ឧបនាយករដ្ឋមន្ដ្រី ហងជួន ណារ៉ុន តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជួបសំណេះសំណាល និងលើកទឹកចិត្តប្រតិភូកីឡាកម្ពុជា មុនចេញទៅប្រកួតកីឡាយុវជនអាស៊ី នៅបារ៉ែន

13-10-2025 12:55

(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នេះ បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍ណែនាំ ព្រមទាំងជូនដំណើរ និងលើកទឹកចិត្ត ដល់ប្រតិភូកីឡាកម្ពុជា នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា មុនចេញទៅប្រកួតកីឡាយុវជនអាស៊ី លើកទី៣ ឆ្នាំ២០២៥ នៅប្រទេសបារ៉ែន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២២-៣១ ខែតុលាខាងមុខ។

ក្នុងនាមដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីនាយករដ្ឋមន្ដ្រី លោកឧបនាយករដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បានពាំនាំនូវការផ្ដាំផ្ញើឲ្យកីឡាករ-កីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ទោះបីឈ្នះ ឬចាញ់ តែត្រូវប្រកាន់ភ្ជាប់នូវការគោរពបទបញ្ជាការប្រកួត ក្រមសីលធម៌ គឺបើឈ្នះ ក៏ឈ្នះដោយមានកិត្តិយស បើចាញ់ ក៏ចាញ់ដោយមានកិត្តិយសដែរ ។ ជាពិសេសត្រូវជៀសវាងជាដាច់ខាត ក្នុងការប្រើប្រាស់សារធាតុហាមឃាត់ “Doping” ដែលនាំដល់ការខូចខាត និងប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយសជាតិ។

លោកឧបនាយករដ្ឋមន្ដ្រីបន្ដទៀតថា ការចូលរួមប្រកួតកីឡាយុវជនអាស៊ី លើកនេះ មានសារៈសំខាន់ សម្រាប់កម្ពុជា ក្នុងការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះបន្ដវេន សម្រាប់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៤ ឆ្នាំ២០២៩ ដែលរាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យរៀបចំ បន្ទាប់ពីកម្ពុជាធ្លាប់បានទទួលបានជោគជ័យដ៏ត្រចេះត្រចង់ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

ដូច្នេះដើម្បីត្រៀមលក្ខណៈសម្បត្តិធ្វើម្ចាស់ផ្ទះឲ្យបានល្អ និងជោគជ័យ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានផ្តល់អនុសាសន៍ និងជំរុញ ប្រសិទ្ធភាពក្នុងការយកចិត្តទុកដាក់ អំឡុងពេលចូលរួមប្រកួត នៅប្រទេសបារ៉ែន នាពេលខាងមុខ ចំនួន ៥ចំណុច រួមមាន៖

១. រក្សាឲ្យបានដាច់ខាតនូវកិត្តិយស សេចក្តីថ្លៃថ្នូរបស់ជាតិ គ្រប់សកម្មភាព និងឥរិយាបថ អំឡុងពេល បំពេញបេសកកម្មចូលរួមការប្រកួតនេះ។
២. គោរពវិន័យ គោលការណ៍ណែនាំ និងក្រមសីលធម៌របស់ប្រតិភូកីឡា ដែលមាននាយបេសកកម្ម និងនាយបេសកកម្មរងជាអ្នកទទួលខុសត្រូវ ក្នុងប្រតិបត្តិការងារផ្ទាល់ជាមួយម្ចាស់ផ្ទះ ក្រុមប្រឹក្សាអូឡាំពិកអាស៊ី គណៈប្រតិភូកីឡាប្រទេសដទៃទៀត ដើម្បីធានាសុវត្ថិភាព និងភាពកក់ក្តៅដល់កីឡាករ-កីឡាការិនី។
៣. សូមកីឡាករ-កីឡាការិនី និងគ្រូបង្វឹក ខិតខំប្រឹងប្រែងយកអស់សមត្ថភាព លទ្ធភាព និងប្រឹងឱ្យអស់ ថាមពល នៃគុណផលកីឡារបស់ខ្លួន ធ្វើការប្រកួតឱ្យទទួលបានលទ្ធផលបច្ចេកទេសល្អ និងទទួលបាន ជោគជ័យលាភីជូនជាតិ ប៉ុន្តែរក្សាកិត្តិយសជាកីឡាករ ដោយមិនរំលោភបទបញ្ជាការប្រកួត និងមិនប្រើប្រាស់សារធាតុ Doping ជាដាច់ខាត់ ។
៤. ចំពោះកីឡាករ-កីឡាការិនី និងគ្រូបង្វឹក អំឡុងពេលមុនចេញដំណើរ និងពេលប្រកួតត្រូវប្រយ័ត្នប្រយែងបញ្ហាសុខភាពជាចម្បង និងជៀសវាងការគ្រេចផ្លោះ របួសស្នាម អំឡុងមុនពេលប្រកួត ដើម្បីជៀសវាងពាក្យថា " ចាញ់មុនប្រកួត” ដោយគ្មានហេតុផលសមរម្យ ។
៥. សូមមន្ត្រី ក្រុមការងាររដ្ឋបាល ក្រុមសិក្សាស្រាវជ្រាវ រៀបចំនីតិវិធី និងវិធីសាស្ត្រតាមដានវាយតម្លៃ ចំណុចវិជ្ជមាន អវិជ្ជមានរបស់ម្ចាស់ផ្ទះ ដើម្បីចងក្រងជាមេរៀនបទពិសោធន៍ ត្រៀមធ្វើម្ចាស់ផ្ទះឆ្នាំ២០២៩។

