ត្បូងឃ្មុំ បង្ហាញគម្រោងសាងសង់កីឡដ្ឋានលើផ្ទៃដីជិត ១០ហិកតា ជាមួយទីលានកីឡាជាច្រើន លើសពីបាល់ទាត់

15-10-2025 10:37

(ភ្នំពេញ)៖ ប្រជាពលរដ្ឋ ពិសេសអ្នកស្រលាញ់វិស័យកីឡានៅខេត្តត្បូងឃ្មុំ និងទូទាំងប្រទេស បានសម្ដែងសេចក្ដីអំណរសាទរជាខ្លាំង បន្ទាប់ពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានបង្ហាញគម្រោងសាងសង់កីឡដ្ឋានដ៏ធំ ដែលត្រៀមដំណើរការសាងសង់នាឆ្នាំ២០២៦ ខាងមុខ ជាមួយហេដ្ឋារចនាសម្ព័ន្ធកីឡាជាច្រើន លើសពីបាល់ទាត់។

ប្រភពពីមន្ដ្រីជាន់ខ្ពស់ នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំខាងលើ បានឲ្យដឹងថា កីឡដ្ឋាននេះ គ្រោងដំណើរការសាងសង់នាឆ្នាំ២០២៦ ហើយបញ្ចប់ជាស្ថាពរនា២០២៨ លើផ្ទៃដីប្រហែល ៩,៨ហិកតា ។ ចំពោះហេដ្ឋារចនាសម្ព័ន្ធកីឡា រួមមានទីលានបាល់ទាត់ នឹងត្រូវសាងសង់តាមស្ដង់ដារអន្ដរជាតិ មានទំហំទទឹង ៦៨ម៉ែត្រ បណ្ដោយ ១០៥ ម៉ែត្រ និងប្រើប្រាស់ស្មៅធម្មជាតិ អមជាមួយកន្លែងអង្គុយទស្សនា ដែលអាចផ្ទុកមនុស្សបានជាង ៣ម៉ឺននាក់។

ក្រៅពីទីលានបាល់ទាត់ និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធ ក្នុងបរិវេនកីឡដ្ឋានតំណាងខេត្តត្បូងឃ្មុំនេះ ក៏នឹងមានសាងសង់ទីលានកីឡាអត្តពលកម្ម,បាល់បោះ, បាល់ទះ, ប៉េតង់, សីដក់, វាយសី និងប្រភេទកីឡាជាច្រើនទៀត សម្រាប់ផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋ និងយុវជន បានចូលរួមលេងកីឡា ក្នុងន័យលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាចូលរួមជំរុញការអភិវឌ្ឍវិស័យកីឡាក្នុងខេត្ត និងការជួយលើកមុខមាត់ខេត្តផងដែរ។

ប្រភពខាងលើ បានបញ្ជាក់ថា គម្រោងទាំងមូលនេះ គឺដឹកនាំធ្វើផ្ទាល់ពីសំណាក់លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ដែលមានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ ជាសេនាធិការផ្ទាល់ ជាក់ស្ដែងបច្ចុប្បន្នគម្រោងនេះ កំពុងត្រូវបានយកចិត្តទុកដាក់ និងជំរុញពីលោកអភិបាលខេត្ត ក្នុងការពន្លឿនឲ្យអង្គភាពពាក់ព័ន្ធ បើកដំណើរការសាងសង់ឲ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបានផងដែរ។

គួរដឹងថា ការបង្ហាញប្លង់សាងសង់កីឡដ្ឋានខេត្តត្បូងឃ្មុំនេះ ស្របពេលវិស័យកីឡាក្នុងខេត្តក្មេងខ្ចីមួយនេះ កំពុងមានការអភិវឌ្ឍ និងរីកចម្រើន ដោយមានការចូលរួមយ៉ាងផុសផុលពីសំណាក់ប្រជាពលរដ្ឋ ពិសេសយុវជន ជាក់ស្ដែងតាមរយៈការចូលរួមការប្រកួតកីឡាថ្នាក់ជាតិនានា ត្បូងឃ្មុំ តែងទទួលបានលទ្ធផលល្អប្រសើរ ពិសេសក្រុមបាល់ទាត់តំណាងខេត្ត ដែលធ្លាប់គ្រងជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ខេត្ត ហើយបច្ចុប្បន្នក្រុមបាល់ទាត់នេះ ក៏ទើបបានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត ឆ្នាំ២០២៥/២៦ នេះផងដែរ៕