ក្រោយបញ្ចប់ការងារមនុស្សធម៌ទាំងនៅកម្ពុជា និងកូរ៉េ, តារាម៉ូដែល កុយ អេណា ក្ដោបបានឱកាសក្លាយជា «BA» ផលិតផលដ៏ធំមួយ
13-10-2025 16:35
(ភ្នំពេញ)៖ តារាសម្តែង, បង្ហាញម៉ូត និងជា «𝗠𝗶𝘀𝘀 𝗚𝗿𝗮𝗻𝗱 𝗖𝗮𝗺𝗯𝗼𝗱𝗶𝗮 𝟮𝟬𝟮𝟯» កំពុងទទួលបានប្រជាប្រិយភាពខ្ពស់ លើកិច្ចការងារសង្គមកញ្ញា កុយ អេនណា កាន់តែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ខ្លាំង ក្រោយពីនាងបានបញ្ចប់គម្រោងដើរ ដោយថ្មើជើងពីរាជធានីភ្នំពេញ ទៅកាន់ទឹកដីនៃខេត្តសៀមរាប ដើម្បីរៃអង្គាសថវិកាជួយដល់ក្មេងមានពិការភាពក្នុងមណ្ឌលដែលខ្វះខាត។ ជាមួយគ្នានេះ បន្ទាប់ពីនាងបញ្ចប់បេសកកម្ម នៃការរៀបចំប្រគំតន្ត្រីសប្បុរសធម៌ នៅប្រទេសកូរ៉េខាងត្បូង សម្រាប់មូលនិធិសិល្បករទ្រទ្រង់វីរៈកងទ័ព ស្រាប់តែនាងក្ដោបបានឱកាសក្លាយជា BA (ទូតសុឆន្ទៈ) ជាផ្លូវការលើផលិតផល NAD+Skin Young ដែលជាប្រភេទវីតាមីនពន្យាភាពចាស់ដំបូងគេនៅកម្ពុជា របស់ក្រុមហ៊ុនសោភាផ្សារធម្មជាតិ២៤ ដែលមានលោកស្រី ស៊ូ សោភា ជាអគ្គនាយិការ។

ការប្រកាសការងារក្លាយជាទូតសុឆន្ទៈរបស់តារាសម្ដែង និងជាតារាម៉ូដែល កុយ អេណា បានប្រារព្ធឡើងនៅរសៀលថ្ងៃទី១២ ខែតុលាឆ្នាំ ២០២៥នេះ នៅសណ្ឋាគារ Oakwood Premier Phnom Penh ដោយមានសិល្បករ-សិល្បការិនី, តារាសម្តែង និង Influencer ដែលជាអ្នកបង្កើតមាតិការល្បីៗចូលរួមជាច្រើននាក់។
តារាសម្ដែង និងម៉ូដែល កុយ អេណា បានថ្លែងប្រាប់ឲ្យដឹងថា នាងពិតជាមានក្ដីរំភើបរីករាយដែលបានក្លាយជាអ្នកតំណាងផលិតផល NAD+Skin Young ដែលជាប្រភេទវីតាមីនពន្យាភាពចាស់ដំបូងគេនៅកម្ពុជា របស់ក្រុមហ៊ុនសោភាផ្សារធម្មជាតិ២៤ ដែលមានលោកស្រី ស៊ូ សោភា ជាអគ្គនាយិការ។ កុយ អេណា បន្ថែមថា ដោយមើលឃើញពីភាពតស៊ូក្នុងនាមជាស្ត្រីដូចគ្នា របស់លោកស្រី ស៊ូ សុភា និងដោយមានចិត្តជាអ្នកសប្បុរសដូចគ្នាទៀត ទើបនាងបានយល់ព្រមធ្វើជាអ្នកតំណាងផលិតផល ដែលជាការចូលរួមលើកទឹកចិត្ត និងផ្ដល់កម្លាំងចិត្តបន្ថែមទៀតដល់លោកស្រីផងដែរ។
តារាម៉ូដែលកំពុងលេចធ្លោក្នុងសកម្មភាពមនុស្សធម៌ កុយ អេណា បានសង្កត់ធ្ងន់ថា នាងពិតជាគោរពអរគុណដល់លោកស្រី ស៊ូ សោភា ដែលបានផ្ដល់កិត្តិយស និងមានទំនុកចិត្តជ្រើសរើសរូបនាង ធ្វើជាទូតសុឆន្ទៈរបស់ផលិតផលថ្មីនេះ ហើយនាងនឹងប្ដេជ្ញាប្រឹងប្រែងធ្វើយ៉ាងណា ឲ្យផលិតថ្មីនេះទទួលបានការពេញនិយម និងការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់ បន្ទាប់ពីមានវត្តមាននៅលើទីផ្សារ ក្នុងប្រទេសកម្ពុជា ពោលគឺឈានទៅរកភាពជោគជ័យទាំងអស់គ្នា។