តាមប្រសាសន៍របស់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី នៅទីក្រុងម៉ាណាម៉ា នាចុងខែតុលានេះ មាន ២៣ប្រភេទកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកក្នុងទ្វីបអាស៊ីចំនួន ៤៥ប្រទេសចូលរួម ដោយកម្ពុជាត្រៀមចូលរួមចំនួន ១៤ប្រភេទកីឡា លើ ៧១វិញ្ញាសា រួមមានកីឡា អត្តពលកម្ម ហែលទឹក វាយសី បាល់បោះ ជឺជីតស៊ូ យូដូ គុនខ្មែរ យុទ្ធគុនចម្រុះ តេក្វាន់ដូ-WT វាយកូនឃ្លីលើតុ លើកទម្ងន់ បាល់ទាត់លើតុ បញ្ចស៊ីឡាត់ និងកីឡាចំបាប់ ក្នុងនោះមានកីឡាករ-កីឡាការិនីចំនួន ៥២នាក់ គ្រូបង្វឹក ២១នាក់ មន្ត្រីនិងថ្នាក់ដឹកនាំកីឡា ៤០នាក់ ព្រមទាំងក្រុមសិល្បៈ ៤៤នាក់ សរុបប្រតិភូកីឡាកម្ពុជាចំនួន ១៥៧នាក់។

ក្រោមការយកចិត្តទុកដាក់ និងការប្រមូលផ្តុំក្រុមជម្រើសជាតិថ្នាលហាត់ហ្វឹកហ្វឺនពេញមួយឆ្នាំ របស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា លោករំពឹងថា កីឡាករ-កីឡាការិនី នឹងផ្តល់ទំនុកចិត្តលើគុណផលកីឡារបស់ខ្លួន អាចនឹងឈានទៅរកជយលាភីមេដាយជូនជាតិជាក់ជាពុំខាន ។ ក្នុងនាមប្រធានប្រតិភូ នាយបេសកកម្ម និងក្រុមការងារសម្របសម្រួល លោកក៏បានប្ដេជ្ញាខិតខំប្រឹងប្រែងប្រកបដោយស្មារតីបុរេសកម្ម ដើម្បីធានាសុខភាព សុវត្ថិភាព ភាពកក់ក្តៅ និងភាពជឿជាក់ជូនដល់កីឡាករ កីឡាការិនី ទាំងពេលធ្វើដំណើរចាកចេញ អំឡុងពេលប្រកួត និងពេលត្រឡប់មកវិញ។

ចំពោះកម្មវិធីទទួលទង់ធ្វើជាម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៤ លោកថា NOCC បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការរៀបចំកម្មវិធីទទួលទង់កីឡាទៅតាមការសម្របសម្រួលរបស់ម្ចាស់ផ្ទះបារ៉ែន ដើម្បីឲ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន ប្រកបដោយមោទនភាពជាតិក្នុងការទាក់ទាញចំណាប់អារម្មណ៍ប្រតិភូកីឡា និងអត្តពលិកអាស៊ីទាំងអស់ ដើម្បីទទួលស្វាគមន៍ភ្ញៀវមកទស្សនាកម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ នាឆ្នាំ២០២៩ ផងដែរ៕