Williams វ័យ ៥០ឆ្នាំ ក្លាយជាកីឡាករចាស់ជាងគេ ដណ្តើមបានជើងឯក ក្នុងកម្មវិធីយកចំណាត់ថ្នាក់

14-10-2025 14:14

(បរទេស)៖ កីឡាករស្នូកឃ័រ Mark Williams បានផ្តួល Shaun Murphy ដោយលទ្ធផល ១០-៣ ដើម្បីលើកពាន Xián Grand Prix ឆ្នាំ២០២៥ ក្លាយជាកីឡាករវ័យចំណាស់ជាងគេ ដែលដណ្តើមបានជើងឯក នៃកម្មវិធីយកចំណាត់ថ្នាក់។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

ស្ថិតក្នុងវ័យ ៥០ឆ្នាំ និង ២០៦ថ្ងៃ អតីតជើងឯកពិភពលោក ៣សម័យ Williams ក៏បានវ៉ាដាច់កំណត់ត្រារបស់កីឡាករវ៉េលដូចគ្នាគឺ Ray Reardon ដែលមានវ័យ ៥០ឆ្នាំ និង ១៤ថ្ងៃ នៅពេលឈ្នះជើងឯកជាលក្ខណៈកីឡាករអាជីពនេះ កាលឆ្នាំ១៩៨២។

នេះក៏ជាពានលើកទី២៧ របស់កីឡាករជំនាញដៃឆ្វេង ពីកម្មវិធី ranking title ចាញ់ប្រៀបកីឡាករលេខ៥ ពិភពលោកបច្ចុប្បន្ន Steve Davis ដែលដណ្តើមបាន ២៨ដង ស្របពេល Ronnie O’Sullivan នាំមុខគេដាច់ តាមរយៈឈ្នះបាន ៤១លើកឯណោះ។

ទោះជាយ៉ាងណា Williams ក៏ជាកីឡាករដំបូងគេដែលឈ្នះពានកម្រិត Tour តាំងពីវ័យជំទង់អាយុ ២០ឆ្នាំ ដល់ ៥០ឆ្នាំនេះទៀតផង។

ក្នុងប្រកួតនោះដែរ Williams ធ្វើបានពិន្ទុខ្ពស់បំផុតដល់ ១២៧ពិន្ទុនៅសិតទី៨ ដើម្បីនាំមុខ Murphy ៧-១ និងបន្តមកទៀតក្នុងសិតទី៩ ក៏ធ្វើបាន ១២២ពិន្ទុថែមទៀត និងជ័យជម្នះ ២សិតចុងក្រោយ បន្ទាប់ពីគូប្រជែងវាយបកបាន ២សិតជាប់គ្នាមកនោះ៕