ក្រុមហ៊ុន Picasso City Garden Plc (PCG) ចាប់ផ្តើមរៀបចំពិធីរ៉ូដសូ ឈានទៅរកការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ លើកដំបូង ក្នុងផ្សារមូលបត្រកម្ពុជា នាពេលដ៏ខ្លីខាងមុខ

14-10-2025 16:05

(ភ្នំពេញ)៖ ក្រុមហ៊ុន Picasso City Garden Plc (PCG) នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥នេះ បានចាប់ផ្តើមរៀបចំពិធីរ៉ូដសូ ស្តីពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ លើកដំបូង របស់ខ្លួន នៅផ្សារមូលបត្រកម្ពុជា។

ព្រឹត្តិការណ៍នេះ បានទាក់ទាញការចូលរួមយ៉ាងច្រើនពីសំណាក់វិនិយោគិន ស្ថាប័ន អ្នកជំនាញអចលនទ្រព្យ អ្នកដឹកនាំអាជីវកម្ម និងអ្នកសារព័ត៌មានជាច្រើននាក់ ដែលបានធ្វើឱ្យមានការចាប់អារម្មណ៏ជាខ្លាំងពីសាធារណជន និងការរំពឹងទុកខ្លាំងនៃទីផ្សារ មកលើការចុះបញ្ជីជាសាធារណៈរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន ម.ក ផ្ទាល់។

ក្នុងព្រឹត្តិការណ៍នោះ ក្រុមការងារ PCG បានបង្ហាញអំពីដំណើរលូតលាស់របស់ក្រុមហ៊ុន ផែនការបោះផ្សាយមូលបត្រ IPO និងគោលបំណងប្រើប្រាស់ទុនដែល​ប្រមូលបាន ជាពិសេសការណែនាំអំពី​គម្រោងដ៏ល្បីរបស់ខ្លួនគឺគម្រោង «Picasso Sky Gemme» ដែលស្ថិតនៅចំកណ្តាលនៃតំបន់បឹងកេងកង១។ អគារដ៏ប្រណិតនេះមានកម្ពស់រហូតដល់១៨០ម៉ែត្រ ដែលជាអគារលំនៅដ្ឋានកម្ពស់៥២ជាន់ គ្រោងនឹងក្លាយជាអត្តសញ្ញាណថ្មីមួយនៃទីក្រុងភ្នំពេញ និងជាអគារលំនៅដ្ឋានប្រណិតបំផុតនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងអត្តសញ្ញាណម៉ាកតែមួយគត់ បូករួមជាមួយនឹងគុណភាពសំណង់ និងគំនិតរចនាបែប «វិចិត្រសាលសម្រាប់បែបបទរស់នៅសម័យថ្មី»​ គម្រោងនេះបានបង្កើតនូវភាពខុសប្លែកឆ្ងាយពីគម្រោងដទៃ និងទទួលបានការទទួលស្គាល់យ៉ាងខ្លាំងពីទីផ្សារអចលនទ្រព្យទាំងក្នុង និងក្រៅប្រទេស។

តាមការស្ទង់មតិនៅក្នុងកម្មវិធីរ៉ូដស៉ូនេះ បានបង្ហាញឲឃើញថា វិនិយោគិនជាង ៧០% បានបង្ហាញចំណាប់អារម្មណ៍ខ្លាំង ចំពោះគោលនយោបាយចំណេញថេរនៃប្រាក់ចំណូលប្រចាំឆ្នាំនៃមូលបត្រ របស់ក្រុមហ៊ុនដែលស្មើនឹង ៧% ក្នុងមួយឆ្នាំ សម្រាប់រយៈពេល៥ឆ្នាំ របស់ទៅលើការវិនិយោគនេះ។ បន្ថែមពីនេះ វិនិយោគិនស្ថាប័នជាច្រើនក៏បានស្នើសុំឯកសារក៏ដូចជាសំណុំបែបបទ ចុះឈ្មោះជួញដូរមូលប័ត្រ នៅក្នុងព្រឹត្តិការណ៍ផ្ទាល់តែម្តង។

