ការប្រើប្រាស់បាល់ទាត់ សម្រាប់ការផ្សព្វផ្សាយនយោបាយ ឬយោធា ជាការរំលោភលើលក្ខន្តិកៈ ស្តីពីអព្យាក្រឹតភាពនយោបាយរបស់ FIFA
14-10-2025 09:21
(ភ្នំពេញ)៖ សព្វថ្ងៃនេះមានសកម្មភាពបង្កើតការប្រកួតកីឡាសប្បុរសធម៌យ៉ាងច្រើន ហើយភាគច្រើននោះ គឺប្រើប្រាស់ពាក្យស្លោកដើម្បីស្វែងរកថវិកាជួយវីរកងទ័ព សូមជម្រាបថា ការប្រើប្រាស់បាល់ទាត់ សម្រាប់ការផ្សព្វផ្សាយនយោបាយ ឬយោធា គឺជាការរំលោភលើលក្ខន្តិកៈ ស្តីពីអព្យាក្រឹតភាពនយោបាយរបស់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក ហៅកាត់ថា FIFA។

លោក កែវ សារ៉េត អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងប្រាប់បណ្តាញ Fresh News នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នេះថា កន្លងមក មានក្រុមបាល់ទាត់មិនមែនអាជីពជាច្រើន ផ្ញើលិខិតទៅសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដើម្បីស្នើសុំការប្រកួតមនុស្សធម៌ ហើយក្នុងនោះបើឃើញការប្រកួតនោះ មានគោលដៅល្មើសនឹងលក្ខន្តិកៈស្តីពីអព្យាក្រឹតភាពនយោបាយរបស់ FIFA សហព័ន្ធមិនដែលអនុញ្ញាទេ។ ទោះជាយ៉ាងណា ក៏មានក្រុមបាល់ទាត់មិនមែនអាជីពខ្លះ មិនបានផ្ញើលិខិតទៅសហព័ន្ធនោះទេ ហើយបើសិនការប្រកួតរបស់ពួកគេបង្កបញ្ហា សហព័ន្ធនឹងចាត់វិធានការ។
មានចំណុចសំខាន់ៗ ចំនួន៣ ដែលគេពុំគួរប្រើប្រាស់បាល់ទាត់ សម្រាប់ការផ្សព្វផ្សាយនយោបាយ ឬយោធា រួមមាន៖
*១៖ អព្យាក្រឹតនយោបាយ៖ FIFA បដិសេធដាច់ខាត ចំពោះការប្រើប្រាស់បាល់ទាត់ សម្រាប់ការផ្សព្វផ្សាយនយោបាយ ឬយោធា។ ប្រសិនបើការប្រកួតលើកតម្កើងដោយផ្ទាល់ ឬលើកកម្ពស់សកម្មភាពយោធា ឬរួមបញ្ចូលការផ្ញើសារនយោបាយ វាអាចត្រូវបានគេមើលឃើញថាជាការរំលោភលើ លក្ខន្តិកៈស្តីពីអព្យាក្រឹតភាពនយោបាយរបស់ FIFA (មាត្រា៤ នៃលក្ខន្តិកៈរបស់ FIFA និងមាត្រា៦០ នៃក្រមវិន័យរបស់ FIFA) ។
*២៖ អ្នកអនុញ្ញាតឲ្យរៀបចំអាចរងការត្រួតពិនិត្យ៖ ប្រសិនបើក្រុមស្ម័គ្រចិត្តទាំងនេះមានទំនាក់ទំនងជាមួយសមាគមបាល់ទាត់ជាតិក្រោម FIFA នោះពួកគេអាចនឹងទទួលរងការត្រួតពិនិត្យបន្ថែមទៀត។
*៣៖ ការប្រើប្រាស់ស្លាកសញ្ញារបស់ FIFA៖ សូម្បីតែការប្រកួតក្រៅផ្លូវការ ឬកម្មវិធីសប្បុរសធម៌ ត្រូវតែមិនប្រើនិមិត្តសញ្ញា FIFA។
សរុបមក ប្រសិនបើជាកីឡាបាល់ទាត់សប្បុរសធម៌ ដោយសន្តិភាពក្នុងតំបន់ ដោយគ្មានការឃោសនានយោបាយ ឬការលើកតម្កើងផ្នែកយោធា នោះវាមិនប្រឆាំងនឹងច្បាប់របស់ FIFA ដោយស្វ័យប្រវត្តិទេ។ ប៉ុន្តែប្រសិនបើវាផ្សព្វផ្សាយរបៀបវារៈនយោបាយ ឬយោធា វាប្រថុយនឹងការបំពានគោលការណ៍អព្យាក្រឹតភាពរបស់ FIFA៕