Coco Gauff ក្លាយជាម្ចាស់ពាន WTA 1000 ជាលើកទី៣ នឹងទី១ នៅទីក្រុង Wuhan
13-10-2025 09:21
(វូហាន)៖ ម្ចាស់ជើងឯក French Open 2025 កីឡាការិនី Coco Gauff ពេលនេះបានស្គាល់រសជាតិពានវាយកូនបាល់កម្រិត WTA 1000 ជាលើកទី៣ ក្នុងអាជីពរបស់នាង និងលើកទី១ នៅទីក្រុង Wuhan បន្ទាប់ពីយកឈ្នះមិត្តរួមជាតិអាមេរិក Jessica Pegula ក្នុងលទ្ធផល 6-4 7-5 នៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ។

ស្ថិតក្នុងការប្រកួតនេះ Gauff ដែលបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Wuhan កាលពីឆ្នាំមុនផងនេះ បានតាមពីក្រោយនៅការនាំមុខរបស់ Jessica Pegula ៣-០ ក្នុងសិតទី២ ប៉ុន្តែបានវាយបកវិញយកបានលទ្ធផល 3-5 មុនពេលឈ្នះ ៤សិតជាប់ៗគ្នា ដើម្បីដណ្តើមពានរង្វាន់ Wuhan Open 2025 ដែលស្ថិតក្នុងកម្រិតប្រកួត WTA Tour ។
ពីកម្មវិធីវាយកូនបាល់ Wuhan Open 2025 សម្រាប់ម្ចាស់ជើងឯកក៏នឹងទទួលបានទឹកប្រាក់រង្វាន់សរុបប្រមាណ ៥៩៦,០០០ម៉ឺនដុល្លារ ហើយផ្នែកប្រកួតជាគូមានទឹកប្រាក់រង្វាន់សរុប ១៧៥,៤២០ម៉ឺនដុល្លារផងដែរ ។
សូមជម្រាបផងថា តាមរយៈជ័យជម្នះនេះ បានធ្វើឱ្យកីឡាការិនីវ័យ ២១ឆ្នាំ Coco Gauff ស្គាល់ការឈ្នះពានរង្វាន់កម្រិត WTA ក្នុងអាជីពលើកទី ១១របស់នាង ដោយបន្ថែមទៅលើជ័យជម្នះ WTA 1000 របស់នាងនៅកម្មវិធី Cincinnati (2023) និង Beijing (2024) ហើយបានឈានដល់វគ្គផ្តាច់ព្រ័ត្រលើកទី៣ នៅក្នុងឆ្នាំ២០២៥ បន្ទាប់ពីយកបានត្រឹមជើងឯករងនៅទីក្រុង Madrid និង Rome ៕