តាមការបញ្ជាក់ពី ក្រុមហ៊ុនធានាទិញមូលបត្រ ខេមបូឌា ស៊ីឃ្យួរឹធី ម.ក បានឲ្យដឹងថា ព្រឹត្តិការណ៍នៅភ្នំពេញនេះ ជាការចាប់ផ្តើមផ្លូវការនៃកម្មវិធីរ៉ូដស៉ូទូទាំងតំបន់អាស៊ីដែលរួមបញ្ចូលទីក្រុងសំខាន់ៗដូចជា សៀងហៃ សិនជិន ហុងកុង ឆុងឈីង ម៉ាឡេស៊ី សិង្ហបុរី តៃវ៉ាន់ និងតូក្យូ។ គោលបំណងចំបងនេះគឺដើម្បីណែនាំអំពីសក្តានុពលទីផ្សារអចលនទ្រព្យកម្ពុជា ទៅកាន់វិនិយោគិនអន្តរជាតិ ជាពិសេសក្នុងសហគមន៍វិនិយោគចិនទូទាំងពិភពលោក និងមូលនិធិវិនិយោគអចលនទ្រព្យ។

ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន ម.ក បានសង្កត់ធ្ងន់ថា ការចុះបញ្ជី IPO នេះមិនត្រឹមតែផ្តល់នូវប្រាក់ចំណេញថេរទៅកាន់វិនិយោគិនប៉ុណ្ណោះទេ ប៉ុន្តែតម្លៃផ្តល់ជូនក្នុងមួយភាគហ៊ុនគឺ ១.២០ ដុល្លារ ដែលស្មើនឹងតម្លៃបញ្ចុះប្រមាណ ៤០% ប្រៀបធៀបនឹងតម្លៃទីផ្សារប៉ាន់ស្មាន ដែលបង្ហាញពីសក្តានុពលលូតលាស់ខ្ពស់ និងឱកាសទទួលបានប្រាក់ចំណេញរយៈពេលវែង ព្រមទាំងជាចំណុចល្អ បំផុតសម្រាប់វិនិយោគិនបរទេសដែលមានចំណាប់អារម្មណ៏ចង់ចូលក្នុងទីផ្សារមូលប័ត្រកម្ពុជា។

នាយកប្រតិបត្តិនៃក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន ម.ក បានមានប្រសាសន៍ថា «នេះមិនមែនគ្រាន់តែជាការផ្លាស់ប្តូរនៃមូលបត្ររបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាឌិន ឌីវេឡុបម៉ិន ម.ក នោះទេ តែជាការអភិវឌ្ឍន៍ និងភាពរីកចម្រើន ក៏ដូចជាបរិបទថ្មីមួយទៀតនៃវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា»

លោកបណ្ឌិត ហេង វុទ្ធី ប្រធានសមាគមវិនិយោគចិននៅកម្ពុជា និងទីប្រឹក្សាផ្ទាល់សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ​បានវាយតម្លៃខ្ពស់ចំពោះ ក្រុមហ៊ុន Picasso City Garden Plc.​ ដែលបានបោះជំហាន​ និងត្រៀមខ្លួន ជាស្រេចសម្រាប់ការ បោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូង (IPO)។ ការណ៍នេះឆ្លុះបញ្ចាំងពី​ចក្ខុវិស័យ ក្នុងការប្រែក្លាយខ្លួនជាក្រុមហ៊ុនដែលមាន ស្តង់ដារអន្តរជាតិ។

