Aubameyang ស៊ុត ៤គ្រាប់ មុនពេលទទួលកាតក្រហម ខណៈនីហ្សេរីយ៉ា ខិតជិតយកបានកៅអី WC26
11-10-2025 10:43
(បរទេស)៖ ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang ដែលត្រូវបានជ្រើសរើសចេញពីក្លឹប Marseille រកបាន ៤គ្រាប់ម្នាក់ឯងតែម្តង មុនពេលត្រូវពិន័យកាតក្រហមចុងម៉ោងយប់មិញ គ្រាដែលនីហ្សេរីយ៉ា កាន់តែប្រកៀកយកបានកៅអី World Cup 2026។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

កីឡាករវ័យ ៣៦ឆ្នាំរូបនេះរកបាន ៤គ្រាប់ជាប់ៗគ្នាតែម្តង ដើម្បីរួមចំណែកជួយក្រុមជម្រើសជាតិកាបុង យកឈ្នះម្ចាស់ផ្ទះ ហ្គាំប៊ី ៤-៣ នៃវគ្គជម្រុះ World Cup 2026 ប្រចាំទ្វីបអាហ្រ្វិក (CAF) មុនពេលទទួលបានកាតលឿងជាលើកទី២ ស្មើនឹងកាតក្រហម បណ្តេញចេញពីទីលាននៅនាទី៨៥។
តាមរយៈជ័យជម្នះក្រៅដីនេះដែរ បានញាំងឱ្យកាបុង ដាច់ត្រឹម ១ពិន្ទុពីកូដឌីវ័រ ដែលជាក្រុមកំពូលតារាងប្រចាំពូល F ដោយពួកគេបានបំបាក់ Seychelles ៧-០ នាយប់មិញ ស្របពេលនីហ្សេរីយ៉ា ក៏បានយកឈ្នះម្ចាស់ផ្ទះ Lesotho ២-១ សន្សំពិន្ទុប្រចាំពូល C ដែរ។
ខ្សែប្រយុទ្ធ Victor Osimhen មកពីក្លឹប Galatasaray បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុម Adams បញ្ចប់ទីគ្រាប់ទី២ ដើម្បីធានាជ័យជម្នះទៅលើម្ចាស់ផ្ទះ Lesotho នៅពេលពួកគេវាយបកបានតែ ១គ្រាប់នៅ ៣នាទីបន្ទាប់ ក្រោយបញ្ចប់ដោយលទ្ធផលស្មើគ្នា ០-០ ក្នុងរយៈពេល ៤៥នាទីដំបូង។
តាមរយៈ ៣ពិន្ទុក្រៅដីនេះដែរ បានញាំងឱ្យក្រុមដំរីអាហ្វ្រិកមួយនេះ នៅតែមានឱកាសឆ្លងចូល World Cup ឆ្នាំក្រោយ ដ្បិតចាញ់ប្រៀប ៣ពិន្ទុពីក្រុមកំពូលតារាងប្រចាំពូល C គឺបេនីនក៏ដោយ ដែលត្រូវជ្រើសរើសតែក្រុមកំពូលតារាងប៉ុណ្ណោះ ដើម្បីធ្វើដំណើរទៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ហើយក្រុមលេខ២ ល្អ ក៏មានកៅអីលេងជម្រុះបន្តទៀតដែរ៕