កំណត់ត្រាសំខាន់នៅ World Cup ដោយពុំទាន់មានក្រុមណាមួយបំបែកបាន, នោះជាអ្វីទៅ?

15-10-2025 11:19

(បរទេស)៖ ដោយមើលឃើញមានគ្រូបង្វឹកបរទេស ៣នាក់បានចូលដឹកនាំក្រុមជម្រើសជាតិធំៗ ជាមួយនឹងស្ថិតិខ្ពស់ ក្នុងការប្រជែងជើងឯក World Cup 2026 ផងនោះ។

តើអ្នកចាត់ការបរទេសរូបណាដែលអាចបំបែក ក្នុងនាមដឹកនាំពុំមែនជាក្រុមប្រទេសរបស់ខ្លួន ដណ្តើមបានពានលំដាប់ពិភពលោក ជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ស្របពេល ២២សម័យកាលមកនេះ នៅពុំទាន់មាននៅឡើយទេ។

ផ្តើមចេញពីសាំបាប្រេស៊ីល ក្រុមខ្លាំងប្រចាំតំបន់អាមេរិកខាងត្បូង (ឡាទីន) និងជាអតីតម្ចាស់ជើងឯក World Cup ៥សម័យកាលច្រើនជាងគេផងដែរ។ ការដណ្តើមបានពាន ៤ឆ្នាំម្តងដល់ទៅ ៥ដងច្រើនជាងគេនេះដែរ គឺសុទ្ធសឹងតែគ្រូបង្វឹកសញ្ជាតិប្រេស៊ីលទាំងអស់ និងមានរយៈពេល ២៣ឆ្នាំមកហើយ ដែលប្រទេសប្រជុំទៅដោយជើងខ្លាំងមួយនេះ ពុំដែលបានម្តងណាទៀតឡើយ គិតចាប់តាំងពីឈ្នះចុងក្រោយកាលឆ្នាំ២០០២ នៅកូរ៉េខាងត្បូង និងជប៉ុនរួចមក។

តើលោក Carlo Ancelotti សញ្ជាតិអ៉ីតាលីអាចធ្វើបានទេ បន្ទាប់ពីដឹកនាំមានកៅអី១ ឡើងទៅលេងជុំចុងក្រោយ វគ្គចែកពូល ៤៨ក្រុមនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដានាឆ្នាំក្រោយ?

ដូចគ្នានោះដែរ លោក Roberto Martinez សញ្ជាតិអេស្ប៉ាញ ដែលកំពុងដឹកនាំក្រុមជម្រើសជាតិបច្ច ខែលព័រទុយ ហ្គាល់ ខិតជិតយកបានកៅអីទៅ World Cup ជំនាន់ទី២៣ ស្របពេលក្រុមខ្លាំងនៅអឺរ៉ុបមួយនេះ ពុំទាន់ឈ្នះពាននេះម្តងណានៅឡើយទេ សូម្បីតែក្បែរ។

នៅចាំបានថា គ្រូបង្វឹក Martinez បានដឹកនាំក្រុមជម្រើសជាតិបិសាចក្រហមប៊ែលហ្សិក ឈរទីកំពូលតារាង FIFA World Ranking ជាច្រើនឆ្នាំ ប៉ុន្តែមិនបានឈ្នះ World Cup ឡើយ បានត្រឹមលេខ៣ ម្តងកាលឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី។

មួយវិញទៀត លោក Thomas Tuchel សញ្ជាតិអាល្លឺម៉ង់ បានរួមចំណែកដឹកនាំអង់គ្លេសយកបានកៅអីវគ្គចែកពូល World Cup ឆ្នាំក្រោយរួចហើយ ដ្បិតនៅសល់ ២ប្រកួតជម្រុះទៀតក៏ដោយប្រចាំតំបន់អឺរ៉ុប។ នេះជាក្រុមជម្រើសជាតិលើកដំបូងដែលបុរសវ័យ ៥២ឆ្នាំដឹកនាំ ក្រោយពេលធ្វើបានល្អក្នុងក្លឹបអាជីពដូចលោក Ancelotti ដែរ។

គួរបញ្ជាក់ផងថា ក្នុងចំណោមអ្នកចាត់ការទូទៅទាំង ៣រូបខាងលើនេះ ពុំមានគ្រូណាមួយធ្លាប់ឈ្នះ World Cup ឡើយ។ ចាំមើលថាតើ ពួកគាត់អាចធ្វើបានដែរ ឬទេ?