អាហ្រ្វិក រកបាន ៩ក្រុមផ្លូវការទៅ World Cup 2026 ដ្បិតកន្លះកៅអីត្រូវចាំលេង Inter-confederation play-off

15-10-2025 11:43

(អាហ្វ្រិក)៖ តំបន់អាហ្វ្រិក រកបាន ៩ក្រុមផ្លូវការហើយ ដើម្បីចេញទៅលេងជុំចុងក្រោយនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 ខណៈកន្លះកៅអីចេញពីតំបន់អាហ្វ្រិកនេះ ត្រូវរង់ចាំលេងវគ្គជម្រុះជុំទី២ សម្រាប់ឈរលេខ២ ល្អជាងគេ ៤ក្រុមបន្តទៀត ។

៩ក្រុមរួមមានជម្រើសជាតិអេហ្ស៊ីប, សេណេហ្គាល, អាហ្វ្រិកខាងត្បូង, ម៉ារ៉ុក, សាធារណរដ្ឋ Cape Verde, កូតឌីវ័រ (Ivory Coast), អាល់ហ្សេរី, ទុយណេស៊ី និងក្រុមហ្គាណា តំណាងក្រុមចេញពីសហព័ន្ធបាល់ទាត់ CAF ទៅប្រជែងពាន World Cup 2026 ដែលមានសហម្ចាស់ផ្ទះរួមគ្នារវាងអាមេរិក កាណាដា និងម៉ិកស៊ិក ចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ។

ក្រុមឈរលេខ ២ល្អ ចេញពីវគ្គជម្រុះតាមពូលតំបន់អាហ្វ្រិកមានក្រុម កាំមេរ៉ូន, កុងហ្គោ, កាបុង និងក្រុមនីហ្សេរីយ៉ា ត្រូវប្រជែងវគ្គជម្រុះ Play-off ដែលត្រូវលេងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកាខាងមុខនេះ នៅប្រទេសម៉ារ៉ុក នឹងត្រូវលេងតែមួយប្រកួតជ្រើសយក ១ក្រុមនឹងឈានទៅលេងវគ្គ Play-off អន្តរសហព័ន្ធនៅខែមីនា ឆ្នាំ២០២៦ ៕