Ronaldo ស៊ុត ២គ្រាប់ បង្កើតកំណត់ត្រាថ្មីឈរពីលើ Messi ក្នុងប្រកួតស្មើហុងគ្រី វគ្គជម្រុះ World Cup
15-10-2025 09:12
(ព័រទុយហ្គាល់)៖ Cristiano Ronaldo រកបាន ២គ្រាប់ក្នុងប្រកួតក្រុមហុងគ្រីតាមស្មើ ២-២ នៃការប្រកួតវគ្គជម្រុះ World Cup 2026 តំបន់អឺរ៉ុបប្រចាំពូល F ដោយតាមរយៈការស៊ុតនេះរូបលោកក៏បានបង្កើតកំណត់ត្រាស៊ុតបញ្ចូលទីថ្មីបន្ថែមទៀត ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់ កើនដល់១៦១គ្រាប់ ។

បុរសវ័យ ៤០ឆ្នាំ Cristiano Ronaldo ក៏ក្លាយជាអ្នកស៊ុតបានច្រើនជាងគេក្នុងវគ្គជម្រុះ World Cup ប្រមាណ ៤១គ្រាប់ ឈរពីលើ Carlos Ruiz កំពុងរកបាន ៣៩គ្រាប់ Lionel Messi ក៏កំពុងរកបាន ៣៦គ្រាប់ Ali Daei ស៊ុតបាន ៣៥គ្រាប់ និងបរុសប៉ូឡូញ Robert Lewandowski កំពុងរកបាន ៣២គ្រាប់បណ្តោះអាសន្ន ។
ស្ថិតក្នុងការប្រកួត ២គ្រាប់របស់ Ronaldo គឺធ្វើបាននៅនាទី២២ និងនាទី៤៥+៣ ក្រោយក្រុមហុងគ្រីស៊ុតនាំមុខដោយកីឡាករ Attila Szalai ទើបលេងបាន ៨នាទី ក្នុងវគ្គទី១ ខណៈកីឡាករខ្សែបម្រើ Dominik Szoboszlai ជាអ្នកនាំក្រុមហុងគ្រី ចែកគ្នាម្នាក់បាន ១ពិន្ទុ ក្រោយការស៊ុតបានសម្រេចនៅនាទី៩០+១ ។
សម្រាប់ពូល F នេះដែរ ក្រុមជម្រើសជាតិព័រទុយហ្គាល់ កំពុងនាំមុខគេ ១០ពិន្ទុ ដោយមានក្រុមហុងគ្រី ឈរលេខ២ មាន ៥ពិន្ទុ ក្រុមសាធារណរដ្ឋអៀរឡង់ មាន ៤ពិន្ទុ នឹងក្រុមអាមេនី ទើបមាន ៣ពិន្ទុពីការលេង ៤ប្រកួតដូចគ្នា ដ្បិត ២ប្រកួតទៀតក្រុមព័រទុយហ្គាល់ ត្រូវប៉ះសាធារណរដ្ឋអៀរឡង់ និងក្រុមអាមេនី បញ្ចប់វគ្គជម្រុះដណ្តើមកៅអីទៅជុំចុងក្រោយ World Cup 2026 ៕