មន្ដ្រីសហព័ន្ធ រំពឹងញាំងកីឡាហុកគីកាន់តែពេញនិយមក្នុងស្រទប់យុវវ័យ ក្រោយបញ្ចប់វគ្គគ្រូបង្វឹកកម្រិត១
13-10-2025 08:45
(ភ្នំពេញ)៖ លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា រំពឹងវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិត១ នឹងអាចញាំងឲ្យប្រភេទកីឡាអូឡាំពិនេះ កាន់តែពេញនិយមក្នុងស្រទាប់យុវវ័យ ។ ការបង្ហាញសុទិដ្ឋនិយមនេះក្រោយសហព័ន្ធបានបញ្ចប់វគ្គសាមគ្គីអូឡាំពិក ស្ដីពីគ្រូបង្វឹកកីឡាហុកគីកម្រិត១ ដោយជោគជ័យ បន្ទាប់ពីដំណើរការសិក្សារយៈពេល ៥ថ្ងៃ កាលពីសប្ដាហ៍កន្លងទៅ។

វគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាមចូលរួមចំនួន ២៥នាក់ មកពីក្លិប និងសមាគមចំនួន ៤ រួមមានរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តកំពង់ធំ និងខេត្តសៀមរាប ព្រមទាំងកីឡាករ-កីឡាការិនីជម្រើសជាតិផងដែរ ។ វគ្គនេះដែរ រៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងសហព័ន្ធ ក្រោមគម្រោងអង្គការសាមគ្គីអូឡាំពិក និងសហព័ន្ធកីឡាហុកគីអន្តរជាតិ(FIH) ដែលបង្រៀនដោយគ្រូឧទ្ទេសជនជាំតិប៉ាគីស្ថានលោក Tahir Zaman។
អគ្គលេខាធិការសហព័ន្ធខាងលើ បានបញ្ជាក់ថា មុនដំណើរការវគ្គសិក្សានេះ សហព័ន្ធបានជ្រើសរើសគ្រូ នៅតាមបណ្តាក្លិប សមាគម ជាសមាជិកដែលមានសកម្មភាពប្រក្រតី(ប្រជាប្រិយ)នៅមូលដ្ឋាន និងមានសក្តានុពលទាំងបរិមាណ និងគុណផល។ ក្រៅពីនោះ សហព័ន្ធក៏បានកំណត់យកកីឡាករ-កីឡារិនីជម្រើសជាតិ ដើម្បីឲ្យពួកគេមានលក្ខណ:សម្បត្តិសមរម្យជាគ្រូកម្រិត១ នាពេលអនាគតផងដែរ។
លោកបន្ដថា ទោះបីវគ្គបណ្តុះបណ្តាលនេះ មានរយ:ពេលខ្លីបន្តិចមែន ប៉ុន្តែមានទាំងទ្រឹស្ដី និងអនុវត្ត ហើយក៏មានការប្រកួតសាកល្បងផងដែរ។ ចំពោះខ្លឹមសារមេរៀន រួមមាន៖ ១.ប្រវត្តិខ្លះៗស្តីពីកីឡាហុកគី ២.ការរៀបចំខ្លួនជា គ្រូបង្វឹក ៣. ការបង្ហាញពាក្យបច្ចេកទេស ៤.ការរៀបចំក្រុម ៥.ការកម្ដៅសាច់ដុំ ៦.ការរៀបចំទីលាន ៧.ហានិភ័យពេល មុន និងក្រោយពេលបង្វឹកហាត់ និងមេរៀនស្តីពីការពន្លាសាច់ដុំក្រោយការបង្វឹកហាត់ ជាដើម។
ចុងក្រោយលោក កាំង សុធា បានធ្វើសេចក្ដីសន្និដ្ឋានយ៉ាងដូច្នេះថា «វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ ក្នុងការលើកកម្ពស់សមត្ថភាពធនធានមនុស្សលើផ្នែកកីឡាហុកគី ពីព្រោះគ្រូបង្វឹកជាអ្នកសាបព្រួសនូវចំណេះដឹង ចំណេះបច្ចេកទេសដល់សិស្សរបស់ខ្លួន ដើម្បីញុំាងកីឡាហុកគី កាន់តែពេញនិយមក្នុងស្រទាប់យុវវ័យ និងវ័យផ្សេងទៀត នៅមូលដ្ឋានរបស់ខ្លួន»៕