FIFA និង UEFA ប្លុកអេស្ប៉ាញ មិនឱ្យប្រកួតជាមួយក្រុមនេះដាច់ខាត ដោយសារភាពតានតឹងផ្នែកនយោបាយ
11-10-2025 09:41
(បរទេស)៖ សហព័ន្ធបាល់ទាត់អន្តរជាតិ FIFA ក៏ដូចជាអឺរ៉ុប UEFA បានហាមឃាត់មិនឱ្យក្រុមជម្រើសជាតិអេស្ប៉ាញ ប៉ះហ្ស៊ីប្រាល់តា ដរាបណាភាពតានតឹងផ្នែកនយោបានជាប្រវត្តិសាស្រ្តនៅតែបន្តអូសបន្លាយទៀតនោះ។ នេះបើយោងតាមការចេញផ្សាយដោយ SPORTbible។

ជាងរយៈពេល ២ទសវត្សរ៍មកនេះ អេស្ប៉ាញបានជោគជ័យជាខ្លាំងលើផ្នែកបាល់ទាត់ តាមរយៈឈ្នះជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro ចំនួន ៣លើក ពោលគឺនៅឆ្នាំ២០០៨ ២០១២ និងចុងក្រោយឆ្នាំ២០២៤ រួមទាំងពាន World Cup ១លើកផងដែរកាលឆ្នាំ២០១០។
ទោះជាបែបនេះក្តី មានក្រុមមួយនៅអឺរ៉ុបដូចគ្នាគឺ ហ្ស៊ីប្រាល់តា (Gibraltar) មិនដែលត្រូវបានផ្គូផ្គងឱ្យប៉ះអេស្ប៉ាញ ក្នុងកម្មវិធីណាមួយ សូម្បីតែមិត្តភាពអន្តរជាតិក៏ដោយ បន្ទាប់ពីហ្ស៊ីប្រាល់តា បានក្លាយជាសមាជិកពេញសិទ្ធិរបស់ UEFA តាំងពីខែឧសភា ឆ្នាំ២០១៣ មក។
ហ្ស៊ីប្រាល់តា បច្ចុប្បន្នឈរនៅលេខរៀងទី២០០ ក្នុងតារាងចំណាត់ថ្នាក់របស់ FIFA ក្នុងចំណោម ២១១ប្រទេសជាសមាជិក ដែលមានព្រំប្រទល់ជាប់នឹងប្រទេសអេស្ប៉ាញផងដែរ។
តួយ៉ាង ក្នុងពិធីចាប់ឆ្នោតបែងចែកពូលរបស់ UEFA ដើម្បីលេងជម្រុះ World Cup 2026 ប្រចាំតំបន់អឺរ៉ុប ក៏ប្រទេសទាំងពីរនេះត្រូវរៀបចំមិនឱ្យជួបគ្នាដែរ ក្នុងចំណោម ៤ប្រកួតរួមមាន អ៊ុយក្រែន ប៉ះប៊ែលឡារុស, កូសូវ៉ូ ប៉ះបូស្នី និង កូសូវ៉ូ ប៉ះស៊ែប៊ីជាដើម។
សូមរំលឹកផងថា ភាពតានតឹងនេះបានបន្តឡើងកំដៅជាថ្មីទៀត នៅពេលខ្សែបម្រើ Rodri និងខ្សែប្រយុទ្ធ Morata បានរួមគ្នាអបអរជ័យជម្នះផ្តាច់ព្រ័ត្រ Euro 2024 ក្រោយឈ្នះតោកំណាចអង់គ្លេស ក្នុងន័យចំអកដល់ហ្ស៊ីប្រាល់តាថា «ហ្ស៊ីប្រាល់តា គឺជាអេស្ប៉ាញ» ដែលត្រូវបាន UEFA ដកបញ្ឈរជើង ១ប្រកួតផងដែរ៕