មជ្ឈមណ្ឌលបុប្ផាណា រំឭកខួប៥០ឆ្នាំ នៃការចងចាំ ដោយរៀបចំពិព័រណ៍ដ៏ធំមួយ សម្រាប់ស្នាដៃ «រស់រាន» !

14-10-2025 16:34

(ភ្នំពេញ)៖ ដើម្បីរំឭកខួប៥០ឆ្នាំ នៃការដួលរលំទីក្រុងភ្នំពេញ (ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥) ថ្ងៃនេះ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា សូមប្រកាសអំពីការ សម្ពោធពិព័រណ៍ដ៏សំខាន់មួយ មានឈ្មោះថា «រស់រាន» ដែលជាស្នាដៃដ៏លេចធ្លោរបស់លោក គឹម ហាក់ ជាសិល្បករ កម្ពុជាដែលទទួលស្គាល់ជាអន្តរជាតិ និងប្រឹក្សាដោយផ្ទាល់ ជាមួយលោក ប៉ាន់ រិទ្ធី រួមជាមួយអ្នករៀបចំពិព័រណ៍ កញ្ញា ម៉ឹង មេត្តា។

ពិព័រណ៍នេះ នឹងបើកជូនទស្សនាជាសាធារណៈ ចាប់ពីថ្ងៃសៅរ៍ ទី១៨ ខែតុលា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក ប៉ាន់ រិទ្ធី សហស្ថាបនិកមជ្ឈមណ្ឌលបុប្ផាណា និងជាទីប្រឹក្សារៀបចំពិព័រណ៍នេះ បានថ្លែងថា «ឥដ្ឋគ្រប់ដុំ និងជញ្ជាំងគ្រប់ផ្ទាំងនៅទីនេះ ជាការបង្ហាញពីការចងចាំដែលមិនបំភ្លេច។ តាមរយៈការផ្តល់ទីតាំងទាំងមូលដល់ពិព័រណ៍ «រស់រាន» យើងក៏ចង់បញ្ជាក់ដែលថាការចងចាំមិនត្រឹមតែជាទង្វើនៃការតស៊ូតែប៉ុណ្ណោះទេ ប៉ុន្តែក៏ជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យផងដែរ»

ពិព័រណ៍នេះនឹងរៀបចំនៅជាន់ផ្ទាល់ដី និងជាន់ទីពីរនៃមជ្ឈមណ្ឌលបុប្ផាណា ដែលដាក់បង្ហាញស្នាដៃជម្រើសយ៉ាងលម្អិតពីក្រុមការងារ ព្រមទាំងតាំងបង្ហាញរូបខ្លះនៅជាន់ទីមួយ ដែលជាបណ្ណាល័យរបស់មជ្ឈមណ្ឌល ក្នុងគោលបំណង បង្ហាញពីលក្ខណសម្បត្តិរបស់មជ្ឈមណ្ឌលក្នុងការរៀបចំពិព័រណ៍បែបសហសម័យ និងប្រវត្តិសាស្ត្រសំខាន់ៗ។

កិច្ចសហការគ្នារវាង លោក គឹម ហាក់ មជ្ឈមណ្ឌលបុប្ផាណា និង មូលនិធិ រៃ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការចងចាំ ភាពធន់ និងអំណាចនៃការបរិយាយ ប្រវត្តិសាស្រ្តតាមរយៈសិល្បៈ។ តាមរយៈការផ្សាភ្ជាប់ប្រវត្តិសាស្ត្រ និងសិល្បៈ ពិព័រណ៍នេះផ្តល់ជូននូវភាសាសោតទស្សន៍ជាសកលមួយ ដែលអាចនាំសារអំពីការចងចាំ និងក្តីសង្ឃឹម ដោយបំប្លែងប្រវត្តិសាស្ត្រទៅជាកិច្ចសន្ទនារវាងមនុស្សពីជំនាន់មួយទៅជំនាន់មួយ និងពីសហគមន៍មួយទៅសហគមន៍មួយ។

