ជីប ម៉ុង ប្រកាសសម្ពោធជាផ្លូវការនូវផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ» ជំរុញការផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរកាន់តែខ្លាំង

11-10-2025 09:57

(ភ្នំពេញ)៖ ជីប ម៉ុង បើកសម្ពោធផ្សារទេសចរណ៍បែបខ្មែរ «ភូមិខ្មែរអ្នកធ្វើ» ដំបូងគេនៅកម្ពុជា ដែលបង្ហាញពីទីតាំងទេសចរណ៍ថ្មីមួយ បណ្តុំទៅដោយសិល្បៈវប្បធម៌ខ្មែរ ក្រោមវត្តមានចូលរួមពីលោកអ្នកឧកញ៉ាភាព ហៀក, លោកស្រី តែ សុវណ្ណី, ព្រមទាំងសមាជិកក្រុមប្រឹក្សាភិបាល ជីប ម៉ុង នាថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២៥ នៅខាងក្នុងផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គា ម៉ល។

ជីប ម៉ុង បានបង្កើតផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ» ក្នុងគោលបំណងផ្សារភ្ជាប់ផលិតផលខ្មែរទៅនឹងវិស័យទេសចរណ៍ ដើម្បីបង្ហាញដល់ភ្ញៀវជាតិ និងអន្តរជាតិពីភាពសម្បូរបែបនៃផ្សារទំនើប ក្រោមភាពច្នៃប្រឌិតនៃសហគ្រិនខ្មែរ។

«ភូមិខ្មែរអ្នកធ្វើ» គឺជាផ្សារទេសចរណ៍ដំបូងគេ ដែលបង្កប់ទៅដោយអត្តសញ្ញាណជាតិ ជាមួយនឹងរសជាតិដើមនៃមុខម្ហូបខ្មែរ ព្រមទាំងមានការតាំងលក់គំនូរបុរាណ ចម្លាក់ ហូលផាមួង គ្រឿងអលង្ការ និងរបស់របរជាច្រើនមុខទៀត ដែលសុទ្ធសឹងជាទម្រង់សិល្បៈធ្វើឡើងដោយស្នាដៃប្រជាជនតាមបណ្តាខេត្តផ្សេងៗគ្នា ប្រៀបដូចជាភូមិខ្មែរមួយ ដែលមានគ្រប់ផលិតផលបង្កើតឡើងដោយដៃខ្មែរ។

ជាពិសេស «ភូមិខ្មែរអ្នកធ្វើ» គឺជាការបង្ហាញសិល្បៈហត្ថកម្មប្រពៃណីខ្មែរពីការរៀបបាយសី ឬចាក់ផ្កា រួមទាំងសកម្មភាពសិល្បៈផ្សេងទៀត ពីរ ទៅ បីដង ជារៀងរាល់ចុងសប្តាហ៍ ដើម្បីជាការផ្សព្វផ្សាយចំណេះដឹង និងផ្នត់គំនិតអភិរក្ស ការពារវប្បធម៍ប្រពៃណីខ្មែរទៅដល់កូនខ្មែរជំនាន់ក្រោយ។

ផ្សារទេសចរណ៍ខ្មែរ «ភូមិខ្មែរអ្នកធ្វើ» បើកដំណើរការជារៀងរាល់ថ្ងៃ ពីម៉ោង១០ព្រឹក ដល់ ៩យប់ នៅផ្សារទំនើប ជីបម៉ុង ២៧១ មេហ្គា ម៉ល ជាន់ទី១ (ទល់មុខ ជីប ម៉ុង ស៊ុបភើម៉ាឃីត)៕

*គាំទ្រផលិតផលស្នាដៃខ្មែរ លើកស្ទួយសេដ្ឋកិច្ចក្នុងស្រុក