ភាពយន្តខ្លីសរុប ៧៧រឿង មកពី ២២ប្រទេស នឹងត្រៀមចាក់បញ្ចាំង ដើម្បីប្រកួតប្រជែងនៅមហោស្រពភាពយន្តខ្លីចតុមុខ លើកទី១៤
13-10-2025 17:37
(ភ្នំពេញ)៖ មហោស្រពភាពយន្តខ្លីចតុមុខ (Chaktomuk Short Film Festival/ CSFF) ដែលជាមហោស្រពភាពយន្តខ្លីដំបូងគេ និងមានតែមួយគត់នៅកម្ពុជា បានប្រកាសជាផ្លូវការ នៃការចាក់បញ្ចាំងខ្សែភាពយន្តខ្លីប្រតិដ្ឋ និងភាពយន្តឯកសារសរុប ៧៧រឿង ពី ២២ប្រទេស ដែលបានជ្រើសចេញពី១៩៦ ចំណងជើងរឿងដែលបានដាក់ពាក្យចូលរួមប្ រកួតសម្រាប់ទស្សនិកជនកម្ពុជានៅឆ្នាំ២០២៥នេះ។ ថ្ងៃនេះមហោស្រពមានកិត្តិយសរៀបចំកម្មវិធីសន្និសីទសារព័ត៌មាន អំពីមហោស្រពរបស់ខ្លួននៅរោងភាពយន្ត Fable Cinema ដើម្បីផ្សព្វផ្សាយពីបេសកម្មរបស់យើង។

កម្មវិធីនេះមាន ការចូលរួមយ៉ាងកុះករពីសំណាក់អ្នកសារព័ត៌មាន សមិទ្ធករ ភ្ញៀវកិត្តិយស និងវត្តមានពិសេសរបស់លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យ ក្រសួងព័ត៌មាន, លោក ហួយ សុជាតិ, អនុប្រធាននាយកដ្ឋានយសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោក ប្រុញ តារា អ្នកគ្រប់គ្រងរោងភាពយន្តស្តីទី រោងភាពយន្ត Fable Cinema, លោក សុខ ច័ន្ទវាសនា ប្រធានផ្នែកក្រោយផលិតរបស់ CBS និងជាមេប្រយោគក្នុងស្រុក, លោក កែវ សំនៀង អ្នកចាត់ការទូទៅក្រុមហ៊ុន Box Media Production និងជាអ្នកចាត់ការមហោស្រព, កញ្ញា Julia Russell ជា Miss World Cambodia 2025 និងជាតំណាងទូតសុឆន្ទៈរបស់មហោស្រពឆ្នាំ២០២៥, លោកស៊ុំ ស៊ីថែន ស្ថាបនិកក្រុម ភាពយន្តឈូករ័ត្ន និងជាប្រធានមហោស្រពភាពយន្តខ្លីចតុមុខ, លោក អ៊ុង ស៊ីវថុង ប្រធានក្រុមភាពយន្តឈូករ័ត្ន និងជាប្រធានផ្នែកផលិត និងទំនាក់ទំនងនៃមហោស្រពភាពយន្តខ្លីចតុមុខ, កញ្ញា ឃុំ ធីតា អនុប្រធានក្រុមភាពយន្តឈូករ័ត្ន និងប្រធានផ្នែករដ្ឋបាល និងរៀបចំកម្មវិធីនៃមហោស្រព ភាពយន្តខ្លីចតុមុខ និងកញ្ញា លឹម ប៉លី ប្រធានផ្នែកគ្រប់គ្រងកម្មវិធីនៃមហោស្រពភាពយន្តខ្លីចតុមុខ។
