តារាសម្ដែង និងម៉ូដែល កុយ អេនណា និង​ ស៊ូ សោភា ប្រកាសបើកសម្ពោធ «មូលនិធិបេះដូងសោភា» ស្វែងរកថវិកាជួយដល់កិច្ចការមនុស្សធម៌ក្នុងសង្គម

14-10-2025 13:34

(ភ្នំពេញ)៖ ដោយសារតែមានទឹកចិត្ត និងបេះដូងបរិសុទ្ធដូចគ្នាទើបបានជាតារាសម្ដែង, តារាម៉ូដែល និងជា `Miss Grand Cambodia 2023~ កុយ អេនណា បានសម្រេចចិត្តរួមគ្នាជាមួយនឹងលោកស្រី ស៊ូ សោភា នាយិកាក្រុមហ៊ុន សោភាផ្សារធម្មជាតិ២៤ ដោយមិនស្ទាក់ស្ទើរប្រកាសបើកសម្ពោធមូលនិធិមួយមានឈ្មោះថា «មូលនិធិបេះដូងសោភា» ដោយបានទាំងសន្យារួមគ្នាជួយសង្គមក្នុងរូបភាពថ្លៃថ្នូរបំផុត ហើយក្នុងគោលបំណងស្វែងរកថវិកាពីសប្បុរសជននានា ជួយដល់ក្មេងៗមានពិការភាពក្នុងមណ្ឌលដែលខ្វះខាត, ក្មេងកំព្រានៅតាមមណ្ឌលនានា និងជួយដល់កិច្ចការងារសង្គម ដូចជាការជួយសម្រាប់មូលនិធិសិល្បករ ទ្រទ្រង់វីរៈកងទ័ព, ការចែកស្បៀងអាហារដល់កងទ័ព និងជនភៀសសឹកពីការឈ្លានពានរបស់ចោរសៀមជាដើម។

ជាក់ស្ដែងនៅក្នុងថ្ងៃប្រកាសកញ្ញា កុយ អេនណា ក្លាយជា BA លើផលិតផលវីតាមីនពន្យាភាពចាស់ NAD+ SkinYoung កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ លោកស្រី ស៊ូ សោភា នាយិកាក្រុមហ៊ុន សោភាផ្សារធម្មជាតិ២៤ បានប្រកាសគម្រោងធំមួយដែលជាក្តីស្រមៃរបស់ខ្លួន គឺការជួយដល់កិច្ចការងារសង្គម។ កិច្ចការងារសង្គមដែលនាងធ្លាប់បានធ្វើ និងកំពុងធ្វើនាពេលបច្ចុប្បន្ន ហើយគម្រោងថ្មី គឺជាការប្រកាសបង្កើតមូលនិធិជួយដល់កិច្ចការងារមនុស្សធម៌នានា ដែលបានពីប្រាក់ចំណេញលើមុខជំនួញមាននៅក្នុងដៃនាពេលបច្ចុប្បន្ន។ ស្ថិតក្នុងបេះដូងបរិសុទ្ធដូចគ្នា មានឆន្ទៈគោលបំណងជួយសង្គមតាមលទ្ធភាព គឺជាក្តីប្រាថ្នារបស់កញ្ញា កុយ អេនណា ផងដែរ ទើបមូលនិធិរបស់ម្ចាស់ប្រេនរូបនេះ បានបង្កើតឡើងមានឈ្មោះថា «មូលនិធិបេះដូងសោភា»។ ទាំងអេនណា និងលោកស្រី ស៊ូ សោភា រំភើបចិត្តដែលរូបភាពនៃការជួយដល់កិច្ចការងារសង្គមត្រូវបានធ្វើឡើង ខណៈដែលមហាជន និងអ្នកគាំទ្រក៏ពេញចិត្តនឹងការងារទាំងអស់នេះ។

