ពីលំដាប់ទាបបំផុត Valentin Vacherot ឡើងមកលេខ៤០ ក្រោយស្គាល់ជើងឯក ATP Masters 1000 នៅកម្មវិធី Shanghai Masters
13-10-2025 09:02
(សៀងហៃ)៖ ពីកីឡាករឈរលេខ ២០៤ពិភពលោក បរុសចេញពីទីក្រុង Monaco វ័យ ២៦ឆ្នាំ Valentin Vacherot បានស្គាល់តំណែងជើងឯកពានរង្វាន់កម្រិត ATP Masters 1000 លើកដំបូងក្នុងអាជីព ក្រោយការប្រកួតក្នុងព្រឹត្តិការណ៍ Shanghai Masters 2025 កាលពីថ្ងៃអាទិត្យ។

Valentin Vacherot បានឡើងមកឈរលេខ ៤០ពិភពលោកគិតត្រឹមថ្ងៃទី១៣ ខែតុលានេះ ក្រោយពីបានយកឈ្នះអ្នកជិតខាងសញ្ជាតិបារាំង Arthur Rinderknech ក្នុងលទ្ធផល 4-6 6-3 6-3 នៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីទម្លាក់ជើងឯកខ្លាំងនឹងជាម្ចាស់ពាននេះ ៤សម័យ Novak Djokovic ពីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រយ៉ាងអស្ចារ្យ។
ជ័យជម្នះរបស់កីឡាករវ័យ ២៦ឆ្នាំរូបនេះ ក៏បានធ្វើឱ្យគាត់ក្លាយជាកីឡាករដំបូងគេមកពីទីក្រុង Monaco ដែលបានឈ្នះពានរង្វាន់កម្រិត ATP ឯកត្តជន និងបានបង្កើតកំណត់ត្រាជាកីឡាករដែលមានចំណាត់ថ្នាក់ទាបបំផុតមួយដែលបានឈ្នះក្នុងព្រឹត្តិការណ៍ ATP Masters 1000៕