លោក ស៊ុំ ស៊ីថែន ប្រធានមហោស្រពឆ្នាំទី១៤ បានថ្លែងថា មហោស្រពភាពយន្តខ្លីចតុមុខមានសារៈសំខាន់ណាស់ សម្រាប់ប្រទេសកម្ពុជា ដើម្បីជួយដល់ទស្សនិកជនរបស់យើងឱ្យទទួលបានបទពិសោធន៍ពី ការស្រមើស្រមៃជាសកល និងគំនិតរបស់អ្នកផលិតភាពយន្តខ្មែរដែលនឹងជះឥទ្ធិពល មកលើប្រទេសរបស់យើង។ CSFF បានបង្កើតឡើង ដោយក្រុមយុវជនស្ម័គ្រចិត្តខ្មែរ ដោយដឹកនាំដោយ «ក្រុមភាពយន្តឈូករ័ត្ន» ហើយត្រូវបានទទួលស្គាល់ថា ជាមហោស្រពដែលលើកកម្ពស់ និងផ្ដល់រង្វាន់ដល់អ្នកផលិតភាពយន្តដែលមានទេពកោសល្យនៅកម្ពុជា ក៏ដូចជានៅ អាស៊ីអាគ្នេយ៍ ជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០១២មក។
លោក អ៊ុង ស៊ីវថុង ភាពយន្តឈូករ័ត្ន និងជាប្រធានផ្នែកផលិត និងទំនាក់ទំនងនៃមហោស្រព បានបង្ហើបដែរថា «CSFF ដើរតួនាទីយ៉ាងសំខាន់ក្នុងវិថីផលិត ភាពយន្តរបស់ខ្ញុំ។ ក្នុងឆ្នាំ២០២២ ខ្ញុំបាទ បានចូលរួមជាប្រធានផ្នែកផលិត ហើយមានឱកាសដកពិសោធរៀបចំមហោស្រពពីក្រោយឆាក។ តួនាទីនេះនាំឱ្យខ្ញុំមើលឃើញ ទិដ្ឋភាពថ្មីមួយពីរបៀប រៀបចំមហោស្រព និងសារៈសំខាន់របស់មហោស្រព។ រួចមក ក្នុងឆ្នាំ២០២៤ ខ្ញុំបានដាក់ភាពយន្តខ្លី ដែលខ្ញុំសហដឹកនាំ «ស្នេហ៍គ្មានស្តង់ដារ» ហើយក៏បានជាប់ក្នុងការចាក់បង្ហាញ។ ខណៈពេលរំលឹកខ្ញុំបាទឱ្យយល់ពីឥទ្ធិពលនៃ វេទិកាដែលជឿជាក់លើអ្នកមានស្នាដៃថ្មីថ្មោង។ ឆ្នាំនេះ ខ្ញុំត្រឡប់មកវិញ ដោយសារចង់រៀនបន្ថែម និងជំរុញខ្លួនឱ្យកាន់តែឆ្នៃ ប្រតិដ្ឋ និងបន្តលូតលាស់ជំនាញតាមរយៈសហគមន៍មួយនេះ។ CSFF មិនត្រឹមតែជា មហោស្រពទេ តែជាថ្នាលបណ្តុះយុវសមិទ្ធករយើង និងជួយឱ្យពួកយើងមានការទទួលស្គាល់ទៀត លើឆាកអន្តរជាតិទៀត»។
លោក ស៊ីថែន បានប្រាប់បន្ថែមទៀតថា ដោយពីមុនៗមកមហោស្រព គឺមិនតាំងចិត្តរកប្រាក់កំរៃនោះទេព្រោះយើង ចង់បង្កើន ការចូលរួមរបស់សមិទ្ធករភាពយន្តក្នុងស្រុក និងអន្តរជាតិឱ្យបានច្រើនកុះករ ដែលជាមនោទកភាពមួយរបស់កម្ពុជា យើងដែលអាចបង្កើតមហោស្រពលំដាប់អន្តរជាតិ បានលើទឹកដីខ្មែរ តែដោយសារតែយើងពុំមានការគាំទ្រ វិភាគទានផ្នែកហិរញ្ញវត្ថុគ្រប់គ្រាន់ពីដៃគូ នៅក្នុងឆ្នាំនេះទាមទារអោយយើងត្រូវផ្លាស់ប្តូរ យុទ្ធសាស្ត្រជាបន្ទាន់មួយចំនួន ដើម្បីធានាដល់និរន្តន៍ភាពមហោស្រពខ្មែររបស់យើង ហើយយើងនៅតែមិនអាចចំភ្លេចនឹកដល់អង្គការ «មូលនិធិកុមារកម្ពុជា» ដែលតែងតែនៅជាមួយយើងជារៀងរហូតមក។
