Paragon Education បន្ថែមការវិនិយោគជាមួយសិស្សក្នុង ១ឆ្នាំជិត២០ម៉ឺនដុល្លារ ដើម្បីផ្តល់រង្វាន់លើកទឹកចិត្ត និងផ្តល់អាហារូបករណ៍ជាច្រើនកន្លែង

11-10-2025 10:51

(ភ្នំពេញ)៖ ក្រុមហ៊ុន ផារ៉ាហ្គន អេឌ្យូខេសិន ឯ.ក (Paragon Education Co., Ltd) បានបន្ថែមការវិនិយោគជាមួយសិស្សានុសិស្សជិត ២០ម៉ឺនដុល្លារ សម្រាប់ការផ្តល់រង្វាន់លើកទឹកចិត្ត និងអាហារូបករណ៍ជាច្រើនកន្លែងនៅក្នុងឆ្នាំសិក្សាថ្មី។ ការយកចិត្តទុកដាក់ផ្តល់ការវិនិយោគបន្ថែមនេះ គឺដើម្បីគាំទ្រ និងជំរុញលើកទឹកចិត្ត ដល់ការខិតខំប្រឹងប្រែងក្រេបយកចំណេះដឹងរបស់សិស្សានុសិស្ស។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានកិត្តិយសក្រុមហ៊ុនផារ៉ាហ្គន អេឌ្យូខេសិន ឯ.ក ថ្លែងក្នុងពិធីប្រគល់រង្វាន់ជូន សិស្សានុសិស្សនៃសាលាអន្តរជាតិផារ៉ាហ្គនសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

លោកបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងនូវមោទកភាពចំពោះក្មួយៗសិស្សានុសិស្ស សាលាអន្តរជាតិផារ៉ាហ្គនចំនួន១០រូប ដែលទទួលបាននិទ្ទេស A ពីការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ និងសិស្សដែលប្រឡងបានលំដាប់ពិន្ទុ A* (អេ ផ្កាយ) ពីការប្រឡងខេមប្រ៊ីជ A Level ចំនួន១រូប រួមទាំងសិស្សប្រឡងបានលំដាប់ពិន្ទុ A ពីការប្រឡងខេមប្រ៊ីជ AS Level ចំនួន៥រូប និងសិស្សប្រឡងបានលំដាប់ពិន្ទុ A*/A ពីការប្រឡងខេមប្រ៊ីជ IGCSE ចំនួន៣រូប ជាពិសេសសិស្សប្រឡងជាប់សិស្សពូកែទូទាំងប្រទេស ចំនួន៣រូបទៀត។ ដែលពួកគេនឹងទទួលបានអាហារូបករណ៍ពីសាលាអន្តរជាតិផារ៉ាហ្គន នាពេលនេះដោយក្នុងមួយនាក់ៗ មានថវិកាសម្រាប់ការសិក្សាប្រមាណជាង៤ម៉ឺនដុល្លាអាម៉េរិក។ បន្ថែមពីនេះ សិស្សានុសិស្សដែលទទួលបានលទ្ធផលល្អពីការប្រឡង ខេមប្រ៊ីជកម្រិតបឋមសិក្សានឹងទទួលបានបណ្ណបញ្ចុះតម្លៃចាប់ពី៥០ដុល្លារ រហូតដល់១០០ដុល្លារ សម្រាប់ការចុះឈ្មោះ ចូលរៀនក្នុងក្លឹបក្រៅម៉ោងសិក្សានៅសាលាអន្តរជាតិផារ៉ាហ្គន ដែលមានតម្លៃស្មើនឹងទឹកប្រាក់ប្រមាណជាង ៥ពាន់ដុល្លារ។

ជាមួយគ្នានេះ លោកបណ្ឌិត អ៊ាង សុផល្លែត ក៏បានសម្តែងការអបអរសាទរជូនចំពោះមាតា បិតា និងអាណាព្យាបាលសិស្ស លោកគ្រូ អ្នកគ្រូ និងថ្នាក់ដឹកនាំសាលាទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យពួកគេទទួលបាននិទ្ទេសល្អនាថ្ងៃនេះ។ ទាំងនេះគឺសរបញ្ជាក់ពីការលះបង់ទាំងកម្លាំងកាយចិត្ត និងការខិតខំប្រឹងប្រែងជ្រោមជ្រែងក្នុងការបង្កើតធនធានមនុស្សរបស់កម្ពុជាប្រកបដោយគុណធម៌ និងគុណវឌ្ឍិដែលជាសសរទ្រូងទ្រទ្រង់ជាតិ ហើយគឺជាមោទកភាពរបស់អ្នកជាមាតា បិតា លោកគ្រូ អ្នកគ្រូក្នុងការធ្វើឱ្យអ្នកជំនាន់ក្រោយក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាព មានចំណេះដឹងខ្ពស់ មានជំនាញជាក់លាក់ ប្រកបដោយភាពថ្លៃថ្នូរ និងខ្ពង់ខ្ពស់។

ទន្ទឹមនេះ ក្រុមហ៊ុន ផារ៉ាហ្គន អេឌ្យូខេសិន ឯ.ក (Paragon Education Co., Ltd) នៅតែបន្តជំរុញ និងលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ដែលបានខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីពង្រឹងសមត្ថភាពនិងគុណភាពរបស់ខ្លួនបន្តចាប់យកឱកាសក្នុងការអភិវឌ្ឍខ្លួនឯងឱ្យក្លាយទៅជាធនធានប្រកបដោយគុណភាព នៅលើឆាកជាតិ និងអន្តរជាតិ ដែលត្រូវបានគេទទួលស្គាល់ទូទាំងសកលលោក។

អគារលេខ៤០២ ផ្លូវលំ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ១២០៧០១ ព្រះរាជាណាចក្រកម្ពុជា, ទូរស័ព្ទ៖ +៨៥៥​​ ១២ ៤៤ ៦៦ ៤៤
អ៉ីមែល ៖ [email protected]