Walmart សហការជាមួយ OpenAI បញ្ចូលមុខងារ «Shopping» នៅក្នុង ChatGPT

15-10-2025 10:01

(បរទេស)៖ ក្រុមហ៊ុន Walmart បានប្រកាសនៅពេលថ្មីៗនេះថា ខ្លួនកំពុងសហការជាមួយ OpenAI ដើម្បីអនុញ្ញាតឲ្យអតិថិជននិងសមាជិក Sam’s Club អាចទិញទំនិញដោយផ្ទាល់តាមរយៈ ChatGPT។ ការសហការនេះនាំឲ្យ ChatGPT ក្លាយជាកន្លែងទិញទំនិញដ៏ឆ្លាតវៃមួយ ដែលអាចពិភាក្សាជាមួយអ្នក ហើយជួយបញ្ជាទិញបានភ្លាមៗ។

អ្នកប្រើប្រាស់អាច «ជជែកហើយទិញ» មានន័យថា អ្នកអាចសួរក្បួនរូបមន្តម្ហូបឬបញ្ជីទំនិញ ហើយ ChatGPT នឹងជួយស្វែងរកផលិតផល, បន្ថែមចូលកន្ត្រក, និងធ្វើការទូទាត់ដោយផ្ទាល់។ គណនី Walmart និង Sam’s Club របស់អ្នកអាចភ្ជាប់ជាមួយ ChatGPT បាន ដើម្បីងាយស្រួលក្នុងការទិញ។ ការបញ្ចេញមុខងារនេះនឹងចាប់ផ្តើមក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ២០២៥។ នៅដំណាក់កាលដំបូង មុខងារនេះ មិនទាន់គាំទ្រទំនិញស្រស់ៗ (fresh food) នៅឡើយទេ ហើយទំនិញពីអ្នកលក់ទីបី (third-party sellers) នឹងអាចទិញបាននៅក្នុងដំណាក់កាលក្រោយៗ។ Walmart សង្ឃឹមថា AI នឹងក្លាយជាភ្នាក់ងារ (agent) ឆ្លើយតបស្វ័យប្រវត្តិដូចជាអាចរៀបចំបញ្ជីទិញឲ្យ, រំលឹក, ឬណែនាំអ្វីដែលអ្នកត្រូវការ មុនពេលអ្នកសួរផងដែរ។

គួរជម្រាបថា នេះជាការផ្លាស់ប្តូររបៀបអ្នកទិញទំនិញពីគេហទំព័រទៅកាន់ការពិភាក្សាជាមួយ AI ដូចជា ChatGPT ការធ្វើបែបនេះ គឺស្មើនឹងមានជំនួយការបុគ្គលិកផ្ទាល់ខ្លួនម្នាក់សម្រាប់ទិញទំនិញឲ្យអ្នកបានរាល់ថ្ងៃ។ សមាជិក Sam’s Club អាចទទួលបានអត្ថប្រយោជន៍ពិសេស។ ChatGPT ក៏អាចផ្តល់ជូនការណែនាំផ្ទាល់ខ្លួនអាស្រ័យលើអ្វីដែលអ្នកបានទិញកន្លងមកផងដែរ៕