លោកបន្ថែមថា ការចុះបញ្ជីដ៏ជោគជ័យនេះ នឹងធ្វើឱ្យ ក្រុមហ៊ុន Picasso City Garden ក្លាយជាក្រុមហ៊ុនអចលនទ្រព្យទី១ដែលធ្វើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធលើកដំបូងជាសាធារណៈ ក្នុងឆ្នាំ២០២៥ និងជាក្រុមហ៊ុនទី ១២ ដែលបានចុះបញ្ជីក្នុងផ្សារមូលបត្រកម្ពុជា។ ការចូលរួមនេះមិនត្រឹមតែជួយពង្រឹងទំនុកចិត្តរបស់វិនិយោគិនទេ ប៉ុន្តែថែមទាំងជួយបង្កើនលំហូរសាច់ប្រាក់ និងសកម្មភាពពាណិជ្ជកម្មក្នុងទីផ្សារមូលធន បង្កើត ឱកាសវិនិយោគថ្មីៗ និងជំរុញឱ្យមានការចូលរួមកាន់តែច្រើនពីវិស័យឯកជន។

លោក សៀង ធីរិទ្ធ អគ្គនាយករង នៃនិយ័តករមូលបត្រកម្ពុជា មានប្រសាសន៍ថា ទន្ទឹមនឹងការផ្សព្វផ្សាយអំពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈលើក ​ក៏បានបង្ហាញឲ្យឃើញពីឆន្ទៈនៃការចូលរួមដំបូងរបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក ​និងការរួមចំណែករបស់ក្រុមហ៊ុន ពីកាសូ ស៊ីធី ហ្គាដិន ឌីវេឡុបម៉ិន ម.ក ក្នុងការអភិវឌ្ឍន៍ទីផ្សារមូលបត្រនៅ​កម្ពុជា តាមរយៈការកៀរគរមូលធនពីការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិជាសាធារណៈ ដែលជាប្រភពទុនយូរអង្វែង សម្រាប់ការពង្រីក និងអភិវឌ្ឍប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

លោក ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថា ផ្សារមូលបត្រកម្ពុជាមានមោទនភាពដែលបានប្រែក្លាយជាច្រកហិរញ្ញប្បទានថ្មីមួយ ដែលអនុញ្ញាតឱ្យក្រុមហ៊ុនឯកជនក្តី សហគ្រាសសាធារណៈក្តី ដែលមានសក្ដានុពលអាចកៀរគរទុន សម្រាប់ពង្រឹង និងពង្រីកអាជីវកម្មរបស់ខ្លួន និងអាចបង្កើននូវអត្ថប្រយោជន៍ប្រកួតប្រជែងក្នុងតំបន់បាន។ ជាមួយគ្នានេះផងដែរ ផ្សារមូលបត្រកម្ពុជាបានផ្តល់នូវផលិតផលហិរញ្ញវត្ថុសម្រាប់ការវិនិយោគរយៈពេលខ្លី និងវែងជូនវិនិយោគិនទាំងរូប វ័ន្តបុគ្គល និងនីតិបុគ្គលផងដែរ។

លោកលើកទឹកចិត្តវិនិយោគ សិក្សាពីក្រុមហ៊ុន និងវិនិយោគភាគហ៊ុនជាមួយក្រុមហ៊ុននេះ ព្រោះ​គម្រោងខុនដូនេះ មិនត្រឹមតែជារចនាសម្ព័ន្ធបេតុង និងកញ្ចក់ប៉ុណ្ណោះទេ ប៉ុន្តែវាជាគេហដ្ឋាន ជាសហគមន៍ និងជាកន្លែងរស់នៅដែលផ្សារភ្ជាប់នូវទំនាក់ទំនង និងការរីកចម្រើន។ ​ទោះបីជាវិស័យអចលទ្រព្យនៅកម្ពុជាមានសភាពហាក់នៅនឹងថ្កល់ តែក្រុមហ៊ុន ពីកាសូ បានបោះជំហានទៅមុខឥតឈប់ឈរ និងទទួលបានការគាំទ្រពីអតិថិជន ដែលភាគច្រើនជាអភិជន ការទូត និងអ្នកដែលស្វែងរកលំនៅដ្ឋានប្រកបដោយប្រណិតភាព​៕