* អនុស្សាវរីយ៍វិលមកកាន់មាតុភូមិវិញ

ពិព័រណ៍ «រស់រាន» បង្ហាញពីរឿងរ៉ាវផ្ទាល់ខ្លួន និងសមូហភាពយ៉ាងស៊ីជម្រៅស្ដីពីការរស់រានមានជីវិត និងនិរន្តរភាពជាបន្ត។ អស់ពេលជាងមួយទសវត្សរ៍មកនេះ លោក គឹម ហាក់ បានចងក្រងឯកសារអំពីវត្ថុផ្ទាល់ខ្លួន ដែលប្រជាជនខ្មែរបានលួចលាក់ទុក រក្សាទុក និងយកតាមខ្លួន នៅពេលដែលគាត់បានរួចជីវិតពីរបបខ្មែរក្រហម ពោលគឺជាវត្ថុតូចៗ និងវត្ថុប្រើប្រាស់ប្រចាំថ្ងៃធម្មតា បានប្រែក្លាយជា «ឃ្លាំងផ្ទុកការចងចាំ»។

វត្ថុទាំងនោះរាប់ចាប់ពីរូបថត កំសៀវ រហូតដល់សម្បត្តិគ្រួសារ និងសម្លៀកបំពាក់ វត្ថុខ្លះបានធ្វើដំណើរឆ្លងពិភពលោកជាមួយជនភៀសខ្លួន ខណៈដែលវត្ថុខ្លះទៀត នៅតែស្ថិតនៅក្នុងប្រទេសកម្ពុជា និងត្រូវបានថែរក្សាការពារដោយអ្នករស់រានមានជីវិត។ ការដាក់តាំងបង្ហាញរួមគ្នានៅរាជធានីភ្នំពេញនេះ ជាការបំពេញវដ្ដនៃការចងចាំដ៏មានឥទ្ធិពលមួយ ពោលគឺជាការនាំយកបំណែកប្រវត្តិសាស្ត្រដែលបានបែកខ្ញែកផ្សេងៗឱ្យវិលមកជួបជុំជាមួយប្រទេសជាតិកំណើតរបស់ខ្លួនវិញ។

នេះជាលើកទីមួយហើយ ដែលបង្ហាញរួមគ្នានូវជំពូកទាំងបួននៃ «រស់រាន» ចាប់ផ្ដើមពីប្រទេសកម្ពុជា (រស់រាន ជំពូក ១) នៅប្រទេសអូស្ត្រាលី (រស់រាន ជំពូក ២) នៅប្រទេសនូវែលសេឡង់ (រស់រាន ជំពូក ៣ ) និងប្រទេសជប៉ុន (រស់រាន ជំពូក ៤ ) ដែលនឹងផ្តល់នូវតថភាពប្រវត្តិសាស្ត្រប្រទាក់ក្រឡាគ្នារបស់កម្ពុជា រវាងការរស់រាន ការធ្វើចំណាកស្រុក និងការធ្វើមាតុភូមិនិវត្ត។

លោក គឹម ហាក់ ជាសិល្បករ និងធ្វើការលើគម្រោង «រស់រាន» បានថ្លែងថា «ពិព័រណ៍នេះ ឆ្លុះបញ្ចាំងអំពីភាពក្លាហានដ៏ស្ងៀមស្ងាត់ របស់ប្រជាជនកម្ពុជា ដែលបាននាំយកបំណែក នៃប្រទេសកំណើតខ្លួនទៅជាមួយ ដោយពេលខ្លះរបស់ទាំងនោះត្រូវបានលាក់ទុក ពេលខ្លះកប់ក្នុងដី ដើម្បីការពារពីការបំផ្លិចបំផ្លាញ។ ការនាំយករឿងរ៉ាវទាំងនេះ មកមាតុភូមិវិញ គឺជាការវិលត្រឡប់ទាំងផ្នែកសិល្បៈ និងមនោសញ្ចេតនា។

