ផ្លូវការ! តោកំណាចអង់គ្លេស កក់កៅអីទៅ World Cup 2026 មុនគេ ក្នុងនាមក្រុមចេញពីទ្វីបអឺរ៉ុប
15-10-2025 10:36
(បរទេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ដណ្តើមបានកៅអីជុំចុងក្រោយនៃ Word Cup 2026 មុនគេ ក្នុងចំណោម ១៦ក្រុមសរុបចេញពីទ្វីបអឺរ៉ុប ក្នុងដណើរឆ្ពោះទៅអាមេរិក មិចស៊ិក និងកាណាដា។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

តោកំណាចអង់គ្លេស អតីតម្ចាស់ជើងឯក World Cup តែ ១លើកកាលឆ្នាំ១៩៦៦ ក្នុងដីរបស់ខ្លួនផងនោះ បានបំបាក់ម្ចាស់ផ្ទះឡាត់វី ៥ទល់នឹង០ នាយប់មិញនេះ ដែលជាកំណត់ត្រាឈ្នះ ១០០%សម្រាប់ពួកគេលេងវគ្គជម្រុះតំបន់អឺរ៉ុប និងបន្តឈរទីកំពូលតារាងដាច់ប្រចាំពូល K ដោយមាន ១៨ពិន្ទុពេញ តាមពីក្រោយដោយអាល់បានី ដ្បិតនៅសល់ ២ប្រកួតទៀត មុនពេលបិទបញ្ចប់។
នេះក៏ជាលើកទី១៩ ផងដែរសម្រាប់ក្រុមរបស់លោក Thomas Tuchel បង្ហាញខ្លួននៅ World Cup ជុំចុងក្រោយ ដែលបានអវត្តមាន ៣លើកប៉ុណ្ណោះ ក្នុងចំណោម FIFA បានរៀបចំ ២២សម័យរួចមក។
ក្រុមដែលមានលីគអាជីពល្បីល្បាញទូទាំងសកលលោកមួយនេះ ពុំដែលបានឆ្លងចូលផ្តាច់ព្រ័ត្រម្តងណាទៀតឡើយ ក្រោយពេលដណ្តើមបានពាន World Cup 1966 ជាលើកដំបូងរបស់ពួកគេ ដោយបានត្រឹមជាប់លេខ២ តែ ២លើកប៉ុណ្ណោះពោលគឺ World Cup 1990 នៅអ៉ីតាលី និងឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី។
ទោះជាយ៉ាងណា អង់គ្លេស រហស្សនាម «តោ៣ ឬតោកំណាច» មួយនេះ ជាអតីតជើងឯករងប្រចាំទ្វីបអឺរ៉ុប Euro ២ សម័យកាលចុងក្រោយ ដែលបានបរាជ័យក្រោមថ្វីជើងរបស់អ៉ីតាលី និងអេស្ប៉ាញ៕