ្យកាន់តែត្រចះត្រចង់។
សូមជម្រាបដែរថា សាលាអន្តរជាតិ ផារ៉ាហ្គន ផ្ដល់សេវាកម្មអប់រំចាប់ពីកមិ្រតមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ តាមរយៈកម្មវិធីសិក្សាពីរភាសា និងអន្តរជាតិ ដោយអនុវត្តតាមប្រព័ន្ធអប់រំរបស់ខេមប្រ៊ីជ និងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញសមត្ថភាពប្រកួតប្រជែងរបស់ សិស្សលើឆាកអន្តរជាតិ និងបណ្ដុះមោទនភាពជាតិខ្មែរ។ សាលាមានអគារសិក្សានិងបរិក្ខារអប់រំទំនើបៗទាន់សម័យកាល និងមានគ្រូបង្រៀនជាង៩ជាតិសាសន៍ សំដៅបង្កើតបាននូវបរិស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិយ៉ាងពិតប្រាកដ និងដោយឈរលើតម្លៃនៃសុចរិតភាព ការគោរព សុខដុមរមនា ទំនួលខុសត្រូវ និងការសិក្សាពេញមួយជីវិតជាមូលដ្ឋាន៕