តេក្វាន់ដូ WT ពង្រីកការរៀបចំព្រឹត្តិការណ៍ថ្មី ដើម្បីចម្រាញ់យុវជនឆ្នើមត្រៀមឆ្ពោះទៅឆ្នាំ២០២៩

13-10-2025 14:15

(ភ្នំពេញ)៖ ខេមរសហព័ន្ធតេក្វាន់ដូ បានរៀបចំការប្រកួតកីឡាតេក្វាន់ដូ WT HOPE League Taekwondo Competition រដូវកាលទី១ ឆ្នាំ២០២៥ កាលពីចុងសប្ដាហ៍កន្លងទៅ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីចម្រាញ់យុវជនឆ្នើម ក្នុងចំណោមអ្នកខ្លាំង ក្រោមពាក្យស្លោក «The Best of The Best» សម្រាប់ត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវចនអាស៊ី លើកទី៤ នាឆ្នាំ២០២៩។

លោក ឆយ យ៉ុងស៊ុក គ្រូបង្វឹកក្រុមជម្រើសជាតិតេក្វាន់ដូ WT កម្ពុជា បានឲ្យដឹងថា នេះគឺជាព្រឹត្តិការណ៍ថ្មីមួយទៀត សម្រាប់ផ្ដល់ឱកាសដល់កីឡាករ-កីឡាការិនីវ័យក្មេងកម្ពុជា បានចូលរួមប្រកួតប្រជែង ក៏ដូចជាបង្ហាញនូវសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ហើយក្លាយជាអត្តពលិកវ័យក្មេងឆ្នើមតំណាងជាតិ ត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា នៅថ្ងៃអនាគត។

ចំពោះកីឡាករ-កីឡាការិនី ចូលរួមព្រឹត្តិការណ៍ WT HOPE League Taekwondo Competition រដូវកាលទី១ នេះ មានចំនួន ៤៤នាក់ លើវិញ្ញាសាសម្ដែងមេគុន និងវិញ្ញាសាប្រយុទ្ធ ដែលបានជាប់ក្នុងការប្រកួតជម្រុះជើងឯក និងជើងឯករងប្រចាំរាជធានី/ខេត្តចំនួន ៥ កាលពីថ្មីៗ ក្នុងគោលបំណងស្វែងរកកីឡាករ-កីឡាការិនីឆ្នើមវ័យក្មេង ក្នុងដំណើរឆ្នោះទៅព្រឹតិ្តការណ៍ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ក្នុងនាមកម្ពុជា ជាម្ចាស់ផ្ទះ៕