Monaco ដកគ្រូបង្វឹក Hutter ចេញពីតំណែង ក្រោយទទួលបានលទ្ធផលមិនគាប់ប្រសើរ
11-10-2025 09:00
(បរទេស)៖ ក្លឹបបាល់ទាត់អាជីព AS Monaco របស់បារាំង បានឈានដល់ផ្លូវបំបែកជាមួយអ្នកចាត់ការទូទៅ លោក Adi Hutter ជាផ្លូវការហើយ បន្ទាប់ពីពួកគេធ្វើមិនបានល្អនាដើមរដូវកាលថ្មីនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

បុរសសញ្ជាតិអូទ្រីស វ័យ ៥៥ឆ្នាំរូបនេះ ត្រូវបានតែងតាំងដឹកនាំ Monaco នាអំឡុងខែកក្កដា ឆ្នាំ២០២៣ ដោយកន្លងមកធ្លាប់បានដឹកនាំក្លឹបរបស់អាល្លឺម៉ង់ Borussia Dortmund និង Eintracht Frankfurt ទៀតផង។
លោក Hutter ដែលធ្លាប់ចូលលេងបាន ១៤ប្រកួតផងដែរជាមួយជម្រើសជាតិអូទ្រីសនាអំឡុងឆ្នាំ១៩៩០ កាលនៅជាកីឡាករ បានដឹកនាំ Monaco បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ នៅ Ligue 1 ចំនួន ២លើក មុនពេលលេងឈ្នះតែ ១លើកគត់ក្នុងចំណោម ៥ប្រកួតចុងក្រោយគ្រប់កម្មវិធីនាយុទ្ធនាការឆ្នាំ២០២៥-២៦។
ការចាកចេញរបស់លោក Hutter នាពេលនេះ ស្របពេល Monaco បានកំពុងស្ថិតនៅលេខរៀងទី៥ ក្នុងលីគបារាំងបណ្តោះអាសន្ន ដោយដាច់ ៣ពិន្ទុពីក្រុមកំពូលតារាង Paris St-Germain៕