អ្វីដែលអ្នកប្រើប្រាស់ Windows 10 ត្រូវដឹង បន្ទាប់ពីការគាំទ្រជាផ្លូវការនឹងបញ្ចប់នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥

14-10-2025 10:16

(បរទេស)៖ ក្រុមហ៊ុន Microsoft បានប្រកាសយ៉ាងច្បាស់ថា ប្រព័ន្ធប្រតិបត្តិការដែលពេញនិយមបំផុតរបស់ខ្លួនគឺ Windows 10 នឹងឈានដល់ដំណាក់កាល បញ្ចប់ការគាំទ្រជាផ្លូវការ (End of Support - EOS) នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥។ កាលបរិច្ឆេទនេះគឺជាចំណុចរបត់ដ៏សំខាន់សម្រាប់ម្ចាស់កុំព្យូទ័រ PC រាប់លានគ្រឿងនៅទូទាំងពិភពលោក ដែល​តម្រូវឱ្យ​ពួក​គេ​ធ្វើ​ការ​សម្រេចចិត្តលើជំហានបន្ទាប់ដើម្បីធានាសុវត្ថិភាពទិន្នន័យរបស់ខ្លួន។

តើ «បញ្ចប់ការគាំទ្រ» មានន័យដូចម្តេច? បន្ទាប់ពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ កុំព្យូទ័រដែលនៅតែដំណើរការ Windows 10 នឹងនៅតែអាចប្រើប្រាស់បានធម្មតា ប៉ុន្តែនឹងមាន​ផលប៉ះ​ពាល់​ធ្ងន់ធ្ងរ​ចំនួនបី។ ទី១ គឺ Microsoft នឹងមិនផ្ដល់ Security Patches ថ្មីៗ ដើម្បីជួសជុលចន្លោះប្រហោងដែលបានរកឃើញនៅក្នុងប្រព័ន្ធប្រតិបត្តិការ Windows 10 ទៀតទេ។ នេះ​ធ្វើ​ឱ្យ​កុំព្យូទ័ររបស់អ្នកងាយរងគ្រោះទៅនឹងមេរោគ (Malware), Ransomware និងការវាយប្រហារតាមអ៊ីនធឺណិតថ្មីៗ។ ទី២​ គឺបញ្ហាផ្សេងៗទាក់ទងនឹងដំណើរការ ឬមុខងាររបស់​ប្រព័ន្ធ​ប្រតិបត្តិការ​​នឹង​មិន​ត្រូវ​បាន​ដោះស្រាយដោយក្រុមហ៊ុនទៀតទេ។ ចំណែកចុងក្រោយគឺ អ្នកប្រើប្រាស់នឹងលែងទទួលបានជំនួយបច្ចេកទេសដោយផ្ទាល់ពី Microsoft សម្រាប់បញ្ហា​ដែល​កើត​ឡើង​នៅ​លើ Windows 10 ទៀតហើយ។

ដើម្បីរក្សាសុវត្ថិភាព និងភាពទាន់សម័យនៃការប្រើប្រាស់បច្ចេកវិទ្យា អ្នកប្រើប្រាស់មានជម្រើសសំខាន់ៗពីរ គឺទី១ ការតម្លើងទៅ Windows 11។ នេះគឺជាជម្រើសដ៏ល្អបំផុតដែល Microsoft លើកទឹកចិត្ត។ Windows 11 ត្រូវបានរចនាឡើងជាមួយនឹងមុខងារសុវត្ថិភាពទំនើបៗ (ដូចជាតម្រូវការបន្ទះឈីប TPM 2.0) និងផ្តល់ជូននូវលក្ខណៈពិសេសថ្មីៗដូចជាការគាំទ្រសម្រាប់ AI និងការរចនាចំណុចប្រទាក់ថ្មី ហើយមុននឹងតម្លើង អ្នកត្រូវតែពិនិត្យមើលថាតើកុំព្យូទ័ររបស់អ្នកមាន Hardware គ្រប់គ្រាន់តាមតម្រូវការរបស់ Windows 11 ដែរឬទេ។។

ទី២ គឺប្រើប្រាស់​កម្មវិធី Extended Security Updates (ESU)។ ប្រសិនបើកុំព្យូទ័ររបស់អ្នកមិនអាចដំឡើងទៅ Windows 11 បាន ឬអ្នកត្រូវការពេលវេលាបន្ថែមទៀត​ដើម្បីធ្វើបច្ចុប្បន្ន​ភាព Hardware នោះកម្មវិធី ESU គឺជាដំណោះស្រាយបណ្ដោះអាសន្ន។ អ្វីទៅជា ESU? ESU ផ្តល់ជូននូវការអាប់ដេតសុវត្ថិភាពសំខាន់ៗ (Critical and Important Security Updates) បន្ថែមរយៈពេលមួយឆ្នាំ ចាប់ពីថ្ងៃផុតកំណត់ (រហូតដល់ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៦)។ កម្មវិធីនេះអាចបន្តបានរហូតដល់ ៣ ឆ្នាំប៉ុន្តែវាផ្តល់ជូនតែការអាប់ដេត​សុវត្ថិភាព​ប៉ុណ្ណោះ មិនមែនមុខងារថ្មីទេ។ Microsoft បានបើកកម្មវិធី ESU សម្រាប់អ្នកប្រើប្រាស់តាមផ្ទះ (Consumer) និងអាជីវកម្មខ្នាតតូចផងដែរ។ អ្នកប្រើប្រាស់ដែលត្រូវតាមលក្ខខណ្ឌ (ដូចជាកំពុងប្រើ Windows 10, version 22H2) អាចទទួលបាន ESU សម្រាប់ឆ្នាំដំបូង ដោយឥតគិតថ្លៃ តាមរយៈការចូលដោយប្រើគណនី Microsoft (MSA) និងការបើកមុខងារបម្រុងទុក (Windows Backup)។

ដើម្បីត្រៀមខ្លួនសម្រាប់ដំណើរការផ្លាស់ប្តូរណាមួយ អ្នកគួរតែធ្វើការបម្រុងទុកទិន្នន័យ (Backup Data) ដោយត្រូវប្រាកដថាឯកសារសំខាន់ៗ រូបថត និងកម្មវិធីរបស់អ្នកត្រូវបានបម្រុងទុក​ទៅកាន់ Cloud (ដូចជា OneDrive) ឬ External Drive។ ត្រូវប្រាកដថាកុំព្យូទ័រ Windows 10 របស់អ្នកដំណើរការលើកំណែ 22H2 ព្រោះនេះគឺជាកំណែចុងក្រោយបំផុត​ដែល​មានសិទ្ធិ​ចូល​រួមក្នុងកម្មវិធី ESU។

គួរបញ្ជាក់ផងដែរថា ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៥ គឺជាកាលបរិច្ឆេទមួយដែលអ្នកប្រើប្រាស់ Windows 10 មិនគួរមើលរំលង។ ការរក្សាប្រព័ន្ធប្រតិបត្តិការដែលលែងទទួលបានការគាំទ្រ គឺប្រៀបដូចជាការបើកទ្វារឱ្យជនអនាមិកចូលមកលួចទិន្នន័យ។ ដូច្នេះហើយ សូមធ្វើការសម្រេចចិត្តក្នុងការតម្លើងទៅ Windows 11 ឬចុះឈ្មោះចូលរួមកម្មវិធី ESU ឱ្យបានមុនកាលកំណត់ ដើម្បីរក្សាសុវត្ថិភាពឌីជីថលរបស់អ្នកឱ្យនៅតែរឹងមាំ៕