គ្រូបង្វឹក ចំពោះ Neymar គឺនៅតែស្ថិតក្នុងគោលដៅនៃជម្រើសរបស់ប្រេស៊ីល តែត្រូវច្បាស់លាស់អំពីកាយសម្បទា

14-10-2025 09:46

(ប្រេស៊ីល)៖ គ្រូបង្វឹកលោក Carlo Ancelotti បានឱ្យដឹងថា ខ្សែប្រយុទ្ធ Neymar នៅតែស្ថិតក្នុងផែនការនៃជម្រើសរបស់ប្រេស៊ីល ក៏ប៉ុន្តែខ្សែប្រយុទ្ធរូបនេះត្រូវមានកាយសម្បទាពេញលេញ ដើម្បីទទួលបានការហៅចូលក្រុមវិញ នេះបើតាមគ្រូបង្វឹកសញ្ជាតិអ៉ីតាលីខាងលើបានឱ្យដឹងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ។

លោកបន្តថា ខ្សែប្រយុទ្ធឆ្នើមរូបនេះ នៅតែសម្លឹងរកការបន្តអាជីពជាមួយក្រុម នៅមុនការប្រកួត World Cup 2026 ខណៈក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ បុរសវ័យ ៣៣ឆ្នាំ Neymar នៅមិនទាន់បានបង្ហាញខ្លួនឱ្យប្រេស៊ីលនោះទេ ។

លោក Ancelotti បានឱ្យដឹងនៅមុនការប្រកួតមិត្តភាពពានរង្វាន់ Kirin Cup ដែលក្រុមប្រេស៊ីល នឹងលេងទល់ក្រុមជប៉ុន នាថ្ងៃទី១៤ ខែតុលានេះ នៅទីក្រុងតូក្យូនា លោកបានសរសើរទេពកោសល្យរបស់ Neymar ប៉ុន្តែបានសង្កត់ធ្ងន់កត្តាសំខាន់នោះ គឺស្ថានភាពរាងកាយរបស់គាត់ ។

សូមជម្រាបផងថា ដោយសាបញ្ហារបួសបានរារាំង Neymar ក្នុងការវិលចូលទីលានប្រកួតជាប់លាប់ គិតចាប់តាំងពីការវិលត្រឡប់ទៅកាន់ក្លឹប Santos កាលពីឆ្នាំមុន បន្ទាប់ពីការជាប់គាំងដោយរបួសនេះក្នុងលីគអារ៉ាប៊ីសាអូឌីត ជាមួយក្លឹប Al-Hilal ។

ខណៈរូបគេកំពុងកាន់កំណត់ត្រាស៊ុត ៧៩គ្រាប់ច្រើនជាងគេសម្រាប់ក្រុមជើងឯក World Cup ៥ដងច្រើនជាងគេនេះ ដ្បិតក្រុមនឹងមានការប្រកួតមិត្តភាព ២ប្រកួតនៅខែវិច្ឆិកា ទល់ក្រុមសេណាហ្គាល់ គ្រោងលេងនៅទឹកដីអង់គ្លេស នឹងការប៉ះក្រុមទុយណេស៊ី អាចលេងនៅទឹកដីបារាំង៕