Bitcoin ធ្លាក់ថ្លៃខ្លាំង ដល់ជាង ១០ម៉ឺនដុល្លារ ក្រោយលោក Trump បង្កើនសង្គ្រាមពាណិជ្ជកម្មជាមួយចិន
11-10-2025 10:46
(បរទេស)៖ តម្លៃរបស់ Bitcoin ដែលជាគ្រីបតូខឺរិនស៊ី (Cryptocurrency) ធំជាងគេបំផុតនៅលើពិភពលោក បានបន្តធ្លាក់ចុះយ៉ាងគំហុកនៅថ្ងៃសៅរិ៍សប្ដាហ៍នេះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចបង្កើនកម្រិតសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន។ ការប្រកាសនេះបានធ្វើឲ្យទីផ្សារហិរញ្ញវត្ថុសកលរង្គើ និងធ្វើឲ្យវិនិយោគិនបាត់បង់ទំនុកចិត្តលើទ្រព្យសកម្មដែលមានហានិភ័យខ្ពស់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥។

ការធ្លាក់ថ្លៃនេះបានកើតឡើងភ្លាមៗ បន្ទាប់ពីលោក ត្រាំ បានប្រកាសដំឡើងពន្ធនាំចូលលើទំនិញចិនដល់ទៅ ១០០% និងដាក់ការរឹតបន្តឹងលើការនាំចេញ «កម្មវិធីសំខាន់ៗ (critical software)» ដើម្បីឆ្លើយតបនឹងការរឹតបន្តឹងរបស់ចិនលើការនាំចេញធាតុរ៉ែដ៏កម្រ។ ភាពតានតឹងនេះបានជះឥទ្ធិពលភ្លាមៗដល់ទីផ្សារភាគហ៊ុនសកល ដោយសន្ទស្សន៍ S&P 500 របស់អាមេរិកបានធ្លាក់ចុះជាង ២%។
គិតត្រឹមម៉ោង ១៧:២០ ET (Eastern Time) ឬត្រូវនឹងម៉ោង ០៤:២០ ទៀបភ្លឺ ថ្ងៃសៅរ៍ នៅក្នុងប្រទេសកម្ពុជា Bitcoin បានធ្លាក់ថ្លៃចុះប្រមាណ ៨,៤% មកនៅត្រឹម ១០៤,៧៨២ ដុល្លារ។ ដោយឡែក កាក់ Ethereum ដែលជា Cryptocurrency ធំទីពីរ ក៏បានធ្លាក់ថ្លៃ ៥,៨% មកនៅត្រឹម ៣,៦៣៧ ដុល្លារ ផងដែរ។
អ្នកជំនាញមើលឃើញថា ទំនាក់ទំនងជម្លោះពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ បានក្លាយជាកត្តាដ៏សំខាន់មួយដែលរុញច្រានតម្លៃ Cryptocurrency ឲ្យចុះទាប ខណៈវិនិយោគិនកំពុងប្រុងប្រយ័ត្នខ្ពស់ចំពោះហានិភ័យសេដ្ឋកិច្ចសកលនាពេលអនាគត៕