Qualcomm ជាប់ក្ដីប្រឆាំងការផ្ដាច់មុខនៅចិន ករណីលួចទិញក្រុមហ៊ុនផលិតបន្ទះឈីបអ៊ីស្រាអែល
13-10-2025 14:21
(បរទេស)៖ អាជ្ញាធរគ្រប់គ្រងទីផ្សារចិន (SAMR) បានប្រកាសថា ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំរបស់អាមេរិក Qualcomm បានទទួលស្គាល់ថា ខ្លួនបានបញ្ចប់ការទិញយកក្រុមហ៊ុនផលិតបន្ទះឈីប Autotalks របស់អ៊ីស្រាអែលកាលពីខែមិថុនា ដោយមិនបានជូនដំណឹង ឬសុំការអនុញ្ញាតពីនិយតករចិនពិតមែន។ ការលាតត្រដាងនេះបានធ្វើឡើងពីរថ្ងៃបន្ទាប់ពីចិនបានបើកការស៊ើបអង្កេតជាផ្លូវការលើក្រុមហ៊ុន Qualcomm ទៅលើការបំពានច្បាប់ប្រឆាំងការផ្ដាច់មុខរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥។

អាជ្ញាធរ SAMR បានបញ្ជាក់ថា កិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន Autotalks គឺតម្រូវឱ្យមានការអនុម័តពីចិនជាមុន។ ទោះបីជាក្រុមហ៊ុន Qualcomm បានជូនដំណឹងនៅខែមីនា ឆ្នាំ២០២៤ ថានឹងមិនបន្តកិច្ចព្រមព្រៀងនេះក៏ដោយ ក៏ក្រុមហ៊ុនបែរជាបានបញ្ចប់ការទិញយកដោយស្ងាត់ស្ងៀមនៅខែមិថុនាទៅវិញ។ ផ្អែកលើការទទួលស្គាល់ការពិតនេះហើយ ទើបរដ្ឋាភិបាលទីក្រុងប៉េកាំងបានបើកការស៊ើបអង្កេតផ្លូវការលើក្រុមហ៊ុនអាមេរិកនេះ។
ស្របពេលជាមួយគ្នានេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Qualcomm បានធ្លាក់ចុះជាង ៥% នៅថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិកបានគំរាមដំឡើងពន្ធលើទំនិញចិន និងលុបចោលកិច្ចប្រជុំជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង។ បញ្ហាផ្លូវច្បាប់នៅចិននេះបង្ហាញពីភាពតានតឹងបន្តរវាងមហាអំណាចសេដ្ឋកិច្ចទាំងពីរ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាដ៏រសើប៕