ទិន្នន័យអតិថិជន Qantas រាប់លាននាក់ ត្រូវបានក្រុម Hacker បញ្ចេញជាសាធារណៈ បន្ទាប់ពីការជំរិតទារប្រាក់មិនបានសម្រេច

13-10-2025 10:03

(បរទេស)៖ ក្រុមហ៊ុនអាកាសចរណ៍យក្ស Qantas របស់អូស្ត្រាលី បានប្រកាសនៅថ្ងៃអាទិត្យថា ទិន្នន័យផ្ទាល់ខ្លួនរបស់អតិថិជនខ្លួនមួយចំនួនធំ ត្រូវបានក្រុមឧក្រិដ្ឋជនអ៊ីនធឺណិតចេញផ្សាយជាសាធារណៈ។ ការបញ្ចេញទិន្នន័យនេះបានកើតឡើងប៉ុន្មានខែក្រោយហេតុការណ៍លួចទិន្នន័យដ៏ធំកាលពីដើមខែកក្កដា ឆ្នាំ២០២៥ ដែលជាការវាយប្រហារដ៏ធ្ងន់ធ្ងរមួយតាមរយៈប្រព័ន្ធរបស់ភាគីទីបី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។

ក្រុមហ៊ុន Qantas បានបញ្ជាក់ថា ហេតុការណ៍លួចទិន្នន័យកាលពីខែកក្កដានោះ បានប៉ះពាល់ដល់អតិថិជនរាប់លាននាក់។ ក្នុងនោះ អតិថិជនជាងមួយលាននាក់ត្រូវបានគេលួចយកព័ត៌មានរសើបដូចជា លេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត ឬអាសយដ្ឋាន ខណៈបួនលាននាក់ផ្សេងទៀតត្រូវបានលួចយកត្រឹម ឈ្មោះ និងអ៊ីមែលប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនអាកាសចរណ៍បានសង្កត់ធ្ងន់ថា ព័ត៌មានសំខាន់ៗដូចជា លេខប័ណ្ណឥណទាន លិខិតឆ្លងដែន ឬព័ត៌មានហិរញ្ញវត្ថុ មិនត្រូវបានលួចឡើយ។

បច្ចុប្បន្ន ក្រុមហ៊ុនកំពុងសហការយ៉ាងជិតស្និទ្ធជាមួយអ្នកជំនាញផ្នែកសន្តិសុខអ៊ីនធឺណិត ដើម្បីស៊ើបអង្កេតនិងកំណត់ឱ្យបានច្បាស់លាស់ថា តើទិន្នន័យអ្វីខ្លះដែលត្រូវបានបញ្ចេញជាសាធារណៈ។ យោងតាមសេចក្តីរាយការណ៍ ក្រុម Hacker ឈ្មោះ Scattered Lapsus$ Hunters គឺជាអ្នកនៅពីក្រោយការចេញផ្សាយនេះ ក្រោយពីមានការជំរិតទាមទារប្រាក់របស់ពួកគេ។ ក្រុមហ៊ុន Qantas ក៏បានស្នើចេញដីកាតុលាការជាបន្ទាន់ផងដែរ ដើម្បីទប់ស្កាត់ការប្រើប្រាស់ ឬចែកចាយទិន្នន័យដែលត្រូវបានលួចបន្តទៀត។

គួរជម្រាបថា ឧប្បត្តិហេតុនេះ បានបង្កើនការយកចិត្តទុកដាក់សាជាថ្មីចំពោះបញ្ហាសន្តិសុខអ៊ីនធឺណិតនៅអូស្ត្រាលី ដោយសារវាជាការវាយប្រហារដ៏ល្បីល្បាញបំផុត បន្ទាប់ពីក្រុមហ៊ុនទូរគមនាគមន៍ Optus និងក្រុមហ៊ុនធានារ៉ាប់រង Medibank ត្រូវបានវាយប្រហារកាលពីឆ្នាំ២០២២ ដែលជាហេតុជំរុញឱ្យមានការបង្កើតច្បាប់តឹងរ៉ឹងបន្ថែមទៀតស្តីពីភាពធន់នៃប្រព័ន្ធអ៊ីនធឺណិត៕