* ជំពូកថ្មីនៃបុប្ផាណា៖ ការចងចាំ ជាលំហសម្រាប់ប្រជាជាតិ

ការផ្តល់ទីតាំងក្នុងការរៀបចំពិព័រណ៍ «រស់រាន» គឺជាជំហានដ៏ច្បាស់លាស់មួយសម្រាប់មជ្ឈមណ្ឌលបុប្ផាណា។ ការបំប្លែងទីតាំងរបស់ខ្លួនទៅជាកន្លែងតាំងពិព័រណ៍ដ៏ធំមួយ បង្ហាញពីការប្តេជ្ញាចិត្តរបស់មជ្ឈមណ្ឌលក្នុងការពង្រីកតួនាទីរបស់ខ្លួនពីបណ្ណសារដ្ឋានសោតទស្សន៍ ទៅជាមជ្ឈមណ្ឌលវប្បធម៌សាធារណៈ។ ការវិវឌ្ឍនេះជាការស្ដែងចេញ នូវបេសកកម្មរបស់បុប្ផាណា ដើម្បីស្ដារការចងចាំឡើងវិញក្នុងនាមជាពលរដ្ឋ និងអភិរក្សការចងចាំប្រវត្តិសាស្ត្ររបស់កម្ពុជា។

នៅពេលដែលមជ្ឈមណ្ឌលពង្រីកសមត្ថភាពរបស់ខ្លួនក្នុងការតាំងពិព័រណ៍ “រស់រាន” នេះ បានក្លាយជានិមិត្តរូបដែលស្ថាប័នវប្បធម៌របស់កម្ពុជាកំពុងស្ដារការចងចាំប្រវត្តិសាស្ត្រមកវិញ តាមរយៈកិច្ចសន្ទនា ការអប់រំ និងសិល្បៈ។ ទីកន្លែងដែលត្រូវបានកែសម្រួលថ្មីនៅបុប្ផាណា បានបញ្ជាក់ឱ្យឃើញជាថ្មីម្ដងទៀតនូវតួនាទីរបស់ខ្លួនជាវេទិកាសម្រាប់ការចងចាំ ការផ្លាស់ប្តូរសិល្បៈ និងការឆ្លុះបញ្ចាំងរបស់ជាតិ។

* ភាពជាដៃគូដែលចាក់ឫសក្នុងការចងចាំ និងការអភិវឌ្ឍន៍

ពិព័រណ៍ «រស់រាន» នេះ អាចកើតឡើងដោយមានការសហការជាដៃគូរយៈពេលវែងជាមួយ មូលនិធិ រៃ ដែលជាអង្គការសប្បុរសធម៌ ប្តេជ្ញាចិត្តចំពោះការផ្លាស់ប្តូរសង្គម តាមរយៈនវានុវត្តន៍។ មូលនិធិ រៃ បានគាំទ្រពិព័រណ៍ «រស់រាន» តាំងពីដំណាក់កាលដំបូងរបស់ខ្លួននៅប្រទេសនូវែលសេឡង់ និងជប៉ុន ហើយបន្តសហការជាមួយមជ្ឈមណ្ឌលបុប្ផាណា លើគំនិតផ្តួចផ្តើមនានា ដូចជាកម្មវិធីសកម្មភាពនៃការចងចាំ (Acts of Memory) ដែលជាគម្រោងភាពយន្តឯកសារ ស្ដីពីសក្ខីកម្មរបស់អ្នកនៅរស់រានមានជីវិត ជាជនភៀសខ្លួនកម្ពុជានៅតាមបណ្ដាប្រទេសនានា។

យោងតាមសម្ដីលោកស្រី Reiko Fukutake នាយកប្រតិបត្តិ មូលនិធិ រៃ បានបញ្ជាក់ថា «យើងជឿជាក់ថាពិព័រណ៍ «រស់រាន» នឹងអនុញ្ញាតឱ្យអ្នកទស្សនាចូលរួមក្នុងកិច្ចសន្ទនាថ្មីៗ អំពីបទពិសោធន៍ក្នុងអំឡុងពេលរបបខ្មែរក្រហម និងក្រោយរបបនេះ ។ មូលនិធិ រៃ សង្ឃឹមថាកិច្ចសន្ទនាទាំងនេះ នឹងជួយយើងទាំងអស់គ្នា ក្នុងការឆ្ពោះទៅរកពិភពលោកមួយ ដែលមានការយល់ដឹង និងការទទួលយក ឆ្លងព្រំដែនរូបវ័ន្ត និងវប្បធម៌»

