កីឡាវូស៊ូ ត្រូវពង្រឹងគោលការណ៍ទាំង ៥ ដើម្បីធានាការអភិវឌ្ឍ ក្រោយផ្លាស់ប្ដូរក្បាលម៉ាស៊ីនថ្មី

14-10-2025 11:38

(ភ្នំពេញ)៖ សហព័ន្ធកីឡាវូស៊ូកម្ពុជា បានផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំថ្មី ដោយលោក ស្រ៊ុន ប៊ុនថាត បានក្លាយជាប្រធានសហព័ន្ធ អាណត្តិទី៧ ក្រោយប្រធានសហព័ន្ធចាស់លោក ថាង ហ្គោដុន និងប្រធានស្ដីទីលោក វ៉ាត់ ចំរើន បានសម្រេចដកខ្លួន ដោយសារមមាញឹកភារកិច្ចច្រើន មិនអាចបន្ដការដឹកនាំទៀតបាន។

ការផ្លាស់ប្ដូរថ្នាក់ដឹកនាំសហព័ន្ធខាងលើ ធ្វើឡើងក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី៦ ឆ្នាំ២០២១-២០២៥ បន្តអាណត្តិទី៧ ២០២៥-២០២៩ របស់សហព័ន្ធកីឡាវូស៊ូកម្ពុជា កាលពីល្ងាចទី១៣ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC)។

លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ដែលបានអញ្ជើញចូលរួមជាសក្ខីភាពក្នុងមហាសន្និបាត ក្នុងនាមប្រធានស្ដីទីសហព័ន្ធ អាណត្តិចាស់ បានកោតសរសើរ ចំពោះលោក ស្រ៊ុន ប៊ុនថាត ប្រធានសហព័ន្ធអាណត្តិថ្មី ព្រមទាំងសមាជិកប្រតិបត្តិទាំង ១២រូបផ្សេងទៀត ដែលបានលះបង់ និងចូលរួមបន្ដដឹកនាំសហព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍវិស័យកីឡាវូស៊ូកម្ពុជាឲ្យកាន់តែរីកចម្រើន។

ប៉ុន្ដែដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព លោកបានក្រើនរំឮកដល់ថ្នាក់ដឹកនាំសហព័ន្ធ អាណត្តិថ្មី ត្រូវអនុវត្តការងារសំខាន់ៗទាំង ៥ ដែលជាគោលការណ៍ និងទ្រឹស្ដី ក្នុងការដឹកនាំ និងគ្រប់គ្រងសហព័ន្ធ ឲ្យទទួលបានជោគជ័យ រួមមាន៖

១-ផ្នែករដ្ឋបាលកីឡា ជាការងារដ៏ចាំបាច់ ដែលសហព័ន្ធត្រូវមានការរៀបចំដំណើរការលិខិតស្នាម គ្រប់គ្រង កិច្ចប្រជុំ ដែលប្រធានសហព័ន្ធ និងអគ្គលេខាធិការទទួលបន្ទុកចាត់ចែង ជាពិសេសអគ្គលេខាធិការ។ ទោះកីឡាវូស៊ូក មិនទាន់ជាប្រភេទកីឡាអូឡាំពិក តែគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅតែជួយជ្រោមជ្រែងលើផ្នែករដ្ឋបាលនេះដែរ។
២- ត្រូវពង្រឹងលើផ្នែកទំនាក់ទំនងអន្តរជាតិ ក្នុងការកៀគររកការគាំទ្រពីប្រទេសជាម្ចាស់ដើម គឺប្រទេសចិន ជាពិសេសផ្នែកបច្ចេកទេស និងការឧបត្ថម្ភគាំទ្រ។
៣- ការគ្រប់គ្រងបច្ចេកទេស ដែលទាមទារឲ្យមានការអភិវឌ្ឍ ទាំងធនធានគ្រូបង្វឹក មន្ដ្រីបច្ចេកទេស និងកីឡាករ-កីឡាការិនី។
៤-ការរៀបចំឲ្យមានផ្នែកទីផ្សារ សម្រាប់ស្វែងរកចំណូល តាមរយៈផែនការរៀបចំព្រឹត្តិការណ៍ផ្សេង។
៥-ការរៀបចំផែនការអភិវឌ្ឍន៍អ្នកគ្រប់គ្រងព្រឹត្តិការណ៍ ពោលគឺត្រូវមានផែនការប្រកួតប្រចាំឆ្នាំ ដោយសហការជាមួយផ្នែកទីផ្សារ និងរៀបចំព្រឹត្តិការណ៍ ទាំងការប្រកួតក្នុងស្រុក និងប្រកួតលក្ខណៈអន្តរជាតិ ដើម្បីស្វែងរកការគាំទ្រផ្សេងៗ

ទន្ទឹមជាមួយគ្នាលោក ស្រ៊ុន ប៊ុនថាត ដែលជាប្រធានថ្មីរបស់សហព័ន្ធ បានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការចូលរួមដឹកនាំ និងដោះស្រាយរាល់បញ្ហា ក៏ដូចជាតម្រូវការផ្សេងៗ ទៅតាមលទ្ធភាពជាក់ស្ដែង ដើម្បីធានាបាននូវការចូលរួមអភិវឌ្ឍន៍វិស័យកីឡាវូស៊ូកម្ពុជា ឲ្យកាន់តែរីកចម្រើន ទាំងលើជាតិ និងអន្ដរជាតិ៕