ដោយឡែកលោកស្រី ស៊ូ សោភា នាយិការក្រុមហ៊ុន សោភាផ្សារធម្មជាតិ២៤ បានថ្លែងរៀបរាប់ពីជីវិតតស៊ូ ហើយរងនូវភាពបរាជ័យ ធ្លាក់ដល់ចំណុចសូន្យម្ដងហើយម្ដងទៀត ដោយសារតែភាពស្មោះត្រង់ ភាពល្ងង់ខ្លៅ ឆាប់ជឿទុកចិត្តគេពេក ធ្វើឲ្យលោកស្រីឈឺឆាប់រកអ្វីថ្លែងពុំបាន។ តែដោយភាពអំណត់តស៊ូព្យាយាម និងប្រឹងប្រែងងើបឈរទាំងត្រដាបត្រដួស ដោយខ្លួនឯងឡើងវិញទើបមានថ្ងៃនេះ។ ជាពិសេសដោយសារតែមានអ្នកផ្ដល់កម្លាំងចិត្ត លើកទឹកចិត្ត គឺពិតជាសំខាន់ណាស់ក្នុងជីវិតមនុស្សស្រីធ្លាប់រងនូវភាពបរាជ័យ។
លោកស្រី ស៊ូ សោភា ក៏បានគោរពថ្លែងអំណរគុណ ចំពោះភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួម ក្នុងកម្មវិធីប្រកាសតារាសម្ដែង កុយ អេណា ជាទូតសុឆន្ទៈនាពេលកន្លងទៅនេះ។ កម្មវិធីប្រព្រឹត្តិទៅដោយរលូន និងមានមោទភាពជាទីបំផុត ជាមួយនឹងភាពសប្បាយរីករាយនឹងវត្តមានចូលរួម ការផ្តល់កិត្តិយស ការស្រលាញ់រាប់អាន និងជាពេលវេលាមិនអាចបំភ្លេចបាន។
លោកស្រីបញ្ជាក់ថា ការជ្រើសរើសយកតារាម៉ូដែល កុយ អេណា នៅពេលនេះ គឺសមស្របទៅនឹងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់តារាសម្ដែងរូបនេះ ទៅនឹងផលិតផលរបស់ខ្លួន ដែលមានគុណភាពខ្ពស់ មានស្ដង់ដារត្រឹមត្រូវ ធានាសុវត្ថិភាពខ្ពស់ដល់អ្នកប្រើប្រាស់ និងជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដែលបាននាំចូលផលិតផលពន្យាភាពចាស់នេះ ពីសហរដ្ឋអាមេរិក។ លោកស្រីក៏អរគុណដល់ក្រុមគ្រួសារ មិត្តភក្កិ និងបងប្អូនដែលបានលើកទឹកចិត្ត និងអរគុណដល់សិល្បករ-សិល្បការិនី និងក្រុមការងារ ដែលបានជួយលើកិច្ចការងាររហូតទទួលបានការកោតសរសើរ ពិសេសក៏អរគុណដល់បងប្អូនជាដៃគូអាជីវកម្ម ជាអ្នកបោះដុំ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមកម្មវិធីនេះ។ សូមគ្រប់គ្នាមានសុខភាពល្អបរិបូរណ៍ សុភមង្គល ជោគជ័យគ្រប់ភារកិច្ច រកទទួលទានមានបានគ្រប់ក្រុមគ្រួសារជានិច្ចនិរន្តន៍តរៀងទៅ។
សូមបញ្ជាក់ថា អ្វីដែលជាការកត់សម្គាល់បន្ថែមពីលើការចុះកិច្ចសន្យាជា BA និងការប្រកាសសម្ពោធផលិតផលថ្មីនេះដែរ គឺការប្រកាសបើកដំណើរការជាផ្លូវការនូវមូលនិធិសប្បុរសធម៌ របស់ម្ចាស់ប្រេនខាងលើ គឺមានឈ្មោះ «មូលនិធិបេះដូងសោភា» ដើម្បីចាប់ផ្តើមជាផ្លូវការនូវការងារសប្បុរសធម៌នានារបស់ម្ចាស់ប្រេន។ គេនៅមិនទាន់ដឹងនៅឡើយទេថា តើការចុះកិច្ចសន្យាការងារនេះនឹងត្រូវធ្វើឡើង ក្នុងរយៈពេលយូរប៉ុណ្ណា ប៉ុន្តែតាមការបង្ហើបពីក្រុមការងារ បានលើកឡើងថា កុយ អេណា និងលោកស្រី ស៊ូ សោភា មានគម្រោងការងារជាមួយគ្នាយូរអង្វែងជាមួយគ្នាបន្តទៀត ជាពិសេជួយដល់កិច្ចការងារសង្គម ដូចជាការចែកស្បៀងអាហារដល់កងទ័ព និងជនភៀសសឹកពីការឈ្លានពានរបស់សៀម និងការផ្តល់ជាប្រចាំនូវថវិកាសម្រាប់ទ្រទ្រង់ ចំណាយការខ្វះខាតរបស់អង្គការក្មេងកំព្រានៅក្នុងប្រទេសកម្ពុជា៕