Salesforce ចាយលុយ ១៥ ពាន់លានដុល្លារនៅ San Francisco បង្កើតមជ្ឈមណ្ឌល AI ថ្មី ដើម្បីដណ្តើមភាពជាម្ចាស់បច្ចេកវិទ្យា

15-10-2025 07:41

(បរទេស)៖ ក្រុមហ៊ុន Salesforce ដែលជាក្រុមហ៊ុនផ្តល់កម្មវិធី Cloud ឈានមុខគេ បានប្រកាសពីគម្រោងវិនិយោគដ៏ធំសម្បើមចំនួន ១៥ ពាន់លានដុល្លារ នៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ គោលដៅចម្បងនៃការវិនិយោគនេះគឺដើម្បីជំរុញការទទួលយក និងការអភិវឌ្ឍបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ឱ្យកាន់តែលឿន ខណៈដែលក្រុមហ៊ុនកំពុងពង្រឹងកម្លាំងប្រកួតប្រជែងរបស់ខ្លួនប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សដទៃទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

ការវិនិយោគទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ នឹងត្រូវប្រើប្រាស់ដើម្បីបង្កើត «មជ្ឈមណ្ឌលបណ្តុះបណ្តាល AI ថ្មី» (AI incubator hub) នៅលើបរិវេណសាលា (Campus) របស់ក្រុមហ៊ុន និងជួយអាជីវកម្មនានាឱ្យប្រើប្រាស់ «ភ្នាក់ងារ AI» (AI agents) ដែលអាចបំពេញកិច្ចការដោយស្វ័យប្រវត្តិ។ លោក Marc Benioff នាយកប្រតិបត្តិ (CEO) បានសង្កត់ធ្ងន់ថា៖ «ការប្តេជ្ញាចិត្តដ៏ជ្រាលជ្រៅនេះចំពោះទីក្រុងកំណើតរបស់យើង គឺដើម្បីជំរុញនវានុវត្តន៍ AI ការបង្កើតការងារ និងជួយសហគមន៍ឱ្យរីកចម្រើន»

គួរបញ្ជាក់ថា ការប្រកាសដ៏សំខាន់នេះ ធ្វើឡើងចំពេលក្រុមហ៊ុនចាប់ផ្តើមវេទិកា AI ថ្មីរបស់ខ្លួនឈ្មោះ «Agentforce 360» ជាសកល ហើយត្រៀមរៀបចំសន្និសីទប្រចាំឆ្នាំ Dreamforce ដែលរំពឹងថានឹងទាក់ទាញអ្នកចូលរួមជិត ៥ ម៉ឺននាក់ និងបង្កើតចំណូលបានរហូតដល់ ១៣០ លានដុល្លារសម្រាប់ទីក្រុង។ អ្នកវិភាគបានចាត់ទុកការវិនិយោគនេះជាជំហានដ៏ចាំបាច់ដើម្បីទាក់ទាញធនធានមនុស្សជំនាញ AI ដ៏កម្របំផុត បើទោះបីជាភាគហ៊ុនរបស់ក្រុមហ៊ុនកំពុងប្រឈមនឹងការធ្លាក់ចុះប្រមាណ ២៨% គិតចាប់តាំងពីដើមឆ្នាំ ២០២៥ មកក៏ដោយ៕