Cape Verde ក្លាយជាប្រទេសតូចទី២ ដែលបង្ហាញខ្លួននៅ World Cup ជាប្រវតិ្តសាស្រ្ត

14-10-2025 10:01

(បរទេស)៖ Cape Verde ប្រទេសស្ថិតនៅទ្វីបអាហ្រ្វិក បានក្លាយជាប្រទេសតូចជាងគេលំដាប់ទី២ បន្ទាប់ពីអ៊ីស្លង់ ដែលដណ្តើមបានកៅអីឡើងទៅលេងជុំចុងក្រោយជាប្រវត្តិសាស្រ្តនៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

តាមរយៈជ័យជម្នះ ៣ទល់នឹង០ ទៅលើក្រុមភ្ញៀវ Eswantini នៃវគ្គជម្រុះប្រចាំតំបន់អាហ្វ្រិក (CAF) បានញាំងឱ្យពួកគេឈរទីកំពូលតារាងពូល D មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីជិះយន្តហោះទៅកាន់អាមេរិក មិចស៊ិក និងកាណាដា នាឆ្នាំក្រោយនេះ។

Cape Verde ដែលមានដង់ស៊ីតេប្រជាជនប្រមាណជាង ៦០ម៉ឺននាក់ ដែលយោងតាមរបាយការណ៍ពីធនាគារពិភពលោក World Bank វាលើកទី១ សម្រាប់ពួកគេ ដែលបានឆ្លងចូល World Cup ក្រោយព្យាយាមធ្វើពុំបានសម្រេចកាលឆ្នាំ២០០២ នៅកូរ៉េខាងត្បូង និងជប៉ុន ក្នុងនាមប្រទេសដែលទទួលបានឯករាជ្យពីព័រទុយហ្គាល់ក្នុងឆ្នាំ១៩៧៥ មក។

គួររំលឹកផង អ៊ីស្លង់ ប្រទេសស្ថិតនៅអឺរ៉ុបដែលមានដង់ស៊ីតេប្រជាជនប្រមាណជាង ៣០ម៉ឺននាក់ បានបង្ហាញខ្លួននៅ World Cup 2018 នៅប្រទេសរុស្ស៊ី ដែលជាប្រទេសតូចជាងគេលើកដំបូង បង្ហាញខ្លួនក្នុងវគ្គចែកពូល World Cup។

Cape Verde បានចូលរួមជាមួយម៉ារ៉ុក ទុយនេស៊ី អេហ្ស៊ីប អាល់ហ្សេរី និងហ្គាណា ក្នុងនាមក្រុមលេងតំណាងទ្វីបអាហ្រ្វិក CAF ដែលមាន ៩កៅអីកន្លះ ក្នុងចំណោម ៤៨ក្រុមសរុប (ប្រទេស)៕