Wilshere ដំណើរជីវិតពីតារាក្មេងជំទង់ ក្លាយជាអ្នកចាត់ការបាល់ទាត់ ត្រឹមវ័យ ៣៣ឆ្នាំ

14-10-2025 09:24

(បរទេស)៖ Jack Wilshere ដែលត្រូវបានគេស្គាល់ថា ជាខ្សែបម្រើដ៏អស្ចារ្យមួយរូបរបស់ក្លឹបកាំភ្លើងធំ Arsenal បានក្លាយជាគ្រូបង្វឹកពេញសិទ្ធិរបស់ Luton Town ជាផ្លូវការហើយ ក្រោមកិច្ចសន្យាដែលត្រូវគេជឿជាក់ថា មានរយៈពេល ៣ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

បុរសសញ្ជាតិអង់គ្លេស វ័យ ៣៣ឆ្នាំរូបនេះ បានវិលទៅកាន់ក្លឹបចាស់របស់គេវិញ នៅពេល Luton ជាក្លឹបដែលរូបគេផ្តើមអាជីពបាល់ទាត់តាំងពីអាយុ ៨ឆ្នាំមកម្ល៉េះ មុនពេលផ្លាស់ទៅ Arsenal នៅអាយុ ៩ឆ្នាំ។

នៅកីឡដ្ឋាន Emirates មានមូលដ្ឋានស្ថិតនៅទីក្រុង London គឺ Wilshere បានបង្ហាញខ្លួនក្នុងក្រុមធំលើកដំបូងជាមួយកាំភ្លើងធំ ក្នុងឆ្នាំ២០០៨ ដែលទើបមានវ័យ ១៦ឆ្នាំ និង ២៥៦ថ្ងៃប៉ុណ្ណោះ និងបានចូលលេងជាប់លាប់ទៀតផង នាអំឡុងរដូវកាល ២០១០-១១ ស្ថិតក្នុងវ័យ ១៨ឆ្នាំ។

ការវិលមកកាន់អតីតក្លឹបកុមារភាពរបស់គេ ក្នុងនាមគ្រូបង្វឹកនាពេលនេះ Wilshere ក៏ទទួលបានដំបូន្មានពីអ្នកចាត់ការ Arsenal បច្ចុប្បន្នគឺលោក Mikel Arteta ផងដែរ និងបានថ្លែងថា «រូបលោកពិតជាមានមោទនកភាពខ្លាំងណាស់»

ទោះជាយ៉ាងណា Luton Town បច្ចុប្បន្ននេះ បានកំពុងស្ថិតនៅលេខរៀងទី១១ បណ្តោះអាសន្ននៅ League One និងស្ថិតនៅក្រៅ ៥ពិន្ទុផងដែរពីតំបន់កៅអីលេងជម្រុះ ក្រោយឆ្លងកាត់ ១១ប្រកួត ឈ្នះ ៥ដង ចាញ់ ៥ដង និងស្មើ ១លើកមកនេះ៕