តារាម៉ូដែលកំពុងលេចធ្លោក្នុងសកម្មភាពមនុស្សធម៌ កុយ អេណា បានថ្លែងឲ្យដឹងថា នាងពិតជាគោរពអរគុណដល់លោកស្រី ស៊ូ សោភា ដែលបានផ្ដល់កិត្តិយស និងមានទំនុកចិត្តជ្រើសរើសរូបនាង ដើម្បី បង្កើតមូលនិធិរួមគ្នាមួយមានឈ្មោះថា «មូលនិធិបេះដូងសោភា»។ កន្លងមកនាងបានសង្កេតឃើញថា អគ្គនាយិការក្រុមហ៊ុន គឺលោកស្រី ស៊ូ សោភា បានធ្វើសកម្មភាពសប្បុរសធម៌ជាច្រើន ជាពិសេសជួយដល់កុមារកំព្រានៅកម្ពុជា។ គោលដៅនេះ គឺសមស្របជាមួយនឹងបេះដូងរបស់នាងដែលជាអ្នក កំពុងស្វះស្វែងរកអ្នកជួយដល់សង្គមដូចគ្នា ទើបពេលនេះបានក្លាយជាគោលដៅមួយស្របគ្នា ពោលគឺដើម្បីការងារមនុស្សធម៌រួមជាមួយគ្នាទៅថ្ងអនាគត។

ដោយឡែកលោកស្រី ស៊ូ សោភា នាយិការក្រុមហ៊ុន សោភាផ្សារធម្មជាតិ២៤ បន្ទាប់ពីបានថ្លែងរៀបរាប់ពីជីវិតតស៊ូ រងនូវភាពបរាជ័យ ធ្លាក់ដល់ចំណុចសូន្យម្ដងហើយម្ដងទៀត ដោយសារតែភាពស្មោះត្រង់ ភាពល្ងង់ខ្លៅ ឆាប់ជឿទុកចិត្តគេពេក ធ្វើឲ្យលោកស្រីឈឺឆាប់រកអ្វីថ្លែងពុំបានរួចមក ជុំវិញកិច្ចការបង្កើតមូលនិធិនេះ អ្នកស្រីបានបញ្ជាក់ថា ជាការពិតរាជរដ្ឋាភិបាលបានគិតគូ និងជួយជ្រោមជ្រែងមួយផ្នែកធំទៅហើយ ដូច្នេះយើងជាប្រជាពលរដ្ឋ ដែលមានលទ្ធភាពអាចជួយត្រឡប់ទៅសង្គមវិញបាន គួរតែចាប់ផ្ដើមធ្វើចាប់ពីពេលនេះទៅ។

លោកស្រីបញ្ជាក់ថា ការជ្រើសរើសយកតារាម៉ូដែល កុយ អេណា បង្កើតមូលនិធិរួមគ្នានៅពេលនេះ គឺសមស្របទៅនឹងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញរបស់តារាសម្ដែងរូបនេះ ទៅដែលកំពុងលេចធ្លោក្នុងសកម្មភាពមនុស្សធម៌របស់ខ្លួន។ ជាក់ស្ដែងតារាម៉ូដែល កុយ អេណា បានបញ្ចប់គម្រោងដើរដោយថ្មើជើងពីរាជធានីភ្នំពេញ ទៅកាន់ទឹកដីនៃខេត្តសៀមរាប ដើម្បីរៃអង្គាសថវិកាជួយដល់ក្មេងមានពិការភាពក្នុងមណ្ឌលដែលខ្វះខាត។ បន្ទាប់មកនាង​ក៏ទើបបញ្ចប់បេសកកម្ម នៃការរៀបចំប្រគំតន្ត្រីសប្បុរសធម៌ នៅប្រទេសកូរ៉េខាងត្បូង សម្រាប់មូលនិធិសិល្បករទ្រទ្រង់វីរៈកងទ័ពនៅតាមបណ្ដោយព្រំដែន ដែលទទួលបានការសាទរ និងគាំទ្រពីសំណាក់មហាជនទូទាំងប្រទេស។

សូមបញ្ជាក់ថា ការប្រកាសបើកដំណើរការជាផ្លូវការនូវមូលនិធិសប្បុរសធម៌ របស់ម្ចាស់ប្រេនខាងលើ និងតារាសម្ដែង កុយ អេណា មានឈ្មោះ «មូលនិធិបេះដូងសោភា» ជាគម្រោងការងារជាមួយគ្នាបែបយូរអង្វែងបន្តទៀត ជាពិសេជួយដល់កិច្ចការងារសង្គម ដូចជាការចែកស្បៀងអាហារដល់កងទ័ព និងជនភៀសសឹកពីការឈ្លានពានរបស់សៀម និងការផ្តល់ជាប្រចាំនូវថវិកាសម្រាប់ទ្រទ្រង់ ចំណាយការខ្វះខាតរបស់អង្គការក្មេងកំព្រានៅក្នុងប្រទេសកម្ពុជាជាដើម៕