លោកបានថ្លែងដូឆ្នេះថា «ដោយសារបទពិសោធល្អពីឆ្នាំមុនៗ វិភាគទានពីអង្គការ «មូលនិធិកុមារកម្ពុជា» និងការចូលរួមពីដៃគូមុនៗ សរបញ្ជាក់ពីទំនុកចិត្តរបស់ពួកគេកន្លងមក លើការរៀបចំរបស់យើង។ មួយវិញទៀត ឆ្នាំនេះ យើងអនុវត្តគោលការណ៍ថ្មីក្នុងការដាក់រឿង ដោយការយឺតយ៉ាវ ត្រូវបង់ថ្លៃបន្ថែមដើម្បីបិរច្ចាគគាំទ្រដល់មហោស្រព។ ទោះយ៉ាងណា មហោស្រពបានរៀបចំវគ្គបណ្តុះបណ្តាល់ខ្លីៗ តាមរយៈ កិច្ចស្វែងយល់ពីភាពយន្តចតុមុខកន្លងមក ដើម្បីបំប៉នជំនាញដល់សមិទ្ធិករថ្មោងថ្មី ដែលចង់បង្ហាញស្នាដៃក្នុងវិស័យនេះ»។
លោក ហួយ សុជាតិ អនុប្រធាននាយកដ្ឋានយសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ ក៏ដូចជាលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងក្រសួងព័ត៌មាន សុទ្ធតែសម្តែងការគាំទ្រដល់មហោស្រពភាពយន្តខ្លីចតុមុខ CSFF និងស្នើឱ្យផ្តោតទៅលើយុវជនជំនាន់ថ្មី ដើម្បីជួយបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យនេះ។
ក្នុងនោះលោក ទេព អស្នារិទ្ធ បានផ្តល់អនុសាសន៍ល្អៗមួយចំនួន ដល់មហោស្រពសម្រាប់ពិចារណ៍បន្ថែមក្នុងការរៀបចំ មហោស្រពក្នុងពេលខាងមុខ ដើម្បីឆ្លើយតមនឹងគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងចូលរួមដោះស្រាយបញ្ហាសង្គម ដែលពាក់ពាក់ព័ន្ធនឹងយុវជន និងជាពិសេសជួយទប់ស្កាត់ នៃការរីករាលដាល់ព័ត៌មានក្លែងក្លាយ។
លើសពីនេះលោក ទេព អស្នារិទ្ធ យល់ថា «ការចូលរួមរបស់យុវជនយើង ក្នុងការជួយផ្សព្វផ្សាយការពិតពីកម្ពុជា គឺពិតជាមានសារសំខាន់ណាស់។ ការរៀបចំ ឡើងនូវសន្និសីទសារព័ត៌មាននេះ គឺក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មានទូលំទូលាយ ទៅកាន់សាធារណជន ឲ្យបានដឹងពីចក្ខុវិស័យរបស់មហោស្រព និងព័ត៌មានអំពីការចាក់បញ្ចាំង ភាពយន្តដើម្បីអញ្ជើញទស្សនិកជន ឲ្យមកចូលរួមទស្សនាក៏ នូវភាពយន្តខ្លីរបស់ខ្មែរ និងបរទេសឲ្យបានច្រើនកុះករផងដែរ។ ម្យ៉ាងវិញទៀត ក្រសួងព័ត៌មានក៏បានក្រើនរំឭកស្ថានីយទូរទស្សន៍ ឬស្ថាប័នព័ត៌មាន ក្រោមឱវាទឱ្យរួមគ្នាជួយ ផ្សព្វផ្សាយស្នាដៃថ្មីៗរបស់យុវជនយើង។ ទាំងនេះសុទ្ធជាសកម្មភាពរួមចំណែកលើកស្ទួយ ដល់ការផ្សព្វផ្សាយស្នាដៃរបស់យុវសមិទ្ធករយើង ឱ្យរឹងរឹតតែសុសសាយប្រទេសជិតខាង»៕