អតីតតារាសម្តែង ស៊ិន នារីរ័ត្ន បង្ហាញមុខជំនួញទី៣ ក្រោយបោះបង់សិល្បៈជិត១០ឆ្នាំ !
13-10-2025 10:57
(ភ្នំពេញ)៖ អតីតតារាសម្តែងនិងជាពិធីការិនីល្បីឈ្មោះ ស៊ិន នារីរ័ត្ន បានបង្ហាញនូវវត្តមានថ្មីជាមួយការបើកភោជនីយដ្ឋានបែបជប៉ុនដែលជាសាខាទី៣របស់ខ្លួន។ ជិត១០ឆ្នាំមកហើយដែលអតីតតារាសម្តែងនិងជាពិធីការិនីល្បីឈ្មោះ ស៊ិន នារីរ័ត្ន បានឃ្លាតឆ្ងាយពីសិល្បៈដើម្បីធ្វើជាស្រ្តីមេផ្ទះផងនិងជាអ្នករកស៊ីផង ជាក់ស្តែងថ្មីៗនេះនាងបានពង្រើកភោជនីយដ្ឋានបែបជប៉ុនដែលជាទី៣របស់ខ្លួន ដោយបានអញ្ជើញមិត្តសិល្បករជាច្រើនចូលរួមអបអរសាទរ ។

អ្នកនាង ស៊ិន នារីរ័ត្ន ត្រូវបានចាត់ទុកថាជាអតីតតារាសម្តែងនិងជាពិធីការិនីមួយរូបដែលជោគជ័យទាំងជីវិតគ្រួសារនិងការងាររកស៊ី ទោះបីជានាងបានបោះបង់អាជីពសិល្បៈចោលអស់ពេលជិត១០ឆ្នាំប៉ុន្តែកេរ្តិ័ឈ្មោះរបស់នាងនៅតែល្បីល្បាញនិងមានទស្សនិកជនច្រើនស្រឡាញ់និងចូលចិត្ត ។
ជាមួយនិងការបើកសម្ពោធភោជនីយដ្ឋានបែបជប៉ុនដែលមានឈ្មោះថា Shacho ជាសាខាទី៣របស់អតីតតារាសម្តែងនិងជាពិធីការិនីល្បីឈ្មោះ ស៊ិន នារីរ័ត្ន កាលពីថ្ងៃទី១០ខែ តុលា កន្លងមកនេះ ដែលមានទីតាំងនៅម្តុំបឹងកេងកង យើងចាប់អារម្មណ៍ឃើញថាទាំងការរៀបចំហាង និងម្ហូបអាហារ មើលទៅពិតជាទាក់ទាញខ្លាំងណាស់ ។ ស៊ិន នារីរ័ត្ន បានឱ្យដឹងផងដែរថា ការបើកភោជនីយដ្ឋាននេះគឺជាគំនិតរបស់ស្វាមីនាងដែលបានសិក្សាយ៉ាងច្បាស់លាស់ពីវិស័យម្ហូបអាហារ ជាពិសេសហាងថ្មីនេះគឺមានលក្ខណៈពិសេសជាច្រើនក្នុងនោះក៏មានបញ្ចុះតម្លៃពី២០ភាគរយចាប់ពីថ្ងៃសម្ភោធរហូតដល់ដាច់ខែតុលា ។
អ្នកនាង ស៊ិន នារីរ័ត្ន អតីតតារាសម្តែងពិធីការិនីនិងជាម្ចាស់ហាង Shacho ១ បានថ្លែងថា ថ្វីដ្បិតតែមមាញឹកនៅក្នុងការងាររកស៊ី តែ ស៊ិន នារីរ័ត្ន នៅតែមានការនឹករលឹកចំពោះវិស័យសិល្បៈ ពីព្រោះអាជីពនេះបានធ្វើឱ្យនាងមានល្បីល្បាញមកដល់សព្វថ្ងៃនេះ ។
អ្នកនាង ស៊ិន នារីរ័ត្ន អតីតតារាសម្តែងពិធីការិនីនិងជាម្ចាស់ហាង បានបន្តថា ក្រៅពីមានឈ្មោះជាម្ចាស់ភោជនីយដ្ឋាន Shacho ស៊ិន នារីរ័ត្ន និងស្វាមីក៏មានអាជីវកម្មជាច្រើនផ្សេងទៀតនៅក្នុងដៃ ទៅថ្ងៃអនាគតនាងមានគម្រោងនឹងពង្រើកភោជនីយដ្ឋានរបស់ខ្លួនឱ្យបានច្រើនទូទាំងទីក្រុងនិងតាមបណ្តាខេត្តនានា...។ បច្ចុប្បន្ន ស៊ិន នារីរ័ត្ន មានកូនចំនួន៤នាក់នៅក្នុងគ្រួសារ ពីមួយថ្ងៃទីមួយថ្ងៃនាងទទួលបានការស្រឡាញ់និងការថ្នាក់ថ្នមយ៉ាងខ្លាំងពីស្វាមីបណ្តូលចិត្ត៕