អតីតភរិយារបស់លោក Jeff Bezos លក់ភាគហ៊ុន Amazon ៤២% ជាង ១២.៥ ពាន់លានដុល្លារ សម្រាប់សប្បុរសធម៌
15-10-2025 11:08
(បរទេស)៖ មហាសេដ្ឋីចិត្តបុណ្យ MacKenzie Scott ដែលជាអតីតភរិយារបស់ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានកាត់បន្ថយចំណែកភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Amazon យ៉ាងគំហុក ដោយបានលក់ចេញរហូតដល់ ៤២% ចាប់តាំងពីឆ្នាំមុនមក។ នេះបើយោងតាមរបាយការណ៍របស់ Bloomberg News ដែលដកស្រង់ចេញពីឯកសារបទប្បញ្ញត្តិថ្មី និងត្រូវបានចេញផ្សាយបន្តដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៥។

តាមរយៈឯកសារដែលបានបង្ហាញចុងក្រោយចុះថ្ងៃទី ៣០ ខែកញ្ញា ការលក់ភាគហ៊ុននេះមានចំនួនប្រមាណ ៥៨ លានហ៊ុន ដែលធ្វើឱ្យតម្លៃនៃការកាត់បន្ថយនេះស្មើនឹងប្រមាណ ១២.៥៥ ពាន់លានដុល្លារ បើគិតតាមតម្លៃបិទទីផ្សារភាគហ៊ុនរបស់ Amazon នៅថ្ងៃអង្គារ។ បច្ចុប្បន្ន លោកស្រី Scott នៅសល់ភាគហ៊ុនចំនួន ៨១.១ លានហ៊ុនប៉ុណ្ណោះនៅក្នុងក្រុមហ៊ុន។
គួរជម្រាបថា ការសម្រេចចិត្តលក់ភាគហ៊ុនដ៏ច្រើនសន្ធឹកនេះ គឺស្របតាមការប្តេជ្ញាចិត្តរបស់លោកស្រី Scott ក្នុងការបន្តសកម្មភាពសប្បុរសធម៌។ គិតមកទល់ពេលបច្ចុប្បន្ន លោកស្រីបានបរិច្ចាគទឹកប្រាក់សរុបជាង ១៩.២៥ ពាន់លានដុល្លារ ទៅកាន់អង្គការមិនរកប្រាក់ចំណេញជាង ២,៤៥០ ក្រុមរួចមកហើយ តាមរយៈគេហទំព័រផ្ទាល់ខ្លួន Yield Giving។ លោកស្រី Scott ទទួលបានភាគហ៊ុន ៤% នៅក្នុង Amazon ដែលមានតម្លៃ ៣៦ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៩ ជាផ្នែកមួយនៃការលែងលះជាមួយលោក Jeff Bezos ហើយលោកស្រីត្រូវបានគេទទួលស្គាល់ថាជាមហាសេដ្ឋីម្នាក់ដែលចំណាយទ្រព្យធនដើម្បីសប្បុរសធម៌យ៉ាងសកម្មបំផុត៕