Wilshere ខិតជិតក្លាយខ្លួនជាគ្រូបង្វឹកក្លឹប Luton លេងនៅក្របខណ្ឌ League One

13-10-2025 15:57

(បរទេស)៖ អតីតខ្សែបម្រើ Arsenal និងជម្រើសជាតិអង់គ្លេស Jack Wilshere នឹងត្រូវប្រកាសជាអ្នកចាត់ការទូទៅថ្មី របស់ក្លឹប Luton Town ដែលកំពុងឈរជើងនៅក្របខណ្ឌ League One។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

បុរសវ័យ ៣៣ឆ្នាំរូបនេះ នឹងចូលជំនួសតំណែងលោក Matt Bloomfield ដែលត្រូវបានដកតួនាទីកាលពីដើមខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីចំណាយពេលដឹកនាំនៅកីឡដ្ឋាន Kenilworth Road មិនដល់ ១ឆ្នាំផងនោះ។

នេះជាការងារគ្រូបង្វឹកពេញសិទ្ធិលើកដំបូងរបស់ Wilshere ផងដែរ ក្នុងការដឹកនាំ Luton ដែលកំពុងឈរនៅលេខរៀងទី១១ បណ្តោះអាសន្នស្ថិតនៅក្របខណ្ឌទី៣ អង់គ្លេសដែលទើបធ្លាក់ពី Championship រដូវកាលមុន។

សូមជម្រាបផងថា ក្រោយការចូលនិវត្តន៍ពីកីឡាករអាជីពនាឆ្នាំ២០២២ មក Wilshere បានចូលដឹកនាំក្រុមឈុត U18 Arsenal និងបានចំណាយពេលស្ទើរពេញ ១រដូវកាលមុន ធ្វើជាសមាជិកក្រុមគ្រូបង្វឹកជម្រើសដំបូងនៅក្លឹបចាបក្រុង Norwich City លេងនៅ Championship៕