* រៀបចំសម្រាប់ប្រជាជនកម្ពុជា ដោយប្រទេសកម្ពុជា

ក្នុងនាមជាទីប្រឹក្សានៃពិព័រណ៍នេះ លោក ប៉ាន់ រិទ្ធី បានបង្ហាញពីទស្សនៈវិស័យ និងការអត្ថាធិប្បាយបែបសោតទស្សន៍ ដោយផ្សារភ្ជាប់ការងារសិល្បៈរបស់ “រស់រាន” ជាមួយនឹងបេសកកម្មដ៏ទូលំទូលាយរបស់មជ្ឈមណ្ឌលបុប្ផាណា ក្នុងការបំប្លែងការចងចាំផ្ទាល់ខ្លួនទៅជាប្រវត្តិសាស្ត្ររួម។

ពិព័រណ៍នេះ រៀបចំដោយកញ្ញា ម៉ឹង មេត្តា តាមរយៈការផ្សាភ្ជាប់ទំនាក់ទំនង និងផ្តោតសំខាន់ជាមួយទស្សនិកជន នឹងធានាថាពិព័រណ៍ “រស់រាន” គឺជាកិច្ចសន្ទនារវាងជំនាន់មួយទៅជំនាន់មួយទៀត ។

កញ្ញា មេត្តា បានថ្លែងថា «គោលដៅរបស់យើង គឺដើម្បីអនុញ្ញាតឱ្យវត្ថុទាំងនេះឆ្លុះបញ្ចាំងដោយផ្ទាល់ទៅកាន់យុវជនកម្ពុជាដែលជាអ្នកជំនាន់ក្រោយ មិនធ្លាប់ឆ្លងកាត់សម័យកាលនោះ ប៉ុន្តែពួកគេនៅតែបន្តទទួលឥទ្ធិពលពីអតីតកាល។ ពិព័រណ៍នេះ គឺជាការនាំយកប្រវត្តិសាស្ត្រមកបង្ហាញឡើងវិញ តាមរយៈការយល់ដឹងពីបទពិសោធន៍របស់អ្នកនៅរស់រាន»។

* កម្មវិធីសាធារណៈ

ពិព័រណ៍ រស់រាន នឹងត្រូវធ្វើឡើងដោយអមមកជាមួយនូវកម្មវិធីសាធារណៈប្រចាំសប្ដាហ៍ ដើម្បីលើកកម្ពស់ការរៀនសូត្រ ការឆ្លុះបញ្ចាំង និងកិច្ចសន្ទនាអន្តរជំនាន់។ គំនិតផ្តួចផ្តើមទាំងនេះ ដឹកនាំដោយក្រុមការងាររៀបចំពិព័រណ៍ រួមមានសកម្មភាពសិក្សាសម្រាប់សិស្សានុសិស្ស ការគិតយុទ្ធសាស្ត្រតាមរយៈរូបភាព និងកម្រងកិច្ចពិភាក្សាដែលមានការចូលរួមពីសិល្បករ សាស្រ្តាចារ្យប្រវត្តិសាស្រ្ត និងសំឡេងពីសហគមន៍។

ភាពយន្តឯកសារថ្មីអំពី លោក គឹម ហាក់ មានចំណងជើងថា រងើកភ្លើងក្រោមផេះ ដឹកនាំ និងកែសម្រួលដោយ លោក ប៉ាន់ រិទ្ធី និងផលិតដោយ មជ្ឈមណ្ឌលបុប្ផាណា ផ្តល់ជូនទស្សនិកជនឱ្យមើលឃើញកាន់តែច្បាស់ថែមទៀតអំពីសិល្បកររូបនេះ និងការឆ្លុះបញ្ចាំងរបស់លោកចំពោះប្រវត្តិសាស្ត្រ។ ការដើរទស្សនាពិព័រណ៍ជាមួយក្រុមរៀបចំពិព័រណ៍ ក៏នឹងមានធ្វើឡើងសម្រាប់សាលារៀន សាកលវិទ្យាល័យ និងស្ថាប័នដែលចាប់អារម្មណ៍ផ្សេងទៀត ពេញមួយរយៈពេលនៃការតាំងពិព័រណ៍ទាំងមូលផងដែរ៕