Amazon ជ្រើសរើសបុគ្គលិកបន្ថែម ២៥ម៉ឺននាក់ សម្រាប់រដូវកាលឈប់សម្រាកឆ្នាំនេះ

14-10-2025 09:40

(បរទេស)៖ ក្រុមហ៊ុន Amazon បានប្រកាសថា ក្នុងរដូវកាលឈប់សម្រាកឆ្នាំ២០២៥ នេះ ខ្លួននឹងជ្រើសរើសបុគ្គលិកចំនួន ២៥ម៉ឺននាក់សម្រាប់ដំណើរការផ្នែកដឹកជញ្ជូន និងបំពេញការបញ្ជាទិញនៅអាមេរិក។ នេះជាលើកទីបីជាប់ៗគ្នា ដែលក្រុមហ៊ុនធំមួយនេះបានរក្សាការជ្រើសរើសបុគ្គលិកក្នុងចំនួនដូចគ្នានេះសម្រាប់រដូវបុណ្យ។

ចំនួន ២៥ម៉ឺននាក់នេះ រួមបញ្ចូលបុគ្គលិកប្រកបអាជីពពេញម៉ោង, ពាក់កណ្តាលម៉ោង និងបុគ្គលិកបណ្តោះអាសន្ន។ បុគ្គលិកបណ្តោះអាសន្ននឹងទទួលប្រាក់ខែជាមធ្យមចាប់ពី ១៩ដុល្លារក្នុងមួយម៉ោងឡើងទៅ។ តំណែងពេញម៉ោង និងពាក់កណ្តាលម៉ោងអាចទទួលបានប្រាក់ខែដល់ទៅ ២៣ដុល្លារ ក្នុងមួយម៉ោង។ Amazon ក៏បានប្រកាសថា ខ្លួនបានបញ្ចូលការវិនិយោគជាង ១ពាន់លានដុល្លារ ដើម្បីបង្កើនប្រាក់ខែ និងកាត់បន្ថយការចំណាយលើសេវាសុខភាព សម្រាប់បុគ្គលិកក្នុងប្រព័ន្ធដឹកជញ្ជូននៅសហរដ្ឋអាមេរិក។

នេះជាសញ្ញានៃទំនុកចិត្ត ពោលគឺការរក្សាចំនួនជ្រើសរើសដូចនេះ បង្ហាញថា Amazon មិនគិតថាប្រជាជននឹងកាត់បន្ថយការចំណាយនៅរដូវបុណ្យនេះឡើយ។ ជាពិសេសនៅពេលដែលហាងលក់ដូចជា Target ឬ Walmart កំពុងតែប្រុងប្រយ័ត្នជាងមុន។ មួយវិញទៀត ដោយសារប្រាក់ខែខ្ពស់ និងការជ្រើសរើសច្រើន បុគ្គលិកនៅក្នុងវិស័យដឹកជញ្ជូនអាចរកបានជម្រើសការងារល្អជាង។

គួរជម្រាបថា Amazon ត្រូវការបុគ្គលិកច្រើនបែបនេះ គឺដើម្បីគ្រប់គ្រងការបញ្ជាទិញក្នុងថ្ងៃ Black Friday រហូតដល់ចុងខែធ្នូ ឆ្នាំ២០២៥នេះ ដែលជាពេលវេលាមានការបញ្ជារទិញច្រើន៕