ចិនបើកការស៊ើបអង្កេតប្រឆាំងការផ្តាច់មុខទៅលើក្រុមហ៊ុនបន្ទះឈីបយក្សអាមេរិក Qualcomm
11-10-2025 08:39
(បរទេស)៖ ភាគហ៊ុនរបស់ក្រុមហ៊ុន Qualcomm បានធ្លាក់ចុះ ៤% កាលពីថ្ងៃសុក្រ បន្ទាប់ពីអាជ្ញាធរចិនបានប្រកាសថា នឹងបើកការស៊ើបអង្កេតទៅលើការទិញយកក្រុមហ៊ុនបន្ទះឈីប Autotalks របស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិកមួយនេះ ដែលជាការបង្កើននូវភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិន មុនពេលមានកិច្ចប្រជុំសំខាន់ៗរវាងមេដឹកនាំនៃប្រទេសទាំងពីរនៅខែនេះ។

រដ្ឋបាលរដ្ឋចិនសម្រាប់ការត្រួតពិនិត្យទីផ្សារ (SAMR) បាននិយាយថា ក្រុមហ៊ុន Qualcomm ត្រូវបានគេសង្ស័យថា បានបំពានច្បាប់ប្រឆាំងផ្តាច់មុខរបស់ប្រទេសចិន ទាក់ទងទៅនឹងការទិញយកក្រុមហ៊ុន Autotalks របស់អ៊ីស្រាអែល ដោយការទិញយកនេះបានបញ្ចប់ជាផ្លូវការនៅក្នុងខែមិថុនា។
នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយ SAMR បានបញ្ជាក់ថា ខ្លួននឹងផ្តួចផ្តើមការស៊ើបអង្កេតទៅលើក្រុមហ៊ុន Qualcomm។ ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិកមួយនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនកំពុងសហការយ៉ាងពេញលេញជាមួយ SAMR ខណៈដែលក្រុមហ៊ុន Qualcomm គឺជាអ្នកលក់បន្ទះឈីបស្មាតហ្វូនរបស់ខ្លួនទៅឱ្យក្រុមហ៊ុនធំៗមួយចំនួននៅប្រទេសចិន ដូចជា Xiaomi ជាដើម។
ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកស្ថិតនៅក្នុងគោលដៅនៃការត្រួតពិនិត្យរបស់និយតករចិន ដែលជាការបង្កើនភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន មុនពេលកិច្ចចរចាសំខាន់ៗ។
កាលពីខែកញ្ញា SAMR បានចោទប្រកាន់ថា ក្រុមហ៊ុន Nvidia បានបំពានច្បាប់ប្រឆាំងផ្តាច់មុខរបស់ប្រទេសចិន ទាក់ទងទៅនឹងការទិញយកក្រុមហ៊ុន Mellanox និងកិច្ចព្រមព្រៀងមួយចំនួនដែលបានធ្វើឡើងក្នុងអំឡុងពេលនៃការទិញយកនោះ។ ទន្ទឹមនឹងនេះដែរ ទីក្រុងប៉េកាំងត្រូវបានគេរាយការណ៍ថា កំពុង លើកទឹកចិត្តក្រុមហ៊ុនក្នុងស្រុក មិនឱ្យទិញបន្ទះឈីបរបស់ក្រុមហ៊ុន Nvidia។
សប្តាហ៍នេះ ប្រទេសចិនក៏បាន រឹតបន្តឹងការត្រួតពិនិត្យលើការនាំចេញធាតុកម្រ (rare earths) និងបច្ចេកវិទ្យាពាក់ព័ន្ធផងដែរ។ ធាតុកម្រមានសារៈសំខាន់ណាស់សម្រាប់ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ រួមមាន រថយន្ត ការការពារជាតិ និងឧបករណ៍អេឡិចត្រូនិកបន្ទះឈីប។
ប្រធានាធិបតីអាមេរិក លោក Donald Trump និងសមភាគីចិនរបស់លោក លោក Xi Jinping ត្រូវបានគេរំពឹងថា នឹងជួបផ្ទាល់នៅក្រៅកិច្ចប្រជុំវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងអំឡុងសប្តាហ៍ចុងក្រោយនៃខែតុលា នៅទីក្រុង Gyeongju ប្រទេសកូរ៉េខាងត្បូង៕