Depay បង្កើតប្រវត្តិសាស្រ្តថ្មីជាមួយហូឡង់ អតីតក្រុមជើងឯករង World Cup 2010

13-10-2025 13:56

(បរទេស)៖ ខ្សែប្រយុទ្ធ Memphis Depay ជាកីឡាករតែម្នាក់គត់ដែលបញ្ជូន និងស៊ុតបានច្រើនជាងគេសម្រាប់ក្រុមជម្រើសជាតិហូឡង់នាពេលនេះ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ក្នុងប្រកួតជម្រុះ World Cup 2026 នាយប់មិញ កីឡាករវ័យ ៣១ឆ្នាំដែលត្រូវបានជ្រើសរើសចេញពីក្លឹប Corinthians នៃប្រទេសប្រេស៊ីល បានរួមចំណែក ៣គ្រាប់ ពោលគឺបញ្ជូនបាន ២គ្រាប់ និងស៊ុតខ្លួនឯង ១គ្រាប់ផងដែរ ក្នុងជ័យជម្នះ ៤ទល់នឹង០ របស់ហូឡង់បំបាក់ក្រុមភ្ញៀវហ្វាំងឡង់ នៅកីឡដ្ឋាន Johan Cruijff Arena នៅពីមុខអ្នកទស្សនាផ្ទាល់ប្រមាណជាង ៥ម៉ឺននាក់។

ការបោះបាល់ឱ្យមិត្តរួមក្រុមមកពីក្លឹប Aston Villa គឺ Donyell Malen បញ្ចប់ទីគ្រាប់ដំបូង និង free kick ឱ្យប្រធានក្រុម Liverpool គឺ Virgil van Dijk តែតគ្រាប់នាំមុខ ២-០ វាជាការបញ្ជូនបានគ្រាប់ទី៣៥ ជាមួយហូឡង់ នាំមុខ ២គ្រាប់អតីតម្ចាស់កំណត់ត្រាចាស់ Wesley Sneijder។

ទន្ទឹមគ្នានោះដែរ Depay ក៏រកបាន ៥៤គ្រាប់ច្រើនជាងគេ ដែលបានបំបែកកំណត់ត្រាចាស់កាលពីខែមុន នៅពេលដែលខ្សែប្រយុទ្ធ Cody Gakpo មកពី Liverpool ជាអ្នករកបានគ្រាប់ទី៤ ដែលជាការបញ្ជូនរបស់ Xavi Simons មកពី Tottenham Hotspur។

ក្រោយឆ្លងកាត់ ៦ប្រកួត ហូឡង់ក្រុមលេខ៣ World Cup 2014 បន្តឈរទីកំពូលតារាងប្រចាំពូល G ដោយនាំមុខ ៣ពិន្ទុពីក្រុមលេខ២ ប៉ូឡូញ ដែលពួកគេបានបំបាក់លីទុយអានី ២-០ កាលពីរាត្រីថ្ងៃអាទិត្យដែរ នៅពេលកីឡាករ Sebastian Szymanski និង Robert Lewandowski ជាអ្នករកបានគ្រាប់ជ័យជម្នះ៕